លោក ហ៊ុល រស្មី នៃ VOA បានរាយការណ៍ថា មកដល់ថ្ងៃត្រង់នេះ ពុំទាន់មានសេចក្តីរាយការណ៍អំពីភាពមិនប្រក្រតីធ្ងន់ធ្ងរដែល រំខានដល់ការបោះឆ្នោត នោះទេ។ នេះបើយោងតាមការបញ្ជាក់ពីក្រុមអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។ ក្រុមអ្នកឃ្លាំមលើបានបញ្ជាក់ថា អ្នកបោះឆ្នោតមួយចំនួនអត់មានអត្តសញ្ញាណបណ្ណ និងមានករណីមិនអនុញ្ញាតិឲ្យអ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនចូលទៅក្នុងបន្ទប់សង្កេតការណ៍។ លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្សហៅកាត់ថា (Central) ដែលកំពុងឃ្លាំមើលការបោះឆ្នោតជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀត ថ្លែងប្រាប់វីអូអេពីបន្ទប់ស្ថានការណ៍បោះឆ្នោតថា មានករណីគំរាមកំហែងលើអ្នកសង្កេតការណ៍ នៅស្រុកលើកដែក ខេត្តកណ្តាល។
សេចក្តីរាយការណ៍បឋមរបស់អង្គការតម្លាភាពកម្ពុជា៖ ការចូលរួមនៃភ្នាក់ងារគណបក្សនយោបាយតាមដានការបោះឆ្នោតទាំងអស់ រួមមាន ៩៤ភាគរយ នៃភ្នាក់ងារគណបក្សប្រជាជនកម្ពុជា ៩៤ភាគរយ នៃភ្នាក់ងារគណបក្សសង្គ្រោះជាតិ និង៤៦ភាគរយ នៃគណបក្សដទៃទៀត។ ព័ត៌មានលម្អិតនៅត្រង់នេះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព្រមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា ដែលបានប្រើប្រាស់ប្រព័ន្ធអនឡាញ «ធ្វើការផ្សព្វផ្សាយវាយប្រហារទៅលើគណបក្សផ្សេងទៀត»។ ការណ៍នេះ ត្រូវបាន គ.ជ.ប ចាត់ទុកថាជា «ការរំលោភច្បាប់ទាំងស្រុង»។
សេចក្តីរាយការណ៍បឋមរបស់អង្គការតម្លាភាពកម្ពុជា បានរកឃើញថា ៨៨ភាគរយ នៃការិយាល័យទាំងអស់បោះឆ្នោតទាំង៤១១ ក្នុង២៥ខេត្ត និងក្រុង បានបើកទាន់ពេលវេលា។ ៩៨ភាគរយ នៃសម្ភារៈសំខាន់ មានវត្តមាននៅពេលបើកការិយាល័យបោះឆ្នោត ហើយជាពិសេស ៩៩.៨ភាគរយ នៃការិយាល័យបោះឆ្នោត គេឃើញមានវត្តមានរបស់ភ្នាក់ងារគណបក្សនយោបាយផ្សេងៗ។ ព័ត៌មានលម្អិតនៅត្រង់នេះ។