ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​កាល​កំណត់


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Ismail Sabri Yaakob ថ្លែង​សុន្ទរកថា​នៅ​សន្និសីទ​អន្តរជាតិ​មួយ​ស្ដី​អំពី​ "The Future of Asia" ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក Ismail Sabri Yaakob ថ្លែង​សុន្ទរកថា​នៅ​សន្និសីទ​អន្តរជាតិ​មួយ​ស្ដី​អំពី​ "The Future of Asia" ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Ismail Sabri Yaakob បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​កាល​កំណត់ ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​អាណត្តិ​មួយ​ដែល​កាន់តែ​ខ្លាំង​ជាង​មុន​សម្រាប់​គណបក្ស​របស់​លោក ហើយ​នឹង​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​សម្រាប់​ទិដ្ឋភាព​នយោបាយ​ដ៏​រង្គោះរង្គើ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​រយ: ពេល ៤ ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ប្រញាប់ប្រញាល់​របស់​គណបក្ស​កាន់​អំណាច​ម៉ាឡេស៊ី​នៅ​ក្នុង​ការ​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​កាល​កំណត់​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​សេដ្ឋកិច្ច​ដែល​នៅ​កំពុង​រើប​ឡើង​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​នៅ​ឡើយ​បាន​ចាប់ផ្តើម​ជួប​ប្រទះ​ការ​លំបាក​ដោយសារ​តម្លៃ​ទំនិញ​កើនឡើង​និង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក។

ការ​បោះឆ្នោត​នៅ​ម៉ាឡេស៊ី​សម្រាប់​អាណត្តិ​បន្ទាប់​ជា​ផ្លូវការ​គឺ​ចូល​មក​ដល់​នៅ​ខែ​កញ្ញា ឆ្នាំ ២០២៣ ខាង​មុខ ក៏ប៉ុន្តែ​លោក Ismail បាន​រង​សម្ពាធ​កាន់តែ​ខ្លាំង​ពី​ក្រុម​មួយ​ចំនួន​នៃ​គណបក្ស​ចម្រុះ​របស់​លោក​ដែល​ជំរុញ​ឱ្យ​លោក​ធ្វើ​ការ​បោះឆ្នោត​មុន​កាល​កំណត់​ដោយសារតែ​មាន​ជម្លោះ​និង​ការ​ប្រជែង​នៅ​ក្នុង​រង្វង់​គណបក្ស។

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​ផ្សាយ​តាម​ទូរទស្សន៍ លោក Ismailបាន​ថ្លែង​ថា ព្រះមហាក្សត្រ​បាន​យល់ព្រម​តាម​សំណើ​របស់​លោក​ដើម្បី​រំលាយ​សភា​កាលពី​ថ្ងៃ​ចន្ទ ហើយ​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​នេះ​នឹង​ត្រូវ​ប្រកាស​ដោយ​គណ:កម្មការ​រៀបចំ​ការ​បោះឆ្នោត។

ការ​បោះឆ្នោត​នេះ​ត្រូវ​តម្រូវ​ឱ្យ​ធ្វើ​ឡើង​នៅ​ក្នុង​រយ:ពេល ៦០ ថ្ងៃ​បន្ទាប់ពី​សភា​ត្រូវ​បាន​រំលាយ។ ចំនួន​ពលរដ្ឋ​ដែល​ចេញ​មក​បោះឆ្នោត​អាច​មាន​ចំនួន​តិច​ជាង​ប្រក្រតី ប្រសិនបើ​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​គេ​ជ្រើសរើស​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​រដូវ​មូសុង​នៃ​ដំណាច់​ឆ្នាំ​នេះ។

លោក Ismail បាន​បញ្ជាក់​ថា លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោត​មុន​កាល​កំណត់​នេះ​ដើម្បី​បញ្ចប់​ចម្ងល់​នានា​ទាក់ទិន​នឹង​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​របស់​លោក និង​ដើម្បី​ប្រគល់​អំណាច​ឱ្យ​ប្រជាពលរដ្ឋ​វិញ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «អំណាច​របស់​ប្រជាពលរដ្ឋ​គឺ​ជា​ថ្នាំ​បន្សាប​ដ៏​មាន​ឥទ្ធិពល​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្នុង​ការ​សម្ដែង​ឱ្យ​ឃើញ​នូវ​ស្ថិរភាព​នយោបាយ​និង​បង្កើត​នូវ​រដ្ឋាភិបាល​មួយ​ដែល​មាន​ភាព​ខ្លាំងក្លា ស្ថិរភាព និង​ការ​គោរព​នៅ​ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG