ពលរដ្ឋហុងកុងចេញទៅបោះឆ្នោតក្រុមប្រឹក្សាសង្កាត់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃអាទិត្យនេះ។ ការបោះឆ្នោតនេះត្រូវគេមើលឃើញជាទូទៅថាជាការធ្វើប្រជាមតិលើការតវ៉ាប្រជាធិបតេយ្យរយៈពេលជាង ៥ ខែកន្លងមក។
ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោតចំនួន ៤ លាន ១ សែននាក់ គេឃើញអ្នកបោះឆ្នោតជាច្រើនសម្រុកចេញមកបោះឆ្នោតដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន ៤៥២ នាក់។ ចលនាប្រជាធិបតេយ្យសង្ឃឹមថា ការបោះឆ្នោតនេះអាចជាការបន្ថែមសម្ពាធលើរដ្ឋាភិបាលហុងកុងដែលគាំទ្រដោយចិនឲ្យយកចិត្តទុកដាក់ចំពោះការតវ៉ាប្រជាធិបតេយ្យរបស់ពួកគេ។
ការតវ៉ាប្រជាធិបតេយ្យនេះបានកើតឡើង បន្ទាប់ពីមានការតវ៉ាដំបូងប្រឆាំងនឹងសំណើច្បាប់បត្យាប័ន។ ការតវ៉ានេះនៅតែបន្ត ទោះបីជាសំណើច្បាប់នេះត្រូវបានមេដឹកនាំទីក្រុងហុងកុងអ្នកស្រី Carrie Lam ដកចេញហើយក៏ដោយ។ អ្នកតវ៉ាមានការព្រួយបារម្ភថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងបង្កើនឥទ្ធិពលរបស់ខ្លួនលើទីក្រុងហុងកុង។
កន្លងមក ក្រុមប្រឹក្សាសង្កាត់ត្រូវបានគ្របដណ្ដប់ដោយកម្លាំងខាងរដ្ឋាភិបាលហុងកុងដែលគាំទ្រដោយចិន។ អ្នកបោះឆ្នោតដែលចង់បានការផ្លាស់ប្ដូរសង្ឃឹមថា នឹងបំបែកឥទ្ធិពលគ្របដណ្ដប់នេះ។
អ្នកស្រី Kwok ដែលជាអ្នកបោះឆ្នោតម្នាក់ និយាយថា៖ «ក្រុមប្រឹក្សាសង្កាត់គ្របដណ្ដប់ដោយឥទ្ធិពលរដ្ឋាភិបាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងចង់ជ្រើសរើសបេក្ខជនប្រជាធិបតេយ្យបន្ថែមទៀតសម្រាប់ក្រុមប្រឹក្សាសង្កាត់»៕