ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីនិង​គ្រូបង្រៀន​នៅ​ប្រទេស​កាមេរូន​ទាមទារ​ឲ្យ​មាន​ការ​ប្រើ​ភាសា​អង់គ្លេស​ឲ្យ​បាន​ច្រើន​នៅ​តំបន់​និយាយ​ភាសា​អង់គ្លេស


ក្មេងៗ​កាន់​សាសនា​ឥស្លាមស្ថិត​នៅ​ក្នុង​ថ្នាក់​រៀន​ភាសាមួយ​នៅ​ក្នុង​ទីក្រុង​យុនដេ​ ប្រទេស​កាមេរូន។ ក្រុម​គ្រូ​បង្រៀន​ជាពិសេស​នៅ​ភាគ​ខាង​ជើង​ ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​មាន​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ឲ្យ​ដូច​ភាសា​បារាំង។
ក្មេងៗ​កាន់​សាសនា​ឥស្លាមស្ថិត​នៅ​ក្នុង​ថ្នាក់​រៀន​ភាសាមួយ​នៅ​ក្នុង​ទីក្រុង​យុនដេ​ ប្រទេស​កាមេរូន។ ក្រុម​គ្រូ​បង្រៀន​ជាពិសេស​នៅ​ភាគ​ខាង​ជើង​ ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​មាន​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ឲ្យ​ដូច​ភាសា​បារាំង។

ក្រុម​មេធាវី និង​គ្រូបង្រៀន កំពុង​ចូល​រួម​នៅ​ក្នុង​ជម្លោះ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ជាមួយ​ពួក​យោធា ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​អ្វី​ដែល​ពួក​គេ​ហៅ​ថា ឥទ្ធិពល​ដ៏​លើស​លប់​នៃ​ភាសា​បារាំង​ក្នុង​ប្រទេស​កាមេរូន។

កូដកម្ម​នានា​ដែល​មាន​គោល​បំណង​ឲ្យ​មាន​ការ​បង្កើន​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​នៅ​ក្នុង​ប្រទេស​កាមេរូន​បាន​រាល​ដាល​ទៅ​ដល់​សាលារៀន និង​សាកល​វិទ្យាល័យ​ជា​ច្រើន បន្ទាប់​ពី​ក្រុម​មេធាវី​និង​គ្រូបង្រៀន​នៅ​តំបន់​និយាយ​ភាសា​អង់គ្លេស​មិន​ព្រម​បញ្ឈប់​ការ​ធ្វើ​ការ​តវ៉ា​ទាំង​នេះ។ កិច្ច​ពិភាក្សា​អំពី​ការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ជា​ភាសា​ផ្លូវការ​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗ និង​មេដឹកនាំ​តាម​បែប​ប្រពៃណី​នានា។

ក្រុម​មេធាវី និង​គ្រូបង្រៀន ដែល​មាន​ការ​គាំទ្រ​ពី​ក្រុម​យុវជន​ដែល​មាន​ការ​មិន​ពេញ​ចិត្ត កំពុង​ចូល​រួម​នៅ​ក្នុង​ជម្លោះ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ជាមួយ​ពួក​យោធា ដើម្បី​ធ្វើ​បាតុកម្ម​ទាមទារ​អ្វី​ដែល​ពួក​គេ​ហៅ​ថា ឥទ្ធិពល​ដ៏​លើស​លប់​នៃ​ភាសា​បារាំង​ក្នុង​ប្រទេស​កាមេរូន ដែល​ជា​ប្រទេស​ចាត់ទុក​ភាសា​អង់គ្លេស​និង​ភាសា​បារាំង​ជា​ភាសា​ផ្លូវ​ការ​នោះ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ក្នុង​ប្រទេស​កាមេរូន មិន​មាន​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ជជែក​ដេញដោល និង​បង្ក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ក្រុម​រដ្ឋមន្ត្រី​រដ្ឋាភិបាល សមាជិក​សភា និង​មេដឹកនាំ​តាម​បែប​ប្រពៃណី​នានា ដូច​សកម្មភាព​កូដកម្ម ដែល​មាន​សភាព​កាន់​តែ​អាក្រក់​ទៅៗ​រហូត​ដល់​ក្លាយ​ទៅ​ជា​កុបកម្ម​នៅ​ក្នុង​តំបន់​និយាយ​ភាសា​អង់គ្លេស​របស់​ប្រទេស​កាមេរូន​នេះ នោះ​ទេ។ លោក​នាយក​រដ្ឋមន្ត្រី Philemon Yang ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ទៅ​ចរចា​ជា​មួយ​ក្រុមបាតុករ​នា​ពេល​កន្លង​មក។

នាយករដ្ឋមន្ត្រី​កាមេរូន លោក Philemon Yang។
នាយករដ្ឋមន្ត្រី​កាមេរូន លោក Philemon Yang។

លោក Harmony Bogda អ្នក​នាំ​ពាក្យ​របស់​ក្រុម​មេធាវី​ដែល​ធ្វើ​បាតុកម្ម បាន​និយាយ​ថា បន្ទាប់​ពី​កិច្ច​ពិភាក្សា​រយៈ​ពេល ៣ ថ្ងៃ បាន​បញ្ចប់​ទៅ ក្រុម​មេធាវី​បាន​ចាក​ចេញ​ដោយ​យល់​ឃើញ​ថា រដ្ឋាភិបាល​មិន​ចង់​ស្តាប់​ការ​ទាម​ទារ​របស់​ពួក​គេ​ឡើយ។ លោក Harmony Bogda និយាយថា ដោយ​សារ​ដូច្នេះ​ហើយ​បាន​ជា​កូដកម្ម​នឹង​នៅ​តែ​បន្ត​ធ្វើ​ឡើង។

លោក Harmony Bogda បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​នឹង​មិន​ចូល​ធ្វើ​ការ​ឡើយ។ លោក​នាយក​រដ្ឋមន្ត្រី​បាន​បើក​ឲ្យ​មាន​ផ្លូវ​សន្ទនាគ្នា​ជាមួយ​រដ្ឋាភិបាល ដែល​ស្រប​តាម​ការ​ចង់​បាន​ពី​ក្រុម​សមាជិក​សភា។ លោក​ក៏បាន​ថែម​ទាំង​ជំរុញ​ឲ្យ​ពួក​យើង​ទៅ​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផង​ដែរ។ ប៉ុន្តែ ដោយសារតែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ជា​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ដូច្នេះ​យើង​សង្ឃឹម​ថា​លោក​នាយក​រដ្ឋមន្ត្រី​នឹង​អាច​បំបែក​របាំង ដែល​លោក​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​សាង​ឡើង ដើម្បី​ឲ្យ​យើង​អាច​មាន​ការ​ចរចា​រួម​មួយ​ជាមួយ​គ្រប់​ភាគី​ទាំង​អស់ ដើម្បី​ជា​ប្រយោជន៍​រួម​សម្រាប់​ប្រទេស​កាមេរូន»។

លោក​មេធាវី Ben Muna នៃ​សមាគម​ក្រុម​ប្រឹក្សា​មេធាវី​កាមេរូន និយាយ​ថា សហការី​របស់​លោក​ក៏​មាន​ការ​ខឹង​សម្បា​ផង​ដែរ ដោយ​ហេតុ​ថា កងកម្លាំង​សន្តិសុខ​បាន​រំលោភ​បំពាន និង​វាយដំ​ពួក​គេ ដោយ​សារ​តែ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នេះ។

លោក Ben Muna បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «ក្នុង​នាម​ជា​ពលរដ្ឋ​ម្នាក់ មេធាវី​រូប​ណា​ក៏​មាន​សិទ្ធ​សេរីភាព​ដើម្បី​ទាមទារ​អ្វីមួយ បើ​ទោះ​បី​ជា​ការ​ទាមទារ​នោះ​ជា​រឿង​នយោបាយ​ក៏​ដោយ។ ដូច្នេះ គ្មាន​ហេតុផល​ណា​ដែល​ពួក​គាត់​មិន​អាច​ចូល​រួម​បាន​នោះ​ទេ។ ខ្ញុំ​ចង់​និយាយ​ថា មិន​មែន​ដោយសារ​តែ​ពួក​គាត់​ចង់​ដក​ខ្លួន​ចេញ​នោះ ពួក​គាត់​គួរ​តែ​ត្រូវ​បាន​គេ​វាយ​ដំ​ធ្វើ​បាប​នោះ​ទេ។ ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ គឺ​ថា​ក្រសួង​យុត្តិធម៌​គួរ​តែ​ទៅ​កាន់​ទីក្រុង Buea និង​និយាយ​ជាមួយ​ពួក​គេ។ ពលរដ្ឋ​កាមេរូន​នៅ​តែ​ជា​ពលរដ្ឋ​កាមេរូន»។

ផែន​ទី​ប្រទេស​កាមេរូន។
ផែន​ទី​ប្រទេស​កាមេរូន។

លោក Issa Tchiroma រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍ និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល បាន​និយាយ​ថា រដ្ឋាភិបាល​មិន​អាច​ធ្វើ​តាម​ការ​ស្នើ​សុំ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​នោះ​ទេ។ លោក​បាន​ចោទ​ប្រកាន់​ក្រុម​មេធាវី​ថា​បាន​រៀបចំ​ឲ្យ​មាន​អំពើ​ហិង្សា​ជា​បន្តបន្ទាប់​កើត​ឡើង​នៅ​តំបន់​និយាយ​ភាសា​អង់គ្លេស​នា​ពេល​ថ្មីៗ​នេះ។

លោក​រដ្ឋមន្ត្រី Issa Tchiroma បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​បែប​នេះ ត្រូវ​ដឹង​ថា នៅ​លើ​ពិភព​លោក​យើង​នេះ ភាព​ចលាចល​មិន​ដែល​នាំ​ឲ្យ​មាន​អ្វី​មួយ​ដែល​មាន​ប្រយោជន៍​នោះ​ទេ។ ដូច្នេះ យើង​សូម​អំពាវ​នាវ​ដល់​ជន​រួម​ជាតិ​ទាំង​អស់​ឲ្យ​បង្ហាញ​ឲ្យ​បាន​ច្បាស់​ថា បាន​ត្រៀម​ខ្លួន គ្រប់គ្រង​ខ្លួន​ឯង មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​មាន​ការ​តាំង​ចិត្ត​ជា​ពលរដ្ឋ នៅ​ក្នុង​ស្មារតី​នៃ​ការ​ពិភាក្សា​គ្នា»។

ចាប់​តាំង​ពី​ជម្លោះ​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ដ៏​យូរ​នេះ បាន​កើត​មាន​ឡើង​ជាមួយ​ពួក​យោធា​កាល​ពីថ្ងៃទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៦ កន្លង​មក សាលា​រៀន​ទាំងឡាយ​នៅ​តែ​បន្ត​បិទ​ទ្វារ​ដដែល។

បណ្ដាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នានា​បាន​រាយការណ៍​ថា មនុស្ស​រាប់​រយនាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​មនុស្ស ៤ នាក់ ត្រូវ​បាន​សម្លាប់ ចាប់​តាំង​ពី​ពួក​យោធា​បាន​ប្រើ​ប្រាស់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​គ្រាប់​កាំភ្លើង​កៅស៊ូ ដើម្បី​បំបែក​ហ្វូង​បាតុករ។ ប៉ុន្តែ លោក Adolphe Lele L'Afrique Deben Tchoffo អភិបាល​ប្រចាំ​តំបន់​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កាមេរូន បាន​បដិសេធ​ចំពោះ​តួលេខ​នេះ។

លោក Deben Tchoffo បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖ «មាន​មនុស្ស​តែ​ម្នាក់​ទេ​ដែល​បាន​ស្លាប់។ ការ​ស៊ើប​អង្កេត​កំពុង​តែ​ធ្វើ​ឡើង ដើម្បី​រក​អ្នក​ទទួល​ខុស​ត្រូវ។ ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​មនុស្ស​គ្រប់​គ្នា​ឲ្យ​ត្រឡប់​ទៅ​ធ្វើ​ការងារ​របស់​ខ្លួន​ជា​ធម្មតា​វិញ ហើយ​សូម​អំពាវ​នាវ​ដល់​អ្នក​ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​កូដកម្ម​នេះ​ជ្រាប​ថា ពួក​គេ​អាច​ចូល​រួម​ជា​មួយ​រដ្ឋាភិបាល​ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​រយៈ​ពេល​វែង ចំពោះ​បញ្ហា​នានា​ដែល​ពួក​គេ​បាន​លើក​ឡើង​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង»។

លោក John Fru Ndi មេដឹកនាំ​គណបក្ស SDF ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កាមេរូន កំពុង​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ទាំងឡាយ ដែល​បាន​លើក​ឡើង​ដោយ​ក្រុម​អ្នក​ធ្វើ​កូដកម្ម បើ​មិន​ដូច្នោះ​ទេ ពួក​គេ​នឹង​ប្រឈម​មុខ​នឹង​ការ​ធ្វើ​កុបកម្ម​មិន​ខាន។

លោក Fru Ndiបាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​អាច​កោះ​ហៅ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ជួបជុំ​គ្នា​យ៉ាង​ធំ​នៅ​ក្នុង​ក្រុង​នេះ ដែល​ជា​ទី​កន្លែង​ដែល​យើង​នឹង​និយាយ​ទៅ​កាន់​ពួកគាត់ ប៉ុន្តែ​ការ​ធ្វើ​បែបនេះ​គឺ​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​ដោះស្រាយ​ដោយរដ្ឋាភិបាល​ក្រុង Yaoundeចំពោះ​បញ្ហា​ដែល​ប្រជាជន​ទាមទារ​តែប៉ុណ្ណោះ»។

ប្រជាជន​កាមេរូន​ដែល​និយាយ​ភាសា​អង់គ្លេស​មាន​ចំនួន ២០ ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​ចំនួន ២២ លាន​នាក់។ រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​នេះ​ចែង​ថា ភាសា​ផ្លូវ​ការ​ទាំង​ពីរ​ដែល​បន្សល់​ទុក​មក​ពី​សម័យ​អាណានិគម​បារាំង និង​អាណានិគម​អង់គ្លេស​គួរ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ប៉ុន្តែ​ឯកសារ​ផ្លូវការ​ភាគច្រើន​គឺ​មាន​តែ​ជា​ភាសា​បារាំង​តែ​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​មួយ​ចំនួន​ថ្លែង​សុន្ទរកថា​តែ​ជា​ភាសា​បារាំង​ប៉ុណ្ណោះ បើ​ទោះ​បី​ជា​នៅ​ក្នុង​តំបន់​និយាយ​ភាសា​អង់គ្លេស​ក៏ដោយ។

អស់​រយៈ​ពេល​ជិត ៦០ ឆ្នាំ​ហើយ បន្ទាប់​ពី​ប្រទេស​កាមេរូន​ទទួល​បាន​ឯករាជ្យ​មក គ្មាន​អ្នក​ដែល​និយាយ​ភាសា​អង់គ្លេស​រូប​ណា​នៅ​ក្នុង​ប្រទេស​នេះ បាន​កាន់​តំណែង​ដែល​មាន​ឥទ្ធិពល​ដូចជា​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ឬ​តំណែង​នៅ​ក្នុង​រដ្ឋបាល​ដែន​ដី​នោះ​ឡើយ៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG