ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឡាវ​ធ្វើ​ការ​បោះឆ្នោត​សភា


នៅ​ក្នុង​រូបថត​ថ្ងៃ​ទី​១៥​ខែ​មិនា​ឆ្នាំ​២០១១​នេះ ពលរដ្ឋ​ម្នាក់​បើក​ម៉ូតូ​កាត់​​ពី​មុខ​ផ្ទាំង​ប៉ាណូ​​មួយ​មាន​រូប​អតីត​មេដឹកនាំ​ឡាវ Kaysone Phomvihane ក្នុង​ឱកាស​ប្រារព្ធ​​​​សមាជ​លើក​ទី​៩​របស់​​​គណបក្ស​បដិវត្តន៍​ប្រជាជន​ឡាវ (Lao People's Revolutionary Party
នៅ​ក្នុង​រូបថត​ថ្ងៃ​ទី​១៥​ខែ​មិនា​ឆ្នាំ​២០១១​នេះ ពលរដ្ឋ​ម្នាក់​បើក​ម៉ូតូ​កាត់​​ពី​មុខ​ផ្ទាំង​ប៉ាណូ​​មួយ​មាន​រូប​អតីត​មេដឹកនាំ​ឡាវ Kaysone Phomvihane ក្នុង​ឱកាស​ប្រារព្ធ​​​​សមាជ​លើក​ទី​៩​របស់​​​គណបក្ស​បដិវត្តន៍​ប្រជាជន​ឡាវ (Lao People's Revolutionary Party

ប្រទេស​ឡាវ​កំពុង​ធ្វើ​ការ​បោះឆ្នោត​សម្រាប់​តំណែង​ក្នុង​សភា​ជាតិ​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​គេ​ឃើញ​មាន​ការ​មន្ទិល​សង្ស័យ​បន្តិច​បន្តួច​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ។ ប្រទេស​ដ៏​តូច​មួយ​នោះ​ស្ថិត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ជា​រដ្ឋ​កុម្មុយនិស្ត​មាន​គណបក្ស​តែ​មួយ​ ហើយ​ឈ្មោះ​បេក្ខ​ជន​ត្រូវ​បាន​សម្រេច​ដោយ​គណបក្ស។

ប្រជា​ពលរដ្ឋ​បាន​ទៅ​ស្ថានីយ៍​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​ដែល​ជា​សាខា​នៃ​អង្គការ​នីតិបញ្ញត្តិ​ដែល​គេ​ស្គាល់​ថា​ជា​រដ្ឋសភា។

នៅ​លើ​ក្រដាស​វា​ជា​អង្គការ​របស់​អ្នកតាក់តែង​ច្បាប់​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ​ហើយនឹង​ដើម្បី​ប្រជារាស្រ្ត។​ ក៏ប៉ុន្តែ​ពួក​អ្នកវិភាគ​និយាយ​ថា តាម​ការពិត​ គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ដែល​កំពុង​កាន់​អំណាច​ជា​គណបក្ស​កុម្មុយនិស្ត ​បាន​ជ្រើសរើស​បេក្ខជន​ដែល​បម្រើ​ការងារ​តាម​គោលបំណង​របស់​គណបក្ស។

លោក ​Martin Stuart-Fox​ ជា​អ្នកឯកទេស​អំពី​ប្រទេស​ឡាវ​នៅ​សកលវិទ្យាល័យ​ Queensland​ ក្នុង​ប្រទេស​អូស្រ្តាលី។ លោក​និយាយ​ថា ​គណបក្ស​កុម្មុយនិស្ត​ត្រួតត្រា​ការ​បោះឆ្នោត​ទាំងអស់​នៅក្នុង​ប្រទេស​ឡាវ។

«ដោយ​ចំនួន​លើសលុប ​មនុស្ស​ដែល​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​សភា​ជា​សមាជិក​គណបក្ស។ អ្នក​ឯករាជ្យ ​បី ​បួន​នាក់​ត្រូវបាន​គេ​អនុញ្ញាតិ​ឲ្យ​ឈរ​ឈ្មោះ​ ក៏ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​យល់​ព្រម​ពី​គណបក្ស»។

លោក ​Stuart-​Fox​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ តួនាទី​សភា​គឺត្រូវ​បង្ហាញ​ឲ្យ​ឃើញ​ថា ​គណបក្ស​មាន​ភាព​ត្រឹមត្រូវ​ស្របច្បាប់​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ។​លោក​និយាយ​ថា​ តួនាទី​របស់​គណបក្ស​ រួមមាន​ការ​អនុម័ត​ច្បាប់​ និង​ការ​ជ្រើសរើស​មេដឹក​នាំ​រដ្ឋាភិបាល។

«ក៏ប៉ុន្តែ​ឈ្មោះ​ហើយ​នឹង​ថា​តើ​នរណា​នឹង​បម្រើការ​ក្នុង​រដ្ឋសភា​ត្រូវ​បាន​សម្រេច​ដោយ​គណបក្ស​រួច​ទៅ​ហើយ។ ដូច្នេះសភា​ទាំង​អស់​គ្រាន់តែ​ប្រថាប់ត្រា​លើ​សេចក្តី​សម្រេច​ដែល​គណបក្ស​បាន​ធ្វើ​រួច​ទៅ​ហើយ»។

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ លោក ​Stuart-Fox​ និយាយ​ទៀត​ថា ​គណបក្ស​បាន​អនុញ្ញាត​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​បន្តិច​នៅ​ក្នុង​ការ​ពិភាក្សា​ផ្ទៃ​ក្នុង​របស់​អង្គការ​នីតិបញ្ញត្តិ​នោះ។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ កាល​ពី​អតីតកាល​មិន​មាន​ការ​ជជែក​ដេញដោល​ពិតប្រាកដ​លើ​បញ្ហា​នានា​ទេ​ ឥឡូវនេះ​សភា​ធ្វើការដោះ​ស្រាយបញ្ហា​នានា​ដូចជា​អំពើ​ពុករលួយ​ ដែល​ជា​ការ​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង។

«ហើយ​បញ្ហា​នេះ ​ត្រូវ​បាន​ជជែក​ដេញដោល​ឲ្យ​ហេតុផល​នៅក្នុង​សភា​ដោយ​មិន​បញ្ចេញ​ឈ្មោះ ​ហើយ​ជា​ការ​ពិត​ មិនមាន​អ្វី​កើតចេញ​មកពី​ការ​ចោទ​ប្រកាន់។ ក៏ប៉ុន្តែ​ វា​មិនមែន​ជា​សញ្ញា​ថា​រដ្ឋាភិបាល​នៅ​ស្ងៀមស្ងាត់​លើ​បញ្ហា​ពុករលួយ​នោះទេ»។

បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ជិតខាង​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ប្រទេស​0ឡាវ​មាន​ទំហំ​តូច​ ក្រខ្សត់​ ហើយ​មិនមាន​សមុទ្រ​ លើកលែង​តែ​ទន្លេ​មេគង្គ​ដែល​ហូរកាត់​រដ្ឋធានី​វៀងចាន់។

ក៏ប៉ុន្តែ​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ​ភាគច្រើន​មកពី​ការ​លក់​អណ្តូង​រ៉ែ​ធម្មជាតិ​និង​ប្រភព​ថាមពល​អគ្គិសនី។

ប្រាក់​ហូរចូល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ហើយនឹង​ការ​ធ្វើ​មជ្ឈការ​អំណាច​ បាន​បង្កើត​ឱកាស​សម្រាប់​អំពើ​ពុករលួយ។

ក៏ប៉ុន្តែ ​ប្រជាពលរដ្ឋ​សាមញ្ញ​នៅ​ក្នុង​ប្រទេស​ឡាវ​ក៏ទទួល​ផល​ប្រយោជន៍​ពី​ការ​វិនិយោគទុន​និង​ពាណិជ្ជកម្ម​ដែល​បានកើន​ឡើង​ ដែល​កំពុង​នាំ​ឲ្យមាន​ការ​ចោទ​សួរ​ពី​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​របស់​គណបក្ស​កុម្មុយនិស្ត។

លោក​ Stuart-Fox​ និយាយ​ថា​ ដរាប​ណា​សេដ្ឋកិច្ច​បន្ត​រីក​លូតលាស់​ គណបក្ស​នឹង​បាន​ទទួល​ផលប្រយោជន៍​ពី​បញ្ហា​នេះ។

«បញ្ហា​គឺ​ការ​បែងចែក​ទ្រព្យសម្បត្តិ​មិន​ស្មើគ្នា​កំពុង​កើន​ឡើង។ ដូច្នេះនេះ​មាន​ន័យ​ថា​ ទ្រព្យសម្បត្តិ​ដែល​កកើត​មានឡើង​ដោយសារ​សេដ្ឋកិច្ច​ប្រសើរ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទីក្រុង​នានា​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ។ នៅ​មាន​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង​នៅ​តាម​ជនបទ»។

ប្រទេស​ឡាវ​ជា​អតីត​អាណានិគម​បារាំង​ហើយមាន​ប្រជាពលរដ្ឋ​ប្រហែល​៧លាន​នាក់​ហើយ​បាន​គ្រប់គ្រង​គណបក្ស​កុម្មុយនិស្ត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៥​មក៕

ប្រែ​សម្រួល​ដោយ​ ជឹង ​ប៉ូជីន

XS
SM
MD
LG