ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ផ្លូវ​ច្បាប់​គំរាម​កំហែង​ការ​ស៊ើបអង្កេតរបស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​នៅកេនយ៉ា​


តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ប្រទេស​កេនយ៉ា​។
តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ប្រទេស​កេនយ៉ា​។

ទី​ក្រុង​ណៃរ៉ូប៊ី៖​ ខណៈ​ពេល​ដែល​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរជាតិ​ (ICC) ទៅ​លើ​អំពើ​ហឹង្សា​ក្រោយ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០០៨​បាន​បន្ត​ ក្រុម​ប្រឆាំង​បាន​ប្រើ​ប្រាស់​ច្បាប់​របស់​ប្រទេស​កេន​យ៉ា​កាន់​តែ​ច្រើន​ឡើង​ ដើម្បីធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​កិច្ច​ការ​របស់​តុលាការ។

ទោះ​បី​ជា​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រធានាធិបតី​ និង​នាយក​រដ្ឋ​មន្រ្តីនៃ​ប្រទេស​កេន​យ៉ា​យ៉ាង​ណា​ក្តី​ រដ្ឋ​អជ្ញា​តុលាការ​ ICC​ លោក​ ល្វី​ ម៉ូរ៉េនណូ​ អូកាំប៉ូ​ (Luis​ Moreno​-Ocampo)​ បាន​ប្រឈម​មុខ​នឹង​ឧបសគ្គថ្នាក់​ខ្ពស់​ជា​ច្រើន​ នៅ​ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយនេះ​ នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​ ដើម្បី​នាំ​យក​អ្នក​រៀប​ចំ​ធ្វើ​ឲ្យ​មាន​ភាព​ចលាចលនៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុងឆ្នាំ​២០០៨​ ទៅ​កាន់ទី​ក្រុង​ឡាអេ។

ព្រឹត្តិការណ៍​ចុង​ក្រោយ​នៃ​ការ​មិន​សប្បាយចិត្ត​នេះ​ គឺ​សំណើរ​របស់​លោក​ដើម្បី​សុំ​ឯកសារ​ទាំង​ឡាយ ​ដែល​រៀប​រាប់​លម្អិត​អំពី​កិច្ច​ប្រ​ជុំសន្តិ​សុខ​ជាន់​ខ្ពស់​បំផុត​ ក្នុង​កំឡុង​ពេល​នៃ​អំពើ​ហឹង្សា។​ សារពត៌មាន​ the​ Daily​ Nation​ រាយការណ៍​ថា ​រដ្ឋាភិបាល​កំពុងពិចារណា​អំពី ​ការ​ផ្អឹប​ទុកពត៌មាន​អំពី​កិច្ច​ប្រជុំ​ក្នុង​ពេល​ប៉ុន្មាន​នាទី ​ដែល​មាន​ធ្វើនៅ​មុន ​និង​នៅ​ពេល​មាន​វិបត្តិ​នោះ។

លោក​ Moreno​-Ocampo ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើប​អង្កេត​របស់​លោក​អំពី​ចលាចល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ បន្ទាប់​ពី​គ្មាន​សកម្មភាព​អ្វី​ទាំង​អស់​ជិត​ពីរ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កេនយ៉ា។​ លេខា​ធិការ​នៃ​អង្គការ​សង្គម​ច្បាប់​របស់​ប្រទេស​កេនយ៉ា​ លោក​ អាប៉ូឡូ​ អ៊ឹមបូយ៉ា​ (Apollo​ Mboya)​ បាន​មាន​ប្រសាសន៍​ថា​ ឧបសគ្គ​ដែល​រដ្ឋ​អជ្ញា​កំពុង​តែ​ជួប​ប្រទះ​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើ​ញ​ថា​ យន្ត​ការ​អន្តរជាតិ​សម្រាប់​យុត្តិ​ធម៌​មួយ​គឺ​ត្រូវ​ការ​ជា​ចាំ​បាច់។​ លោកអ៊ឹម​បូ​យ៉ា បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រឆាំង​ជំទាស់​ដែល​លោក​រដ្ឋ​អជ្ញា​ ម៉ូរ៉េន​ណូ​ អូ​កាំ​ប៉ូ​ កំពុង​តែ​ប្រឈម​មុខ​ គឺ​មិន​មាន​អ្វី​គួរ​ឲ្យភ្ញាក់​ផ្អើល​នោះ​ទេ។

«នេះ​គឺ​ជា​អ្វី​ដែល​យើង​បាន​រំពឹង​ទុក។​ អកប្បកិរិយា​បែប​នេះ​ ជា​អ្វី​ដែល​យើង​អាច​ធ្វើ​ការ​ទស្ស​ទាយ​បាន។​ យើង​បាន​រំពឹង​ថា ​វា​នឹងទៅ​របៀប​នេះ។​ ប៉ុន្តែ​ ទោះ​បី​ជា​មិនមាន​ភស្តុតាង​សំខាន់ៗ​ផ្សេងៗ​ទៀត​ ដែល​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ​តម្រូវ​ឲ្យ​មាន​ក៏​ដោយ​ ក៏​យើង​គិតថា​ភស្តុ​តាង​ដែល​មាន​នៅ​ទី​នោះ ​គឺ​មានគ្រប់​គ្រាន់​សម្រាប់​នាំ​យក​ជន​ទាំង​នោះ ​ទៅ​កាត់​ទោស​ចំពោះ​បទ​ឧក្រិដ្ឋ​ ដែល​ពួក​គេ​បាន​ប្រ​ព្រឹត្ត»។

លោក​អ៊ឹម ​បូ​យ៉ា​ បាន​ប្រាប់​វ៉ីអូអេ​ថា​ ជា​ដំបូង​ រដ្ឋាភិបាល​ត្រូវ​បង្ចំ​ឲ្យ​បង្ហាញ​ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ថា​ កំណត់​ហេតុ​អង្គ​ប្រជុំ​ដែល​ស្នើ​សុំ​ដោយ​រដ្ឋ​អជ្ញា​ នឹង​នាំ​ដល់​ការ​ខូច​ខាត​ចំពោះ​សន្តិសុខ​ជាតិ​ ប្រសិន​បើ​ឯកសារ​ទាំង​នោះ​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ។​ លោក​អ៊ឹម ​បូយ៉ា​ បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ករណី​នេះ​ កិច្ច​ព្រម​ព្រៀង​មួយ​អាច​នឹង​ត្រូវ​សម្រេច​បាន​ ដើម្បី​រក្សា​ការ​សម្ងាត់​នៃ​ឯកសារ​ទាំង​នេះ​ ហើយ​នៅ​តែ​អាច​ប្រ​គល់​ឯកសារ​ទាំងនោះ​ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​បាន​ថែម​ទៀត។

ក្រុម​រដ្ឋ​អជ្ញា​ក៏​បាន​ជួប​ប្រទះ​នូវ​ការ​ប្រឆាំង​ប្រហាក់​ប្រហែល​នេះ​ ពី​សំណាក់​ប៉ូលីស​កេន​យ៉ា​ដែរ។​ នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​ពិនិត្យ​មើល​ការ​ឆ្លើយ​តប​របស់​ប៉ូលីស​ ទៅ​លើ​ចលាចលនៅ​ក្នុង​ការ​បោះ​ឆ្នោត​ ក្រុម​របស់​លោក​រដ្ឋ​អជ្ញា​ ម៉ូរ៉េន​ណេ​ អូកាំប៉ូ​ បាន​ស្នើ​សុំ​សេចក្តីថ្លែង​ការណ៍​ពី​អគ្គ​ស្នងការ​និង​មន្រ្តី​ប៉ូលីស​ខេត្ត។​ រដ្ឋ​មន្រ្តីក្រសួង​យុត្តិធម៌​ប្រទេស​កេន​យ៉ា​ បាន​ចេញ​សេចក្តី​បង្គាប់​ ដល់​ជន​ដែលត្រូវ​បាន​កោះ​ហៅ​ ឲ្យអនុវត្ត​តាម​ការ​ស្នើ​សុំ​របស់​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ។​ ប៉ុន្តែ​ អគ្គ​ស្នង​ការ​និង​មន្រ្តី​ប៉ូលីស​បាន​បដិសេធ​ ដោយ​អះអាង​ថា ​ការ​ស្នើសុំ​នេះ​ រំលោភ​ទៅ​លើ​ច្បាប់​របស់​ប្រទេស​កេន​យ៉ា។

មាន​ការ​ជឿ​ជាក់​ថា​ ក្រុម​ប៉ូលីស​ដែល​ត្រូវ​បាន​កោះ​ហៅ​ កំពុង​ព្យាយាម​គេច​ចេញ​ពី​ការ​រង​កំហុសរបស់​អ្នក​ដទៃ​ ចំពោះ​អំពើ​ហឹង្សា។​ លោក​អ៊ឹម​ បូយ៉ា​ និយាយ​ថា​ ការ​បដិសេធ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ការ​ជំទាស់​ទៅ​នឹង​ការ​ស៊ើប​អង្កេត​នេះ​ គឺ​មាន​នៅ​ក្នុង​ចំណោម​មន្រ្តី​រដ្ឋាភិបាល​ថ្នាក់​ខ្ពស់ៗ។

«ខ្ញុំ​គិត​ថា​ បញ្ហា​នេះ​គឺ​ដោយ​សារ​ថា​ ពួក​គេ​មាន​អារម្មណ៍​ថា​ ពួក​គេ​គឺ​ជា​អ្នក​ដែល​ត្រូវ​ធ្វើ​ពលិកម្ម។​ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​ពួក​គេ​ធ្វើ​ដូច្នេះ។​ រដ្ឋបាល​ខេត្ត​ត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ខុទ្ទកាល័យ​របស់​លោក​ប្រធានា​ធិបតី។​ ដូច្នេះ ​ទោះ​បី​ជា​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​បាន​ចេញ​សេចក្តី​បង្គាប់​ច្បាស់​លាស់​យ៉ាង​ណា​ក៏​ដោយ ​ក៏​បុគ្គល​ចម្បងដែលត្រូវ​ផ្តល់​អំណាច​ឲ្យ​ពួក​គេ​ទៅ​និយាយ​ គឺ​ខុទ្ទ​កាល័យ​របស់​លោក​ប្រធានាធិបតី​ឯ​ណោះ​វិញ​ទេ។​ សេចក្តី​បង្គាប់​របស់​រដ្ឋ​មន្រ្តីក្រសួង​យុត្តិធម៌​ គ្រាន់​តែ​ជា​ការ​បិទ​បាំង​ថា​ «ខ្ញុំ​បាន​ធ្វើ​រឿង​នេះ​រួច​ហើយ» ​ប៉ុណ្ណោះ​ ប៉ុន្តែ​យើង​ដឹង​ថា​ មនុស្ស​ទាំង​នេះ​នឹង​មិន​រាយការ​ទៅលោករដ្ឋ​មន្រ្តីក្រសួង​យុត្តិធម៌នោះ​ទេ។​ ពួក​គេ​រាយការ​ទៅ​ឲ្យ​ខុទ្ទកាល័យ​របស់​លោក​ប្រធានាធិបតី​ តាម​រយៈ​ក្រសួង​សន្តិសុខ​ផ្ទៃ​ក្នុង»។

លោក​រដ្ឋអជ្ញា​ ម៉ូរ៉េនណូ​ អូកាំប៉ូ​ កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ដែល​កើត​មាន​ឡើងនៅ​ក្រោយការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កេនយ៉ា​ ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០០៧។​ នៅ​ពេល​នោះ​ លោក​ប្រធានាធិបតី​ អ៊ឹមវៃ​ គីបាគី​ (Mwai​ Kibaki)​ ដែល​ជា​គូ​ប្រជែង​របស់លោក​នាយក​រដ្ឋ​មន្រ្តី​ រ៉េលឡា​ អូ​ឌីងហ្គា​ (Raila​ Odinga)​ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ អំពី​ការ​បន្លំ​សន្លឹក​ឆ្នោត​ ដែល​បាន​បង្ក​ឲ្យ​មាន​អំពើ​ហឹង្សា​ទៅ​លើ​ជាតិ​ពន្ធុ​នៅ​ទូទាំង​ប្រទេស។​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​មួយ​ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ និង​បី​សែន​នាក់​ត្រូវ​ផ្លាស់​ទី​លំនៅ​ក្នុង​កំឡុង​ពេល​ពីរ​ខែ​បន្ទាប់​មក​ទៀត។

លោក​ ម៉ូរ៉េនណូ​ អូកាំប៉ូ​ និយាយ​ថា​ ការ​ស៊ើប​អង្កេត​របស់​លោក​ផ្តោត​ទៅ​លើជន​ទាំង​ឡាយ​ណា​ ដែលរួម​គំនិត​បង្ក​និង​ប្រ​ព្រឹត្ត​អំពើ​ហឹង្សា។​ លោក​រដ្ឋអជ្ញា​គ្រោង​លើក​យក​សំណុំ​រឿង​ចំនួន​ពីរ ​ប្រឆាំង​នឹង​ជន​សង្ស័យ​បី​រូប​ នៅ​ពេល​លោក​បង្ហាញ​ភស្តុតាង​ទៅ​តុលាការ​នៅ​ទី​ក្រុង​ឡាអេ​នៅ​ខែ​ធ្នូ៕

ប្រែ​សម្រួល​ដោយឌី ខាំបូលី

XS
SM
MD
LG