ញូដេលី ប្រទេសឥណ្ឌា៖ កំហឹងកំពុងកើនឡើង ចំពោះការកាត់ទោសវេជ្ជបណ្ឌិតផ្នែកកុមារជាតិឥណ្ឌាម្នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទពាក់ព័ន្ធនឹងក្រុមអ្នកកាន់លទ្ធិម៉ៅនិយម។
លោកវេជ្ជបណ្ឌិត ប៊ីណាយ៉ាក សេន (Binayak Sen) ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះកិច្ចការរបស់លោកក្នុងការធ្វើឲ្យប្រសើរឡើងដល់សុខភាពក្មេង និងទារកក្រីក្របំផុតមួយចំនួននៅឥណ្ឌា។ ឥឡូវនេះសំណុំរឿងរបស់លោក គឺជាចំណុចប្រទាញប្រទង់នៃការជជែកដេញដោលគ្នាមួយអំពីតម្លៃជាមូលដ្ឋានរបស់ឥណ្ឌា។
ញាត្តិមួយចុះផ្សាយនៅសប្តាហ៍នេះ ដោយលោក ណម ឆមស្គី (Noam Chomsky) សាស្ត្រាចារ្យសាកលវិទ្យាល័យសហរដ្ឋអាមេរិក និងក្រុមអ្នកសិក្សាស្រាវជ្រាវ ក្រុមអ្នកកាសែត និងក្រុមអ្នកផលិតភាពយន្តសំខាន់ៗរបស់ឥណ្ឌាចំនួន៨១នាក់បានថ្កោលទោសការកាត់ទោសលោកវេជ្ជបណ្ឌិត ប៊ីណាយ៉ាក សេន ឲ្យជាប់គុកមួយជីវិតនោះថាជា “ភាពសាហាវ”។
លោកវេជ្ជបណ្ឌិត ប៊ីណាយ៉ាក សេន ជាគ្រូពេទ្យកុមារម្នាក់ដែលបានចំណាយពេលច្រើនទសវត្សរ៍ ធ្វើការជាមួយអ្នកក្រីក្របំផុត នៅក្នុងតំបន់ខាងកើតនៃប្រទេសឥណ្ឌា ជាពិសេសនៅក្នុងរដ្ឋមួយចំនួនដែលក្រុមបះបោរម៉ៅនិយមដ៏ឃោរឃៅ បានសម្លាប់មនុស្សអស់ច្រើនពាន់នាក់ចាប់តាំងពីក្រុមនេះ បានកើតឡើងនៅក្នុងឆ្នាំ១៩៦៧មក។ លោកវេជ្ជបណ្ឌិត ប៊ីណាយ៉ាក សេន ត្រូវបានចាប់ខ្លួននៅឆ្នាំ២០០៧ ហើយបានជាប់ពន្ធនាគារពីរឆ្នាំមុននឹងត្រូវបានដោះលែងឲ្យនៅក្រៅឃុំដោយបង់ប្រាក់ធានា។ លោកត្រូវបានកាត់ទោសកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១០ ដោយតុលាការក្នុងស្រុកមួយ ដោយចោទលោកថា បានបញ្ជូនសារមួយទៅឲ្យមេដឹកនាំម៉ៅនិយមដែលជាប់ពន្ធនាគារម្នាក់ ហើយបានជួយក្រុមម៉ៅនិយមមួយ បើកគណនីធនាគារ។ លោកបដិសេធការចោទប្រកាន់នោះ ហើយក្រុមអ្នកគាំទ្រនិយាយថា ភស្តុតាងប្រឆាំងនឹងលោក មានតាំងពីកំហុសស្រាលទៅដល់កំហុសប្រឌិតទាំងស្រុង។
ជនជាតិឥណ្ឌាមួយចំនួនពណ៌នាពួកអ្នកបះបោរថា ជាភេរវជន ហើយជឿថា ការអនុវត្តច្បាប់គួរមានភាពទូលំទូលាយ ដែលអាចកាត់ទោសអ្នកទាំងនោះ និងអ្នកពាក់ព័ន្ធ។ ទោះជាយ៉ាងណា ការតវ៉ាទាំងឡាយបានផ្ទុះឡើងទូទាំងប្រទេសឥណ្ឌា ដើម្បីប្រឆាំងនឹងភាពយង់ឃ្នងនៃសាលក្រមពិសេសនេះ។ លោក រ៉ាជីនឌ័រ សាចារ (Rajinder Sachar) អតីតចៅក្រមនៃតុលាការជាន់ខ្ពស់របស់ទីក្រុង ញូដេលី បានចូលរួមការប្រមូលផ្តុំមួយនៅក្នុងទីក្រុងនោះ នៅសប្តាហ៍នេះ ហើយនិយាយថា សាលក្រមនោះបានធ្វើឲ្យលោកមានអារម្មណ៍អាម៉ាស់មុខនឹងពាក់ព័ន្ធជាមួយនឹងប្រព័ន្ធតុលាការ។ លោកហៅសាលក្រមនោះថា គួរឲ្យអស់សំណើច និងហួសប្រមាណ ហើយលោកនិយាយថា សាលក្រមនេះកំពុងធ្វើឲ្យវឹកវរដល់បរិយាកាសនៃភាពមិនអត់ឱនមួយនៅក្នុងប្រទេសឥណ្ឌា។
លោក សាចារ ជាអតីតប្រធាននៃក្រុមសិទ្ធិមនុស្សឥណ្ឌាមួយឈ្មោះថា សហភាពប្រជាពលរដ្ឋដើម្បីសេរីភាពជនស៊ីវិល(People’s Union for Civil Liberties) ដែលលោកវេជ្ជបណ្ឌិត សេនជាអនុប្រធាន។ កិច្ចការរបស់លោកវេជ្ជបណ្ឌិត សេន ជាមួយនឹងក្រុមនោះ និងអង្គការនៃសហគមន៍មួយដែលលោកបានបង្កើតជាមួយភរិយាលោក ធ្វើឲ្យលោកទទួលបានពានរង្វាន់Jonathan Mann Award ដ៏ល្បីល្បាញពីក្រុមប្រឹក្សាសុខភាពសកលក្នុងឆ្នាំ២០០៨។ ក្រុមជ័យលាភីរង្វាន់ ណូបែល ២២នាក់បានជំរុញឲ្យដោះលែងលោកជាបណ្តោះអាសន្នពីពន្ធនាគារ ដើម្បីទៅទទួលរង្វាន់នៅរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានបដិសេធ។អង្គការសិទ្ធិមនុស្ស Amnesty International ឲ្យដឹងថា សាលក្រមកាត់ទោសលោកវេជ្ជបណ្ឌិត សេន “ចំអកឲ្យយុត្តិធម៌” និងបង្ហាញថា លោកវេជ្ជបណ្ឌិត សេន មិនដែលទទួលខុសត្រូវដោយផ្ទាល់ពីបទប្រព្រឹត្តិអំពើឃោរឃៅទេ។ នៅក្នុងការជាមួយក្រុម Amnesty កាលពីឆ្នាំមុន លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញារបស់លោកចំពោះមធ្យោបាយសន្តិវិធី។ លោក សេន ថ្លែងថា៖
«យើងយល់ឃើញថា សកម្មភាពយោធាមិនត្រឹមត្រូវតាមច្បាប់ ឬមិនមែនជាវិធីមួយគួរឲ្យចង់បានទេ... យើងចង់ចេញឲ្យផុតពីការវិលវល់នៃអំពើឃោរឃៅ....អំពើឃោរឃៅរបស់រដ្ឋ ប្រឆាំងនឹងអំពើឃោរឃៅនៃអ្នកម៉ៅនិយម....យើងមិនយល់ស្របជាមួយនឹងទម្រង់ណាមួយនៃអំពើឃោរឃៅ ដែលត្រូវបានអនុវត្តក្នុងពេលនេះនៅក្នុងតំបន់នោះទេ»។
អង្គការ Amnesty International ព្រមានថា សាលក្រមនោះនឹងបំភ័យយ៉ាងធ្ងន់ធ្ងរដល់ក្រុមសកម្មជនដទៃទៀតដែលស្វែងរកដំណោះស្រាយដោយសន្តិវិធីឲ្យដល់ភាពក្ររបស់ប្រទេសឥណ្ឌា។
លោកស្រី មីនាកស្ស៊ី ហ្កានហ្គូលី (Meenakshi Ganguly) នាយិការនៃអង្គាការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំអាស៊ីខាងត្បូងមានប្រសាសន៍ថា សាលក្រមនោះ លើកឡើងនូវសំណួរអំពីតម្លៃគោលរបស់ឥណ្ឌា។ លោកស្រីមានប្រសាសន៍ថា៖
«ឥណ្ឌាមានកត្តាពីរ ដែលខ្លួនអះអាងថា ជាជោគជ័យធំបំផុតរបស់ខ្លួនក្នុងលទ្ធិប្រជាធិបតេយ្យ។ កត្តាទីមួយគឺប្រព័ន្ធយុត្តិធម៌របស់ខ្លួន និងទីពីរគឺជាសេរីភាពដែលអនុញ្ញាតឲ្យសង្គមស៊ីវិលរបស់ខ្លួនដំណើរការ។ រឿងក្តីពិសេសនេះ ពិតជាផ្ទុយនឹងកត្តាទាំងពីរនេះ។»
លោកស្រីមានប្រសាសន៍ថា ច្បាប់ចែងពីការនាំបំបះបំបោរ និងសន្តិសុខដែលត្រូវបានប្រើក្នុងការកាត់ទោសលោកវេជ្ជបណ្ឌិត សែន នោះស្រពិចស្រពិល ហើយជួនកាលអាចងាយនឹងយកមកប្រើខ្លាំងណាស់។
ក្រុមសមាជិកគ្រួសាររបស់លោកវេជ្ជបណ្ឌិត សេន និយាយថា ពួកគេនឹងប្តឹងឧទ្ធរណ៍រឿងក្តីរបស់លោកប៊ិណាយ៉ាក សេន ទៅតុលាការជាន់ខ្ពស់មួយនៅខែក្រោយ ហើយនឹងឡើងទៅតុលាការកំពូលទៀតបើចាំបាច់។
ប្រែសម្រួលដោយ នុច សារីតា