ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​ដ៏យូរ​បង្ហាញ​ថា​ការថតឆ្លុះ​មើលដោះ​ហៅ​ mammogram​ កាត់បន្ថយ​ការស្លាប់​ដោយ​ជំងឺ​មហារីកដោះ


គិលានុបដ្ឋាយិកាជួយអ្នកជំងឺ​រៀប​ចំ​ខ្លួន​ថត​ X-ray​ ដោះ​ ហៅ​ Mammogram។
គិលានុបដ្ឋាយិកាជួយអ្នកជំងឺ​រៀប​ចំ​ខ្លួន​ថត​ X-ray​ ដោះ​ ហៅ​ Mammogram។

ការសិក្សា​ដ៏ធំ​និង​យូរ​ជាងគេមួយ​មកទល់​សព្វថ្ងៃ​នេះ​ អំពី​ប្រសិទ្ធភាព​ នៃ​ការថត​ឆ្លុះមើល​ដោះ​ហៅ​mammogram​ បង្ហាញថា​មាន​ការកាត់​បន្ថយ​មួយ​ ភាគបី​ នៅ​ក្នុង​ចំនួន​នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក​ដោះ​ក្នុង​ចំណោម​ស្ត្រីដែល​បាន​ថតឆ្លុះ​ទៀងទាត់​ ជាមួយ​ការពិគ្រោះ​ពិនិត្យ​ដោយ​ការប្រើ​កាំ​រស្មីអ៊ិច​ ឬ​ x-ray។

លទ្ធផល​ចេញ​ពី​ការសិក្សា​មួយ​នៃ​ប្រទេស​ស៊ុយអែដ​អស់​រយៈ​២៩ឆ្នាំ​ ដែល​ចូលរួម​ដោយ​ស្ត្រី​ចំនួន​១៣ម៉ឺន​៣ពាន់នាក់​ មាន​អាយុ​រវាង​ពី៤០​ទៅ៧៤ឆ្នាំ​ផ្តល់​នូវ​អ្វី​ដែល​ក្រុម​អ្នកស្រាវជ្រាវ​និយាយ​ថា​ជា​ភស្តុតាង​ប្រាកដ​ប្រជា​ ដែល​ថា​ស្ត្រី​ដែល​ថតឆ្លុះ​ដោះ​ដោយ​ទៀងទាត់ ​ទំនង​ជា​កាត់បន្ថយ​ការសា្លប់​ដោយ​ជំងឺ​មហារីក​ដោះ​យ៉ាងច្រើន។

ការសិក្សា​បាន​ចាប់ផ្តើម​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ ប្រៀបធៀប​លទ្ធផល​របស់​ស្ត្រី​នៅ​ក្នុង​ស្រុកពីរ​នៅ​ប្រទេស​ស៊ុយអែដ​ ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ថតឆ្លុះ​សុដន់​ដោយ​ទៀងទាត់​ ទៅនឹង​លទ្ធផល​នៃ​ស្ត្រី​ដែល​មិន​បាន​ណែនាំ​ណាមួយ​ រួមមាន​ទាំង​ថាតើ​ពួកគេ​ គួរ​បានពិនិត្យ​សុដន់​ឬត្រូវពិនិត្យ​ញឹកញាប់​ប៉ុណ្ណា​ ឬថាតើ​ត្រូវ​ពិនិត្យ​ដោះ​ដោយ​ខ្លួន​ឯង​ដូចម្តេច​ខ្លះ។

លោក​ Stephen Duffy​ សាស្ត្រាចារ្យ​ខាង​ការពិនិត្យ​រោគមហារីក​នៅ​សាកល​វិទ្យាល័យ​ Queen Mary​ នៃ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស​ ជា​អ្នកនិពន្ធ​នាំមុខគេ​នៃ​ការសិក្សា​ដែល​បាន​បញ្ចប់​នៅក្នុង​ឆ្នាំ​២០០៦។ លោក Duffy មាន​ប្រសាសន៍​ថា៖

«លទ្ធផល​សំខាន់​បំផុត​នោះ​ គឺ​ការកាត់​បន្ថយ​៣០​ភាគរយមួយ​ នៅក្នុង​ការស្លាប់​ដោយ​ជំងឺ​មហារីកដោះ​ នៅក្នុង​ចំណោម​ស្ត្រី​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅពិគ្រោះ​ពិនិត្យ​ជំងឺ​មហារីកដោះ។​ ការ​កាត់បន្ថយ​៣០ភាគរយ​នោះ​ត្រូវបាន​ពិនិត្យ​ដោយ​ជាប់លាប់​លើ​រយៈ​ពេល​ដ៏យូរ​មួយ​ រហូត​ដល់ទៅ​ការវិភាគ​ថ្មីៗ​បំផុត​នៃ​រយៈពេល​២៩​ឆ្នាំ»។

ប៉ុន្តែ​លោក​ Duffy​ និយាយ​ថា​ផលប្រយោជន៍​ទាំងស្រុង​នៃ​ការពិនិត្យ​សុដន់​ បើ​និយាយ​អំពី​ចំនួន​ពិត​ប្រាកដ​នៃ​ជីវិត​ដែល​បាន​សង្គ្រោះ​នោះ​ បាន​កើន​ឡើង​តាំង​ពី​ពេល​កន្លង​មក។

«នៅ​ពេលណា​លោកអ្នក​ពិនិត្យ​ជំងឺ​មហារីកដោះ​ នៅ​ពេលណា​លោកអ្នក​ពិនិត្យ​ជំងឺ​មហារីក​ណាមួយ​ លោកអ្នក​មិនមែន​ទប់ស្កាត់​ការស្លាប់​ដែល​នឹងអាច​កើត​មាន​នៅ​ថ្ងៃស្អែក​ឬ​នៅ​ឆ្នាំ​ក្រោយទេ។​ លោកអ្នក​កំពុង​ទប់ស្កាត់​ការស្លាប់​ដែល​អាច​នឹង​មកដល់​នៅពេល​ច្រើនឆ្នាំ​ទៅ​ខាងមុខ​ទៀត»។

ដប់ឆ្នាំ​ក្រោយពី​ការសិក្សា​បាន​ចាប់ផ្តើម​ធ្វើ​ លោក​ Duffy​ មាន​ប្រសាសន៍ថា​ ការស្លាប់​ចំនួន​៧១​នាក់​ ត្រូវបាន​ទប់ស្កាត់​ដោយ​ការពិនិត្យ​ថតឆ្លុះ​សុដន់​ហៅ​mammogram។​ នៅ​ឆ្នាំ​ទី២៩​ លោក​និយាយថា​ការពិនិត្យ​mammogram​ បាន​សង្គ្រោះ​ជីវិត​មនុស្ស​១៥០​នាក់។

ដូច្នេះ​តើ​ស្ត្រី​គួរ​បន្ត​ការពិនិត្យ​ដោះ​ដោយធ្វើ​ mammogram​ យូរ​ប៉ុណ្ណា​ទៅ​ ដើម្បី​ការពារ​ទល់នឹង​ជំងឺ​មហារីកដោះ?​ លោក​ Duffy​ មានប្រសាសន៍ថា​ ពិបាក​និយាយ​ណាស់។

«ស្ត្រី​ខ្លះ​ដែល​មាន​អាយុ​លើសពី​៧០ឆ្នាំ​ មាន​បញ្ហា​សុខភាព​ច្រើន​ ហើយ​ជំងឺ​មហារីក​ដោះ​ ជា​បញ្ហា​តូច​ជាងគេ។​ ស្ត្រីខ្លះ​ មាន​អាយុ​លើសពី​ ៧០ឆ្នាំ​មាន​សុខភាព​ល្អ​ហើយសកម្ម​ ចំពោះ​អ្នក​ទាំងនោះ​ ការពិនិត្យ​ដោះ​ដោយ​ធ្វើ mammogram​ ប្រហែលជា​នៅ​តែមាន​ប្រយោជន៍​ដដែល​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ម្នាក់ៗ​ខុស​គ្នា»។

ការសិក្សា​នេះ​និយាយ​ពិស្តារ​យ៉ាង​លំអិតមួយ​អំពី​ផលប្រយោជន៍​នៃ​ការពិនិត្យ​ដោះ​ដោយ​ធ្វើ​ mammogram​ បាន​រកឃើញ​នៅក្នុង​ការសិក្សា​នៅ​ស្រុកពីរ​នៃ​ប្រទេស​ស៊ុយអែដ​ មាន​បោះពុម្ភផ្សាយ​នៅក្នុង​ទស្សនាវដ្តី​ឈ្មោះ​ Breast​ Imaging​ ស្តី​ពី​ការឆ្លុះ​សុដន់។

ប្រែសម្រួល​ដោយ​ នុច សារីតា

XS
SM
MD
LG