អ្នកតំណាងរាស្ត្រប្រទេសម៉ាដាហ្គាស្កា (Madagascar) បានបោះឆ្នោតសម្រេចបើកផ្លូវឲ្យធ្វើការចោទប្រកាន់ប្រធានាធិបតី ដែលជាសកម្មភាពអាចធ្វើឲ្យប្រទេសនេះបរាជ័យក្នុងកិច្ចប្រឹងប្រែងធ្វើឲ្យមានស្ថិរភាព ក្រោយពីមានជម្លោះអស់ពេលច្រើនឆ្នាំ។
ការសម្រេចធ្វើការចោទប្រកាន់លោក Hery Rajaonarimampianina ត្រូវបានអនុម័តដោយសំឡេងសមាជិកសភា១២១លើ១២៥ ដែលបានបោះឆ្នោតនៅថ្ងៃពុធនេះ។ ឥឡូវការសម្រេចចោទប្រកាន់លោកប្រធានាធិបតី Rajaonarimampianina នេះត្រូវមានការយល់ព្រមពីតុលាការធម្មនុញ្ញជាមុនសិន ទើបអាចអនុវត្តបាន។
លោកប្រធានាធិបតី Rajaonarimampianina បានចូលកាន់អំណាចក្នុងខែមករាឆ្នាំ២០១៤ ក្រោយពីប្រទេសម៉ាដាហ្គាស្កាធ្វើការបោះឆ្នោតជាលើកទីមួយតាមលទ្ធិប្រជាធិបតេយ្យតាំងពីឆ្នាំ២០០៦មក។ ពេលនោះគេសង្ឃឹមថា ការកាន់អំណាចរបស់លោកនឹងបញ្ចប់ការច្របូកច្របល់ខាងនយោបាយ ក្រោយពីលោក Marc Ravalomanana ប្រធានាធិបតីកាន់តំណែងមុនលោកត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារក្នុងឆ្នាំ២០០៩។
តែអ្នករិះគន់លោក Hery Rajaonarimampianina និយាយថា លោកដឹកនាំមិនបានជោគជ័យទេក្នុងអាណត្តិរបស់លោក ដូច្នេះលោកត្រូវតែចេញពីតំណែង៕