ចិនបានកោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីនកាលពីថ្ងៃសុក្រដើម្បីសម្តែងការជំទាស់របស់ខ្លួនចំពោះច្បាប់ថ្មីចំនួន ២ ក្នុងប្រទេសហ្វីលីពីនដែលអះអាងអំពីសិទ្ធិដែនសមុទ្រនិងអធិបតេយ្យលើតំបន់ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលស្រង់ប្រភពពីក្រសួងការបរទេសចិន។
ចិនធ្វើ «ការជំទាស់បែបការទូត» ដល់ឯកអគ្គរដ្ឋទូតហ្វីលីននេះក្នុងពេលមិនយូរប៉ុន្មានបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ស្តីពីតំបន់ដែនសមុទ្រនិងសេចក្តីស្នើច្បាប់ស្តីពីគន្លងផ្លូវប្រជុំកោះសមុទ្រឲ្យក្លាយទៅជាច្បាប់ ដើម្បីពង្រឹងការទាមទារសិទ្ធិដែនសមុទ្រនិងបូរណភាពទឹកដីរបស់ហ្វីលីពីន។
ច្បាប់ស្ដីពីតំបន់ដែនសមុទ្ររបស់ហ្វីលីពីន «បញ្ចូលដោយខុសច្បាប់នូវតំបន់ភាគច្រើននៃកោះ Huangyan និងប្រជុំកោះ Nansha របស់ចិននិងតំបន់ដែនសមុទ្រពាក់ព័ន្ធផ្សេងទៀតទៅក្នុងតំបន់ដែនសមុទ្រហ្វីលីពីន»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning ដែលប្រើឈ្មោះជាភាសាចិនសំដៅលើកោះ Scarborough Shoal និងប្រជុំកោះ Spratly Islands។
លោក Marcos ថា ច្បាប់ទាំងពីរដែលលោកបានចុះហត្ថលេខានោះ ដែលកំណត់សិទ្ធិដែនសមុទ្រនិងកំណត់ផ្លូវសមុទ្រនិងផ្លូវអាកាស គឺជាការបង្ហាញអំពីការតាំងចិត្តប្រកាន់ខ្ជាប់នូវរបៀបរៀបរយដែលផ្អែកលើច្បាប់អន្តរជាតិ និងការតាំងចិត្តការពារសិទ្ធិរបស់ហ្វីលីពីនក្នុងការទាញយកធនធានក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនដោយសន្តិវិធី។
តែចិនថាច្បាប់ទាំងពីរនោះគឺជា «ការរំលោភធ្ងន់ធ្ងរ» ដល់សិទ្ធិទាមទាររបស់ចិនលើតំបន់ដែលភាគីទាំងពីរដណ្តើមគ្នាកាន់កាប់៕