សូមមើលទិដ្ឋភាពនៃថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧។
បេក្ខជនប្រកួតប្រជែងយកតំណែងចៅសង្កាត់ឫស្សីកែវ លោកស្រី ច័ន្ទ សំណាង បង្ហាញក្តីសង្ឃឹម៨០ភាគរយថា លោកស្រីនឹងឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃអាទិត្យនេះ។ លោកស្រីបានឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងសង្កាត់ឫស្សីកែវ កាលពីឆ្នាំ២០០៧ តែចាញ់ការបោះឆ្នោតនៅឆ្នាំ២០១២វិញ។ ទោះជាយ៉ាងណា លោកស្រីថាលោកស្រីនឹងឈ្នះការបោះឆ្នោតសម្រាប់អាណត្តិនេះ ដោយសារក្នុងការឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិឈ្នះគណបក្សប្រជាជនកម្ពុជា ជាង៣ពាន់សំឡេង សម្រាប់សង្កាត់ឫស្សីកែវ។
លោក ស៊ុន ណារិន នៃ VOA បានរាយការណ៍មកថា ចៅសង្កាត់បច្ចុប្បន្ន គឺលោក មូល វីរៈ បានឈរឈ្មោះជាបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា បានបដិសេធមិនផ្តល់បទសម្ភាសន៍ជាមួយ VOA ដោយលោកថាមិនមានពេលវេលា។ គួរបញ្ជាក់ថា សង្កាត់ឫស្សីកែវ មាន១១អាសនៈ និងអ្នកចុះឈ្មោះបោះឆ្នោតជាង១៥០០០នាក់។ គណបក្សនយោបាយបីបានចូលប្រកួតប្រជែងយកតំណែងចៅសង្កាត់ ក្នុងនោះមានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យផងដែរ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកសារព័ត៌មានថា បរិយាកាសនៃការបោះឆ្នោត ព្រឹកនេះមានលក្ខណៈ «ប្រសើរជាងអាណត្តិមុន» ប៉ុន្តែលោកថា ចាំមើលដំណើរការបញ្ចប់សព្វគ្រប់សិនសឹមវាយតម្លៃតាមក្រោយ។ លោក កឹម សុខា បានប្រាប់អ្នកសារព័ត៌មាននៅក្រៅការិយាល័យបោះឆ្នោតថា គណបក្សសង្គ្រោះជាតិចង់ជាប់ឆ្នោត ប្រកបដោយភាព «ថ្លៃថ្នូរ និងឈ្នះដោយកិត្តិយស» ហើយលោកបន្តថា «ប្រជាពលរដ្ឋលោកបានសម្រេចចិត្តហើយ»។ លោក អូន ឆេងប៉រ នៃ VOA បានចុះយកព័ត៌មាននៅការិយាល័យបោះឆ្នោតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានបោះឆ្នោតរួចហើយ ដោយលោកថ្លែងប្រាប់អ្នកកាសែតថា លោកមានសង្ឃឹមថាគណបក្សរបស់លោកអាចឈ្នះ៦០ភាគរយនៃសំឡេងឆ្នោត។