អ្នកវិភាគនយោបាយក្នុងតំបន់ស្វាគមន៍សកម្មភាពរបស់ សរអ បង្កើនទំនាក់ទំនងទ្វេភាគីជាមួយប្រទេសលាវ ដែលគេមើលឃើញថា មានទម្ងន់សម្រាប់ជញ្ជីងតុល្យភាពការទូត ទប់ទល់ឥទ្ធិពលដ៏ខ្លាំងរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។ សហប្រតិបត្តិការទ្វេភាគីនេះបានប្រសើរឡើងក្នុងកិច្ចពិភាក្សានាទីក្រុងវ៉ាស៊ីនតោននាសប្តាហ៍នេះដែលឡើងដល់កម្រិតខ្ពស់បំផុតតាំងពីសម័យសង្គ្រាមវៀតណាម។
ការបង្កើនសហប្រតិបត្តិការរវាង សរអ និងប្រទេសលាវ បានធ្វើឡើងអំឡុងកិច្ចពិភាក្សាក្នុងទីក្រុងវ៉ាស៊ីនតោននាសប្តាហ៍នេះ គឺ៦ឆ្នាំក្រោយពីប្រទេសទាំងពីរ បានបង្កើតចំណងទាក់ទងពាណិជ្ជកម្មធម្មតាឡើងវិញយ៉ាងជិតស្និទ្ធដូចទំនាក់ទំនងការទូតដែរ។
កិច្ចពិភាក្សរវាងលោកស្រីរដ្ឋមន្ត្រីការបរទេស សរអ Hillary Clinton និងលោក Thongloun Sisoulith រដ្ឋមន្ត្រីការបរទេសលាវ គឺជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតរវាងប្រទេសទាំងពីរ តាំងពីសម័យសង្គ្រាមវៀតណាម។
ប្រទេសទាំងពីរបានសន្យាបង្កើនកម្មវិធីទំនាក់ទំនងគ្នា ដោយព្រមព្រៀងគ្នាលើកតិកាសញ្ញាបើកផ្លូវអាកាស ដែលអនុញ្ញាតឲ្យប្រទេសទាំងពីរអាចប្រើអាកាសយានដ្ឋានគ្នាទៅវិញទៅមក ហើយគេរំពឹងថានឹងបង្កើនវិស័យទេសចរណ៍នៅប្រទេសលាវ។
Pradumna B. Rana សាស្ត្រាចារ្យជំនួយនៅសាលាសិក្សាអំពីអន្តរជាតិ S. Rajaratnam ដែលមានមូលដ្ឋាននៅសឹង្ហបុរី បានស្វាគមន៍សកម្មភាពនេះ ថាបានកើតមានឡើងចំពេលដែលសឹង្ហបុរីនិងប្រទេសសមាជិកអាស៊ានចំនួន១០ កំពុងស្វះស្វែងឱ្យមានការចូលរួមរបស់អាមេរិកក្នុងតំបន់នេះឲ្យបានច្រើនថែមទៀត។
Rana និយាយថា ប្រទេសនានាក្នុងតំបន់អាស៊ីអគ្នេយ៍គិតថា ទំនាស់នៅប្រទេសអ៊ីរ៉ាក់និងនៅអាហ្វហ្គានីស្ថានបានបន្ថយវត្តមានរបស់សរអ ក្នុងតំបន់អាស៊ីអគ្នេយ៍ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
«នេះជាសកម្មភាពគួរឲ្យស្វាគមន៍ណាស់ ហើយវាច្បាស់ជាបង្កើនតួនាទីរបស់សរអ នៅក្នុងតំបន់អាស៊ីអគ្នេយ៍ឲ្យច្រើនឡើង។ ប្រទេសសឹង្ហបុរីបានស្វះស្វែងបង្កើតទំនាក់ទំនងអាស៊ានបូក៨ ជាក្រុមប្រទេសថ្មីមួយដែលមានអាស៊ាន សរអ និងរុស្ស៊ី នឹងកាន់តែបើកទូលាយថែមទៀតឲ្យមានការចូលរួមរបស់សរអ គឺវាស្របតាមគំនិតនោះណាស់»។
លោក Carl Thayer អ្នកវិភាគផ្នែកការពារតំបន់ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី និយាយថា ការបង្កើនទំនាក់ទំនងនេះក៏នឹងឆ្លុះបញ្ចាំងអំពីការបោះជំហានផ្នែកនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក មកចូលរួមជាថ្មីជាមួយបណ្តាប្រទេសអាស៊ី ដើម្បីទប់ទល់ឥទ្ធិពលរបស់ចិនក្នុងតំបន់នេះដែរ។
លោក Xi Jinping អនុប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចប្រទេសលាវកាលពីខែមុន ដោយបានសន្យាអំពីការផ្តល់មូលនិធិវិនិយោគទុនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើនការដឹកជញ្ជូនទំនិញរបស់ចិនក្នុងតំបន់នេះ។
លោក Thayer និយាយថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបន្តធ្វើតាមគំនិតផ្តួចផ្តើមជាច្រើន ដែលបានចាប់ផ្តើមឡើងអំឡុងរដ្ឋបាលលោកប្រធានាធិបតី George W. Bush ហើយនឹងជាកូនជញ្ជីងតុល្យភាពមួយទប់ទល់នឹងការប្រឹងប្រែងផ្នែកការទូតរបស់ចិនផ្ទាល់ ដែលបង្កើនឥទ្ធិពលរបស់ចិននៅអាស៊ី។
«រដ្ឋបាលលោក អូបាម៉ា កំពុងពិចារណាជាថ្មីនូវទំនាក់ទំនងជាមួយតំបន់អាស៊ីអគ្នេយ៍ហើយជាជាក់ស្តែង ផ្នែកមួយនៃទំនាក់ទំនងនេះ គឺការទាក់ទាញចិត្តដែលប្រទេសចិនបានឈ្នះអាមេរិករហូតមកដល់ពេលនេះ។ ហើយប្រទេសលាវមើលឃើញថា ទំនាក់ទំនងនេះបានកើនឡើង»។
លោក Thayer បន្ថែមថា កំណើនសហប្រតិបត្តិការរបស់សរអជាមួយប្រទេសលាវបានកើតឡើង ក្រោយពីមានគំនិតផ្តួចផ្តើមថ្មីៗរបស់អាមេរិកក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីជាមួយប្រទេសកម្ពុជា។
ប្រទេសលាវមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយសរអរួចជាស្រេចហើយដោយធ្វើឲ្យទំនាក់ទំនងផ្នែកការពារបានប្រសើរឡើងនិងមានការដាក់អនុព័ន្ធយោធាតាមរយៈស្ថានទូតទៅវិញទៅមក។
ប្រទេសវៀតណាមក៏មានតួនាទីក្នុងការលើកទឹកចិត្តប្រទេសលាវ ឲ្យបង្កើនទំនាក់ទំនងជាមួយសរអដែរ ក្រោយពីប្រទេសចិនបានផ្តល់ជំនួយយោធាដល់ប្រទេសកម្ពុជា។
«ដូច្នេះទំនាក់ទំនងនេះធ្វើឲ្យប្រទេសវៀតណាមឆ្ងល់ ហើយខ្ញុំហ៊ាននិយាយថា រឿងមួយក្នុងចំណោមរឿងជាច្រើនដែលកើតមាននៅប្រទេសលាវនោះ គឺប្រទេសលាវនិងសរអ បានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងឲ្យឈានឡើងមួយកម្រិតទៀត។ ទំនាក់ទំនងនេះមិនមែនឡើងដល់កម្រិតខ្ពស់ណាស់ណាទេ ហើយប្រទេសវៀតណាមពិតជាមានកម្លាំងចិត្ត ពីព្រោះវៀតណាមមិនអាចផ្តល់ការគាំទ្រសម្រាប់ប្រទេសលាវដោយខ្លួនឯងនោះទេ»។
សរអបានជួយប្រទេសលាវជាស្រេចហើយក្នុងការបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សល់ពីអំឡុងសង្គ្រាមវៀតណាម ហើយដែលនៅតែបន្តធ្វើឲ្យរបួស ពិការ និងសម្លាប់មនុស្ស ៣៥ឆ្នាំមកហើយ ក្រោយពីអរិភាពនោះបានបញ្ចប់ទៅហើយ។ សរអបានទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរលើទីដៅជាច្រើនក្នុងប្រទេសលាវអំឡុងសង្គ្រាមវៀតណាម។ទំនាក់ទំនងការទូតបានតឹងតែងជាច្រើនលើកដោយសាររដ្ឋាភិបាលលាវធ្វើបាបជនជាតិភាគតិច Hmong។ ជនភាគតិចនេះបានរួមកម្លាំងជាមួយអាមេរិកក្នុងការប្រយុទ្ធអំឡុងសង្គ្រាមវៀតណាម។ ក្រោយមកជនជាតិ Hmong រាប់ពាន់នាក់បានមកតាំងលំនៅនៅសរអ ភាគច្រើនបានចេញពីជំរុំជនភៀសខ្លួននៅតាមបណ្តោយព្រំដែនប្រទេសថៃ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ