ម៉ាឡេស៊ីនឹងផ្ញើកំណត់ទូតតវ៉ាមួយទៅកាន់ប្រទេសហ្វីលីពីនពាក់ព័ន្ធនឹងច្បាប់ថ្មីស្តីពីដែនសមុទ្រហ្វីលីពីន ដោយសារការទាមទារត្រួតគ្នារបស់ប្រទេសទាំងពីរនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមអនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីដែលបាននិយាយនៅថ្ងៃព្រហស្បតិ៍និងត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការតវ៉ានេះ កើតឡើងក្រោយពីមានការតវ៉ាពីប្រទេសចិនជំទាស់ច្បាប់ស្តីពីតំបន់ដែនសមុទ្ររបស់ហ្វីលីពីន និងច្បាប់ស្តីពីគន្លងផ្លូវតាមប្រជុំកោះក្នុងសមុទ្រ។ ហ្វីពីលីនថាច្បាប់ទាំងពីរនេះ មានគោលបំណងពង្រឹងការទាមទារដែនសមុទ្ររបស់ខ្លួននិងគាំពារបូរណភាពទឹកដីរបស់ខ្លួន។
អនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Mohamad Alaminនិយាយថា រដ្ឋាភិបាលបានពិនិត្យឯកសារយោងពាក់ព័ន្ធនឹងច្បាប់របស់ហ្វីលីពីនហើយរកឃើញថាច្បាប់ទាំងពីរនោះប៉ះលើការទាមទាររបស់រដ្ឋ Sabahរបស់ម៉ាឡេស៊ីលើសិទ្ធិកាន់កាប់កោះ Borneo។
លោក Mohamad បានថ្លែងក្នុងរដ្ឋសភាម៉ាឡេស៊ីថា«យើងនឹងផ្ញើកំណត់ទូតតវ៉ានៅថ្ងៃនេះ ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋ Sabah និងអធិបតេយ្យភាពរបស់ប្រទេសយើង»។
ក្រសួងការបរទេសហ្វីលីពីន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយលើបញ្ហានេះទេ។
ប្រទេសហ្វីលីពីន បានទាមទារដោយមិនច្បាល់លាស់សិទ្ធិកាន់កាប់ផ្នែកខាងកើតរដ្ឋ Sabah ដែលមានអាយុកាលតាំងពីសម័យអាណានិគម ប៉ុន្តែកម្រចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយលើបញ្ហានេះ។ តុលាការកំពូលរបស់ហ្វីលីពីន បានសម្រេចនៅឆ្នាំ២០១១ថាហ្វីលីពីនមិនដែលបានបោះបង់ការទាមទារសិទ្ធិកាន់កាប់របស់ខ្លួនទេ៕