ក្រុមមន្ត្រីបស្ចិមប្រទេសបានសាទរ ចំពោះការរត់ចាកចេញរបស់រដ្ឋមន្រ្តីក្រសួងការបរទេសលីប៊ីដែលជាសញ្ញាមួយបង្ហាញថារដ្ឋាភិបាលរបស់លោក ម៉ូម៉ារ៍ ហ្គាដាហ្វី (Moammar Gadhafi) កំពុងតែបែកបាក់។ ទោះជាយ៉ាងនេះក្តីកងកម្លាំងរបស់លោក ហ្គាដាហ្វី បានខិតខំប្រឹងប្រែងវាយបកវិញយ៉ាងខ្លាំងក្លាដែលបានរុញច្រានកងកម្លាំងប្រឆាំងឲ្យថយក្រោយវិញ។ ការរត់ចាកចេញរបស់លោករដ្ឋមន្រ្តីការបរទេសគឺជាប្រភពឯកសារស៊ើបការណ៍សម្ងាត់ដ៏មានសក្តានុពលអំពីរដ្ឋាភិបាលលីប៊ី។
មុនពេលចូលកាន់កាប់ការងារជាមន្ត្រីការទូតជាន់ខ្ពស់របស់ប្រទេសលីប៊ី លោក ម៉ូសា គូសា (Moussa Koussa) គឺជាប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ លីប៊ី ដែលបានធ្វើឲ្យរូបលោកក្លាយទៅជាបុគ្គលជាន់ខ្ពស់បំផុតមួយរូបនៅក្នុងចំណោមមន្រ្តីជាន់ខ្ពស់បំផុតដែលនៅជុំវិញលោក ហ្គាដាហ្វី។ លោកស្រី រឺវ៉ា បាឡា (Reva Bhalla) អ្នកវិភាគប្រចាំតំបន់មជ្ឈិមបូព៌ាដែលធ្វើការជាមួយក្រុមហ៊ុនស៊ើបការណ៍សម្ងាត់ឯកជនឈ្មោះ ស្ត្រាតហ្វ (Stratfor) និយាយថា ប្រការនេះបានធ្វើឲ្យការរត់ចាកចេញរបស់លោក គូសា គឺជាការចំណេញផ្នែកព័ត៌មានស៊ើបការណ៍សម្ងាត់ដ៏ធំមួយសម្រាប់បស្ចិមប្រទេស។
«នេះគឺមនុស្ស ដែលរាល់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់បស្ចិមប្រទេសមានឯកសារយ៉ាងច្រើនអំពីរូបគាត់។ និយាយឲ្យចំទៅគាត់ដឹងរហូតថាគេបានកប់សាកសពទុកនៅកន្លែងណា។ ដូច្នេះ គាត់មានព័ត៌មានយ៉ាងច្រើនសម្បើមដែលមានប្រយោជន៍សម្រាប់ដៃគូចម្រុះនៅក្នុងការស្វែងរកចំណុចខ្សោយរបស់ ហ្គាដាហ្វី»។
អតីតមន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក សេអ៊ីអា លោក អេមីល ណែកលេស (Emile Nakhleh) និយាយថា លោក គូសា គឺនៅចំចំណុចកណ្តាលនៃរាល់ការធ្វើសេចក្តីសម្រេចចិត្តលើគោលនយោបាយដែលធ្វើឡើងដោយលោកវរសេនីយឯក ហ្គាដាហ្វី ហើយលោកបានដឹងយ៉ាងច្បាស់អំពីការងារទាំងឡាយរបស់រដ្ឋាភិបាលហ្គាដាហ្វី។
«ខ្ញុំគិតថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះនៅក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងទៅនេះលោកប្រហែលជាមនុស្សដ៏ជិតស្និទបំផុតម្នាក់នៅក្នុងចំណោមមនុស្សដ៏ជិតស្និទបំផុតរបស់ហ្គាដាហ្វី។ ហើយវាមិនមែនត្រឹមតែរឿងជិតស្និទ គឺជិតស្និទទៅនឹងអំណាចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជាប់ពាក់ព័ន្ធថែមទៀតផង។ លោកបានជាប់ពាក់ព័ន្ធនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តជាច្រើន គឺសេចក្តីសម្រេចចិត្តចម្បងៗទាំងឡាយ ទាក់ទងទៅនឹងប្រទេស លីប៊ី គឺទាំងសេចក្តីសម្រេចចិត្តល្អនិងអាក្រក់ ប្រសិនបើអ្នកពិនិត្យមើលទៅ»។
លោក គូសា បានដឹកនាំការចរចាជាមួយបស្ចិមប្រទេស ក្នុងការធ្វើឲ្យប្រទេសលីប៊ី បោះបង់ចោលនូវកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួន ដោយផ្តូរជាមួយនឹងការដកចេញនូវការដាក់ទណ្ឌកម្មពីអន្តរជាតិ។ ប៉ុន្តែ ក្រុមអ្នកវិភាគនិយាយថា ក្នុងនាមជាប្រធានផ្នែកសន្តិសុខរបស់ប្រទេសលីប៊ី លោកក៏មានជាប់ពាក់ព័ន្ធជាមួយនឹងការណ៍ដែលលីប៊ីគាំទ្រភេរវកម្មផងដែរ។
លោក គូសា បានលេចមុខនៅក្នុងប្រទេសអង់គ្លេស ដែលក្រុមអ្នកវិភាគនិយាយថា ការរត់ចាកចេញរបស់លោកអាចត្រូវបានត្រួសត្រាយឡើងដោយភ្នាក់ងារស៊ើបការណ៍សម្ងាត់អង់គ្លេសដែលហៅកាត់ជាភាសាអង់គ្លេសថា អ៊ឹមអាយ៦ (MI-6)។ លោកក៏ធ្លាប់ជាឯកអគ្គរដ្ឋទូត លីប៊ី ប្រចាំនៅក្នុងប្រទេសអង់គ្លេសនៅក្នុងឆ្នាំ១៩៨០ផងដែរ។
នៅក្នុងការប្រកាសពីការរត់ចោលជួររបស់លោកគូសា លោករដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស វីលៀម ហេក (William Hague) បានចាត់ទុកការរត់ចាកចេញនេះ ថាជាសញ្ញាមួយដែលបង្ហាញថា លោក ហ្គាដាហ្វី កំពុងតែបាត់បង់ការគាំទ្រយ៉ាងលឿន។
«ការលាលែងពីតំណែងរបស់លោកបង្ហាញថា របបរបស់ ហ្គាដាហ្វី ដែលត្រូវបានមើលឃើញថាបានចាញ់ប្រៀបយ៉ាងដំណំទៅក្រុមប្រឆាំង គឺមានភាពបែកបាក់ ស្ថិតនៅក្រោមសម្ពាធ និងមានភាពប្រេះឆាពីខាងក្នុង។ ហ្គាដាហ្វី ត្រូវសួរខ្លួនឯងថា អ្នកណាដែលជាមនុស្សបន្ទាប់ ដែលនឹងបោះបង់ចោលលោក»។
ក្រុមមន្រ្តី លីប៊ី ផ្សេងទៀត ត្រូវបានរាយការណ៍មកថាបានរត់ចាកចេញ។ ប៉ុន្តែ លោកស្រី រីវ៉ា បាឡា បានចង្អុលបង្ហាញថា របាយការណ៍ស្តីពីការចាកចេញទាំងនោះមួយចំនួន បានបង្ហាញថាគឺជាការរាយការណ៍ខុស ហើយលោកស្រីបានព្រមានចំពោះការយល់ច្រើនហួសហេតុពេក អំពីប្រការដែលថា ហ្គាដាហ្វី កំពុងតែបាត់បង់អំណាច។
«ខ្ញុំគិតថា ការរត់ចាកចេញជាទូទៅគឺត្រូវបាននិយាយពន្លើសនៅក្នុងចំណែកណាមួយ។ មានវោហាសាស្រ្តជាច្រើន ដែលចេញមកពីរដ្ឋធានីនៃប្រទេសក្នុងទ្វីបអឺរ៉ុប និងរដ្ឋធានីវ៉ាស៊ីនតោន ដែលបាននិយាយថា មែនហើយនេះគឺជាសញ្ញាដ៏ច្បាស់ជាងគេបំផុតមួយ ដែលថា ហ្គាដាហ្វី គឺត្រូវបានទុកឲ្យឯកោទាំងស្រុង ហើយថាថ្ងៃចុងក្រោយរបស់គាត់នឹងមកដល់នាពេលឆាប់ៗ។ ពិតណាស់ ហ្គាដាហ្វី គឺស្ថិតនៅក្នុងស្ថានភាពលំបាកមួយ។ ប៉ុន្តែ ខ្ញុំមិនគិតថា ស្ថានភាពរបស់គាត់ មានសភាពធ្ងន់ធ្ងរដូចដែលមនុស្សមួយចំនួនបានពណ៌នានោះទេ»។
អេមីល ណែកលេស និយាយថា ការចាកចេញដ៏ពិតប្រាកដដែលត្រូវសម្លឹងមើល នោះគឺជាការចាកចេញណាមួយនៃកូនប្រុសរបស់ ហ្គាដាហ្វី។ លោកមានប្រសាសន៍ថា នេះនឹងជាសញ្ញាចង្អុលបង្ហាញដ៏ច្បាស់ជាងគេបំផុតដែលថាមេដឹកនាំ លីប៊ី ពិតជាដល់ថ្ងៃដួលរលំដ៏ពិតប្រាកដ៕
ប្រែសម្រួលដោយ ឌី ខាំបូលី