មានបញ្ហាប្រទាំងប្រទើសគ្នាមួយសប្តាហ៍ហើយសម្រាប់លោក Trump។ ពេលថ្លែងទៅកាន់អតីតយុទ្ធជននៅរដ្ឋ Nevada លោកប្រធានាធិបតីថ្លែងអំពីការបង្រួបបង្រួមគ្នា។
«ដល់ពេលផ្សះផ្សាដំបៅដែលធ្វើឲ្យយើងបែកបាក់ហើយ ហើយត្រូវស្វែងរកសាមគ្គីភាពថ្មីដោយផ្អែកលើតម្លៃរួមដែលធ្វើឲ្យយើងសាមគ្គីគ្នា»។
ប៉ុន្តែមួយថ្ងៃមុននេះ ក្នុងការប្រមូលផ្តុំបែបយុទ្ធនាការនៅក្រុង Phoenix លោកប្រធានាធិបតីវាយប្រហារអ្នកប្រឆាំងនយោបាយរបស់លោក និងវាយប្រហារបណ្តាញព័ត៌មាន។
លោកក៏បានការពារការអធិប្បាយរបស់លោកដែលបន្ទោសភាគីទាំងពីរក្នុងការតវ៉ាហិង្សានៅក្រុង Charlottesville នោះដែរ។
«ខ្ញុំមានក្រុមឲ្យតម្លៃឧត្តមភាពស្បែកស ក្រុម Nazis ថ្មីនៅទីនោះ។ ចាំមើលចលនា Ku Klux Klan។ យើងមានក្រុម Ku Klux Klan ទាំងអស់។ ដូច្នេះពួកបណ្តាញព័ត៌មាននឹងមានការលំបាក។ ដូចគេនិយាយយ៉ាងម៉េច? មិនយូរទេ គេនឹងថា ខ្ញុំប្រកាន់ពូជសាសន៍»។
ការជួបជុំរបស់លោក Trump ក៏មានអ្នកប្រឆាំងផងដែរ ដែលមានគ្នាច្រើនឡើង ក្រោយពីបាតុកម្មនៅ Charlottesville។
«ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះសកម្មភាពធ្វើការរបស់បុរសនេះ។ គ្មានអ្វីក្រៅពីការច្របូកច្របល់ទាំងស្រុងនោះទេ»។
តែក្រុមស្នូលដែលគាំទ្រលោក Trump នៅតែគាំទ្រលោកខ្លាំងក្លា។
«លោកប្រធានាធិបតីអស្ចារ្យ។ លោកធ្វើត្រូវ។ លោកធ្វើត្រូវគ្រប់យ៉ាង»។
លោក Allan Lichtman ជាអ្នកប្រវត្តិសាស្ត្រនិយាយថា ព្រឹត្តិការណ៍នៅទីក្រុង Charlottesville មិនជួយឲ្យមានសំឡេងគាំទ្រសម្រាប់លោក Trump ដែលធ្លាក់ចុះប្រជាប្រិយភាពស្រេចទៅហើយនោះទេ។
«បើប្រៀបធៀបនឹងប្រធានាធិបតីដទៃទៀត ប្រជាប្រិយភាពរបស់លោក Trump ធ្លាក់ចុះ»។
អ្នកវិភាគ Hans Noel បានសម្ភាសន៍ជាមួយ VOA តាម Skype ដោយនិយាយថា អ្នកគាំទ្រលោក Trump ទទួលស្គាល់ថា លោកប្រធានាធិបតីមានអាកប្បកិរិយាក្អេងក្អាង។
«លោក Trump មិនមានជំនាញចំពោះរបៀបដោះស្រាយបញ្ហាខាងទស្សនៈ ដូចអ្នកនយោបាយភាគច្រើនធ្វើនោះទេ។ តែសម្រាប់អ្នកខ្លះ គេមើលឃើញថា បុគ្គលិកលក្ខណៈនេះធ្វើឲ្យគេចាប់អារម្មណ៍ហើយលោក Trump មិនចាំបាច់ធ្វើអ្វីដែលពលរដ្ឋនិយាយនោះទេ។ លោក មិនធ្វើដូចអ្វីដែលអ្នកដទៃធ្វើនោះទេ»។
លោក Larry Sabato និយាយជាមួយ VOA តាម Skype ថា ភាពតានតឹងកើនឡើងរវាងលោក Trump និងមេដឹកនាំគណបក្សសាធារណរដ្ឋនៅសភា អាចនាំឲ្យមានបញ្ហា។
«ត្រូវមានគំនិតផ្តួចផ្តើមនៅសភាក្នុងចំណោមអ្នកសាធារណរដ្ឋ។ គណបក្សនេះកាន់កាប់ទាំងសភា និងរដ្ឋសភា ហើយពួកគេជាអ្នកសម្រេចក្នុងការបោះឆ្នោតខាងមុខ។ លោកប្រធានាធិបតី Trump នឹងមិនមានឈ្មោះក្នុងសន្លឹកឆ្នោតទេនៅឆ្នាំ២០១៨។ ពួកតំណាងរាស្ត្រជាអ្នកឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យនៅឆ្នាំ២០១៨»។
ការស្ទង់មតិថ្មីរបស់ Quinnipiac បង្ហាញថា សំឡេង៦២%យល់ថា លោក Trump ជាអ្នកនាំឲ្យបែកបាក់ ហើយសំឡេង៣១%យល់ថា លោកជាអ្នកបង្រួបបង្រួម។
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ