លោក James Mattis រដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកមានប្រសាសន៍កាលពីថ្ងៃពុធថា ស៊ីរីហាក់ដូចជាយកចិត្តទុកដាក់ពីការព្រមានរបស់សហរដ្ឋអាមេរិកដល់ការមិនឲ្យប្រើអាវុធគីមី។
លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកMattisបានមានប្រសាសន៍ដោយនិយាយយោងដល់របបរបស់ប្រធានាធិបតី Bashar al-Assad នៃប្រទេសស៊ីរីថា «ការណ៍នេះបង្ហាញថា ពួកគេបានគិតគូពីការព្រមាននេះ។ ពួកគេមិនបានចាប់ផ្តើមការវាយប្រហារអាវុធគីមីថ្មីណាមួយទេ»។
សេចក្តីថ្លែងការណ៍កាលពីរសៀលថ្ងៃចន្ទពីលោកSean Spicerអ្នកនាំពាក្យសេតវិ មានបានព្រមានប្រធានាធិបតីស៊ីរី Bashar al-Assad ថាប្រសិនបើកងទ័ពរដ្ឋាភិបាលធ្វើការវាយប្រហារអាវុធគីមី ប្រធានាធិបតីអាសាដនិងយោធារបស់លោក នឹងខាតបង់យ៉ាងធ្ងន់ធ្ងរ។ សេចក្តីថ្លែងការណ៍នោះកើតមានឡើងបន្ទាប់ពីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានរកឃើញការប្រុងប្រៀបរៀបចំដ៏ធំមួយសម្រាប់ការវាយប្រហារអាវុធគីមីមួយទៀតនៅក្នុងប្រទេសស៊ីរី ការចោទប្រកាន់ដែលរដ្ឋាភិបាលស៊ីរីបានច្រានចោល។
ការវាយប្រហារកាលពីថ្ងៃទី៤ ខែមេសាទៅលើទីក្រុង Khan Sheikhounដែលកាន់កាប់ដោយពួកប្រឆាំងបានសម្លាប់មនុស្សជាង៨០នាក់ហើយបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីរដ្ឋាភិបាលបរទេស រួមទាំងសហរដ្ឋអាមេរិក។
ថ្លែងពីពិធីមួយក្នុងប្រទេសអាល្លឺម៉ង់ដើម្បីគោរពខួបលើកទី៧០នៃផែនការ Marshall ដើម្បីស្ថាបនាអឺរ៉ុបឡើងវិញបន្ទាប់ពីសង្គ្រាមលោកលើកទី២ លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Mattis ក៏បានរិះគន់ប្រធានាធិបតីរុស្ស៊ី Vladimir Puitnថាបណ្តាលឲ្យគ្រោះថ្នាក់អន្តរជាតិដែរ៕