ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានភាពសិទ្ធិមនុស្សរបស់​​​ប្រទេស​ទាំងតូចតាច​និង​ប្រទេស​មហា​អំណាច​ នឹង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អង្គការ​សហប្រជាជាតិ​


រូបឯកសារ៖ ទិដ្ឋភាពនៃអង្គប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ ទិដ្ឋភាពនៃអង្គប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

ដំណើរការ​ពិនិត្យ​ជា​សាកល​ទៅ​លើ​ប្រវត្តិសិទ្ធិ​មនុស្ស ​(Universal Periodic Review ឬ UPR) គឺ​ជាដំណើរការ​ត្រួតពិនិត្យ​ពិសេស​មួយ ទៅ​លើ​កំណត់ត្រា​សិទ្ធិ​មនុស្ស​របស់​ប្រទេស​សមាជិក​ទាំង ១៩៣ របស់​អង្គការសហប្រជាជាតិ មិនថា ប្រទេស​តូចតាច ឬប្រទេស​មាន​ឥទ្ធិពល​នោះ​ទេ។

បណ្តា​ប្រទេស​សមាជិក​ទាំងអស់​បាន​ចូលរួម​ក្នុង​ដំណើរការ​នេះយ៉ាងហោចណាស់ចំនួន​ពីរ​ដង ចាប់តាំង​ពីកិច្ចប្រជុំនៃ​ការ​ពិនិត្យ​ជា​សាកល​ទៅ​លើ​ប្រវត្តិ​សិទ្ធិ​មនុស្ស​ UPR បាន​ចាប់​ផ្តើមឡើងលើកដំបូង​កាល​ពី​ឆ្នាំ​ ២០០៨។ ឥឡូវ​នេះ ​កំណត់ត្រា​សិទ្ធិ​មនុស្សរបស់ប្រទេស​សមាជិក ​អ.ស.ប ទាំងអស់ ​នឹង​ត្រូវ​ទទួលបានការ​ត្រួត​ពិនិត្យ​សាជាថ្មី​ជា​លើក​ទី ៣។​

ជោគជ័យ​មួយ​នៃ​ដំណើរ​ការ​ពិនិត្យ​ជា​សាកល​ទៅលើ​ប្រវត្តិសិទ្ធិ​មនុស្ស​ UPR គឺ​ថា ដំណើរការ​នេះ​មាន​ការ​ចូលរួម​ ១០០ ​ភាគរយ ​ពី​បណ្តា​ប្រទេស​សមាជិកនៃ ​អ.ស.ប។ អ្នកនាំពាក្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ អ.ស.ប​ លោក Rolando Gomez និយាយ​ថា ដំណើរ​ការ​ពិនិត្យ​ជា​សាកល​ ទៅ​លើ​ប្រវត្តិ​សិទ្ធិ​មនុស្ស UPR គឺ​ជាឱកាស​មួយ​សម្រាប់​បណ្តា​រដ្ឋ​ផ្សេងៗ ដើម្បី​បង្ហាញពី​ការ​វិវត្ត​ទៅ​មុខ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​ ដែល​សម្រេច​បាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។​

​លោក​ Gomez យល់ស្រប​ថា ប្រទេស​ខ្លះ​ប្រហែល​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ប៉ុន្តែលោក​បាន​បន្ថែម​ថា មិនមាន​ប្រទេស​ណាមួយ​មាន​កំណត់ត្រារំលោភបំពាន​សិទ្ធិ​មនុស្ស​អាក្រក់​ហួសហេតុ​នោះ​ទេ។ ហើយ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ទាំងអស់​អាច​មាន​លទ្ធភាព​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន។ លោក​បាន​ប្រាប់ VOA ថា នេះគឺ​ជា​បុព្វសិទ្ធិ​របស់​រដ្ឋមួយ​ថា ​តើ​រដ្ឋ​នេះនឹង​ជ្រើសយក​ការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្សនៅ​ក្នុង​បែបផែន​ពិតប្រាកដ​មួយ ​ឬ​ទេ។

លោក​ Gomez បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖​ «ប្រសិន​បើ​ក្នុង​ករណី​ណា​មួយ​ពួកគេ​មិន​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្សក្នុងប្រទេស​របស់​ពួកគេ ​នៅក្នុង​បែបផែន​ប្រាកដ​ប្រជា​មួយ​ណា​នោះ​ទេ គឺ​ថា មាន​ប្រទេស​ផ្សេង​ទៀតដែល​ចូលរួម នឹង​លើក​យក​បញ្ហា​ទាំង​នោះ​ មក​និយាយ។ ពួកគេ​នឹងមិន​ខកខានឱកាស​នៅ​ក្នុង​ការ​ឆ្លងកាត់​កិច្ចប្រជុំនៃ​ការ​ពិនិត្យ​ជា​សាកល​ទៅ​លើ​សិទ្ធិ​មនុស្ស​នោះទេ។ ហើយ​ពួកគេ​ក៏​មិនអាច​បិទបាំង​ការ​រំលោភបំពាន​ផ្សេងៗ ​ដែល​កំពុង​ប្រព្រឹត្ត​ឡើង​ដែរ។ ជាមួយ​នឹង​សមាជិក​ភាព ​ខ្ញុំ​សូម​ចង្អុល​បង្ហាញ​ថា ពួកគេ​មិន​អាច​គេច​ផុត​ពី​ការ​ត្រួតពិនិត្យ​នៅ​ក្នុង​ទម្រង់ណា​មួយ​ឡើយ»។

លោក Gomez បាន​លើកឡើង​ថា មាន​រឿង​ល្អៗ​កើត​ចេញ​ពី​ដំណើរការ​នេះ។ លោក​កត់សម្គាល់​ថា ប្រជាពលរដ្ឋ​ទូទៅ​ទទួល​បាន​ផលប្រយោជន៍ពី​ការ​អនុវត្ត​ផ្សេងៗ​ដោយ​រដ្ឋ​ដែល​ត្រូវ​បាន​ណែនាំ​នៅ​ក្នុង​កិច្ចប្រជុំនៃ​ការ​ពិនិត្យ​ជា​សាកល​ទៅ​លើ​ប្រវត្តិ​សិទ្ធិ​មនុស្ស។ ជា​ឧទាហរណ៍ លោក​បាន​និយាយ​ថា អត្រា​អក្ខរកម្ម​បាន​កើន​ឡើង​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន សាសនា​របស់​កុលសម្ព័ន្ធ​ភាគ​តិច​ត្រូវ​បាន​អនុម័ត​ដោយ​បទបញ្ជា​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត ហើយ​លក្ខខណ្ឌ​នៅ​ក្នុង​ពន្ធនាគារ​ ក៏​មាន​ភាព​ប្រសើរឡើង​ផង​ដែរ។

លោក Gomez បាន​បន្ត​ថា សហរដ្ឋអាមេរិក​បាន​ចូលរួម​យ៉ាងសកម្ម ​នៅ​ក្នុង​ដំណើរការ​កិច្ចប្រជុំនៃ​ការ​ពិនិត្យ​ជា​សាកលតាមការ​កំណត់ បើ​ទោះ​បី​ជា​បាន​បោះបង់​កៅអី​របស់​ខ្លួន​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក៏​ដោយ។ លោក​បាន​លើកឡើង​ថា សហរដ្ឋអាមេរិក​នឹង​ត្រូវ​ទទួល​ការ​ត្រួតពិនិត្យ​លើ​ប្រវត្តិ​សិទ្ធិ​មនុស្ស​ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។

«ខ្ញុំ​អាច​ប្រាប់​អ្នក​បានតាម​របាយការណ៍​ផ្សេងៗ ​ដែល​អាច​រក​បាន​ជា​សាធារណៈ​ ទាក់ទិន​នឹង​ការ​ត្រួតពិនិត្យ​ស្ថានភាព​ពលរដ្ឋ​ដែល​មាន​ដើមកំណើត​អាហ្វ្រិក ការ​រើសអើង​ពូជសាសន៍ ការ​រើសអើង​ជា​ទូទៅ ភាព​ឃោឃៅ​របស់​ប៉ូលិស ទាំង​នេះ​ជា​បញ្ហា​មួយ​ចំនួន ដែល​នឹង​ត្រូវ​លើកឡើង​នៅ​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​នេះ»។

លោក Gomez បាន​បន្ថែមថា បញ្ហា​ដទៃ​ទៀត​ ដូចជា ស្ថានភាព​ជនចំណាកស្រុក​នៅ​សហរដ្ឋអាមេរិក​ ក៏​នឹង​ត្រូវ​លើក​យក​មក​និយាយ​ផង​ដែរ។ ​ដោយសារ​តែ​វិបត្តិជំងឺកូវីដ១៩ លោក​និយាយ​ថា ភាគច្រើន​នៃ​ប្រទេស​ចូលរួម ​នឹង​ផ្តល់​សក្ខីកម្ម​ពី​ចម្ងាយ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​បាន​បន្តថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​សេចក្តីថ្លែងការណ៍មួយ​ផង​ដែរ៕

ប្រែសម្រួល​ដោយ​ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG