ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក Kurds សម្រេច​បាន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​ទាហាន​ស៊ីរី​ដើម្បី​ទប់ទល់​នឹង​តួកគី


អ្នកស្រុក​ស្វាគមន៍​ទាហាន​ស៊ីរី​ភ្លាមៗ​នៅ​ក្រោយ​ពេល​ពួកគេ​ចូល​ដល់​ក្រុង Tal Tamr កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
អ្នកស្រុក​ស្វាគមន៍​ទាហាន​ស៊ីរី​ភ្លាមៗ​នៅ​ក្រោយ​ពេល​ពួកគេ​ចូល​ដល់​ក្រុង Tal Tamr កាលពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

កង​កម្លាំង​ស៊ីរី​បាន​ចូល​ក្នុង​ក្រុង​មួយ​នៅ​ជិត​ព្រំដែន​ប្រទេស​តួកគី​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​សម្រេច​បាន​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​នឹង​ពួក Kurds នៅ​ប្រទេស​ស៊ីរី ដើម្បី​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​តំបន់​នោះ​តតាំង​នឹង​ការ​លុកលុយ​របស់​តួកគី។

ទីភ្នាក់ងារ​ព័ត៌មាន SANA របស់​រដ្ឋ​ស៊ីរី​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ​អំពី​ការ​ធ្វើ​ដំណើរ​របស់​ទាហាន​ស៊ីរី​នេះ​នៅ​ក្រុង Tal Tamr ដែល​មាន​ចម្ងាយ​ប្រហែល ២០ គីឡូម៉ែត្រ​ពី​ព្រំដែន ដោយ​បញ្ជាក់​ថា ការ​ធ្វើ​ដូច​នេះ​គឺ​ដើម្បី «ទប់ទល់​នឹង​ភាព​គឃ្លើន​របស់​តួគគី‍» ហើយ​ការ​ធ្វើ​ដូច្នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ស្វាគមន៍។

កិច្ច​ព្រមព្រៀង​រវាង​ពួក Kurds ប្រទេស​ស៊ីរី និង​ប្រទេស​រុស្ស៊ី ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ស៊ីរី បាន​សម្រេច​ឡើង ៤ ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​កង​កម្លាំង​តួកគី​បាន​វាយ​ប្រហារ​ពួក Kurds នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី ក្រោយ​ពី​សហរដ្ឋ​អាមេរិក​ដក​ទ័ព​ជិត​អស់​ពី​តំបន់​នោះ។

តួកគី​ចាត់ទុក​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី Kurd ថា​ជា​ពួក​ភេរវជន ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​នឹង​ពួក​ផ្ដាច់​ខ្លួន​នៅ​ក្នុង​ប្រទេស​តួកគី។

សេចក្ដី​ប្រកាស​របស់​ពួក Kurds បាន​បញ្ជាក់​ថា៖ «ដើម្បី​រារាំង​ការ​វាយ​ប្រហារ​នេះ កិច្ច​ព្រមព្រៀង​មួយ​ត្រូវ​បាន​សម្រេច​ឡើង​ជាមួយ​នឹង​រដ្ឋាភិបាល​ស៊ីរី ដែល​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ស៊ីរី​គឺ​ដើម្បី​ការពារ​ព្រំដែន និង​អធិបតេយ្យភាព​ស៊ីរី ដើម្បី​ឲ្យ​ទាហាន​ស៊ីរី​អាច​ចូល និង​ពង្រាយ​ទ័ព​នៅ​តាម​ព្រំដែន​រវាង​ស៊ីរី និង​តួកគី‍​បាន»។

ពួក Kurds នៅ​ប្រទេស​ស៊ីរី​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ដូច​ត្រូវ​សហរដ្ឋ​អាមេរិក​បោះបង់​ចោល​ទាំង​ស្រុង បន្ទាប់ពី​បាន​កៀក​ស្មា​គ្នា​វាយ​ប្រហារ​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​មក។ ពួកគេ​ក៏​មាន​អារម្មណ៍​ផង​ដែរ​ថា បណ្ដា​ប្រទេស​អារ៉ាប់​ភាគ​ច្រើន រួម​ទាំង​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​ក៏​មិន​ខ្វាយខ្វល់​នឹង​ពួកគេ​ដែរ៕

XS
SM
MD
LG