ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជីវិត​ជនចំណាកស្រុក​៩០០​នាក់​នៅ​បុស្ន៊ី ស្ថិត​ក្នុង​ហានិភ័យ ខណៈ​បញ្ហា​ជម្រក​បន្ត​ជាប់គាំង


ជនចំណាកស្រុក មើល​ទៅ​ទាហាន​បូស្ន៊ី​បោះតង់​នៅ​ជំរំ Lipa នៅ​ប្រទេស​បុស្ន៊ី កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១។
ជនចំណាកស្រុក មើល​ទៅ​ទាហាន​បូស្ន៊ី​បោះតង់​នៅ​ជំរំ Lipa នៅ​ប្រទេស​បុស្ន៊ី កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

ជនចំណាក​ស្រុក​ ជនភៀសខ្លួន និង​អ្នកស្វែងរ​កសិទ្ធិ​ជ្រកកោន ៩០០​នាក់​បាន ត្រូវបាន​ជាប់​ជាង​មួយ​សប្តាហ៍​នៅ​ក្បែរជំរំអាសន្ន​ Lipa ភាគខាងជើង​ប្រទេស​បុស្ន៊ី។ ពួកគេ​បាន​រស់នៅ​ក្នុង​ស្ថានភាព​យ៉ាប់​យឺន​ ដោយ​ព្យាយាមទប់ទល់​នឹង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង ចាប់​តាំង​ពី​អគ្គិភ័យ​ធំ​មួយ ​បាន​ឆេះ​បំផ្លាញ​ជំរំ​ដែល​ពួកគេ​បាន​រស់នៅ។

អ្នក​នាំពាក្យ​ផ្នែក​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិអ្នកស្រី Ravina Shamdasani ប្រាប់​វីអូអេ​ថា ផែនការ​ដើម្បី​បញ្ជូន​អ្នក​ដែល​រស់នៅ​ក្នុង​ជំរំ​ពី​មុនទៅកាន់​ទីតាំងសមរម្យ​បណ្តោះអាសន្ន​មួយ​ បានបរាជ័យ។​ អ្នក​ស្រី​និយាយ​ថា​ ដោយសារ​តែអ្នក​រស់នៅទីនោះ រៀបចំ​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ដោយអាជ្ញាធរ​ក្នុង​តំបន់។

អ្នកស្រី Shamdasani ថ្លែងថា៖

«ភាពជាប់គាំង​នៅ​តែ​បន្ត។ ពួកគេ​បន្តស្ថិត​នៅ​ទីខាងក្រៅ​ដោយ​គ្មាន​កន្លែង​ជ្រក​កោន​គ្រប់គ្រាន់​ក្នុង​ស្ថានភាពត្រជាក់។ ដូច្នេះ​យើង​កំពុង​ស្នើ​ទៅកាន់​អាជ្ញាធរ​ដើម្បីធានា​ថា ​មនុស្ស​ទាំង​នោះ​ ត្រូវ​បាន​ការពារ។ ហើយ​ទទួល​បានជម្រក​គ្រប់គ្រាន់ និង​ស្ថានភាព​រស់នៅ​ត្រឹម​ត្រូវ​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​បុស្ន៊ី​និង​ហឺហ្សេ​ហ្គូវីណា»។​

អង្គការ​មនុស្ស​ធម៌​ភ័យខ្លាច​ថា ស្ថានភាព​ជាប់គាំង​ដែល​កំពុង​បន្ត​និងវោហារសាស្ត្រ​បែប​ប្រទូស្តរាយ ​អាច​បង្កើន​ការស្អប់​ជនបរទេស។

អ្នក​ស្រី Shamdasani ពណ៌នាថា ​ក្រុម​ដែល​ស្នាក់នៅ​ជំរំ​ពីមុន ​គឺជាក្រុម​ចម្រុះ​ដែល​មក​ពី​អាហ្រ្វិក មជ្ឈឹមបូព៌ា​ និង​អាស៊ី។ អ្នក​ស្រី​និយាយ​ថា អ្នក​ខ្លះ​ ជា​ជនភៀស​ខ្លួន​ដែល​ត្រូវបាន​ទទួល​ស្គាល់ អ្នក​ឯទៀត​ គឺ​ជនចំណាកស្រុក​ខុសច្បាប់ និង​ខ្លះទៀត​កំពុង​ស្វែង​រក​សិទ្ធិជ្រក​កោន។​

«ប៉ុន្តែ​ចំណុចសំខាន់ គឺ​ថា​ពួកគេ ​គឺ​ជាមនុស្ស​ដូចគ្នា ​មិនថាពួកគេ​គ្រោង​នឹង​ស្នាក់នៅ​ប្រទេស​បុស្ន៊ីនិងហឺហ្សេហ្គូវីណា មិនថា​ពួកគេ​ឆ្លងកាត់បុស្ន៊ីនិង​ហឺហ្សេ​ហ្គូវីណា ព្យាយាម​ចូល​ទៅ​ផ្នែក​នានា​នៃ​តំបន់អឺរ៉ុប​ ពួកគេ​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ដែនដី​បុស្ន៊ីនិង​ហឺហ្សេ​ហ្គូវីណា។ ដូច្នេះ រដ្ឋាភិបាល​មាន​ទំនួល​ខុស​ត្រូវ​ដើម្បីធានា​ថា​ពួកគេ​ទទួល​បាន​ជម្រក​គ្រប់គ្រាន់​និងសិទ្ធិមនុស្ស​របស់ពួកគេ​ត្រូវ​បាន​ការពារ»។​

អង្គការ​ជំនួយ​នានា​និយាយ​ថា ត្រូវ​មាន​សកម្មភាព​ជា​បន្ទាន់​ដើម្បី​បញ្ចប់​ភាព​ជាប់គាំង​ដោយសារ​ជម្លោះ​រវាង​អាជ្ញាធរ​និង​ពលរដ្ឋ​ក្នុង​ស្រុក និង​សម្រួល​ការ​រងទុក្ខ​របស់​មនុស្ស​រាប់​រយ​នាក់ដែល​បាន​រងគ្រោះ​ខ្លាំង​ពន់ពេក៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG