លោកស្រី គុណ លំអង ត្រូវបានព្រឹទ្ធសភាប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជំនួសតំណែងស្វាមីរបស់លោកស្រី គឺលោក ហុង សុខហួរ ជាអតីតសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលបានលាលែងចេញពីតំណែង បន្ទាប់ពីត្រូវជាប់ឃុំដោយសារបង្ហោះឯកសារផែនទី កម្ពុជា-វៀតណាម លើទំព័រហ្វេសប៊ុក។ ការតែងតាំងលោកស្រីគឺធ្វើឡើងក្នុងថ្ងៃតែមួយ ពេលដែលសាលាឧទ្ធរណ៍ សម្រេចតម្កល់ការកាត់ទោសប្តីលោកស្រីឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។
ក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ព្រឹទ្ធសភាបានសម្រេចទទួលស្គាល់ លោកស្រី គុណ លំអង ជាសមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៣។ លោកស្រីនឹងចូលកាន់តំណែងក្រោយពេលធ្វើសច្ចាប្រណិធាន ហើយនឹងត្រូវទទួលបន្ទុកនៅមណ្ឌលភូមិភាគទី៤ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ និងខេត្តប៉ៃលិន។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ប្រាប់ VOA នាព្រឹកថ្ងៃព្រហស្បតិ៍នេះថា ព្រឹទ្ធសភាបានសម្រេចទទួលស្គាល់លោកស្រី គុណ លំអង ជាសមាជិកព្រឹទ្ធសភា បន្ទាប់ពីគណបក្ស សម រង្ស៊ី បានស្នើដាក់លោកស្រីជាបេក្ខភាពសមាជិកព្រឹទ្ធសភា ជំនួសស្វាមីរបស់លោកស្រី។ លោកបន្ថែមថា បន្ទាប់ពីព្រឹទ្ធសភាប្រកាសទទួលស្គាល់លោកស្រី គុណ លំអង ជាសមាជិកព្រឹទ្ធសភារួចហើយ នោះលោកស្រី នឹងត្រូវចូលធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង ដើម្បីអាចចូលមកកាន់តំណែងជាផ្លូវការ។
លោក ម៉ម ប៊ុននាង មានប្រសាសន៍ថា៖
«ចូលផឹកទឹកសម្បថសិន ស្បថថាគាត់មិនស្អីៗ សច្ចាប្រណិធានទៅណាតាមគោលការណ៍ព្រះបរមរាជវាំងសិន បានគេឲ្យចូលមកកាន់តំណែងជាសមាជិកព្រឹទ្ធសភា។ អត់ទាន់ពេញលេញទេឥឡូវនេះ។ អត់ទាន់ស្បថ»។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៧ លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី បានសរសេរលិខិតលាលែងពីតំណែង ដោយបញ្ជាក់ថា ការលាលែងនេះធ្វើឡើងដោយសារមូលហេតុផ្ទាល់ខ្លួន។ ទោះជាយ៉ាងណាគេមើលឃើញថា ការលាលែងរបស់លោក ហុង សុខហួរ ធ្វើឡើងស្របពេលច្បាប់ស្តីពីគណបក្សនយោបាយ ដែលរៀបចំថ្មីតាមការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងរំលាយគណបក្សនយោបាយណាដែលមានមេដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃគណបក្សនោះមានទោស។
លោកស្រី គុណ លំអង វ័យ៦០ឆ្នាំ ជាប្រធានចលនាស្ត្រីរបស់គណបក្សសង្គ្រោះជាតិ និងមានសញ្ជាតិបារាំង ដើមកំណើតខ្មែរ ដូចស្វាមីលោកស្រីដែរ។ លោកស្រីប្រាប់ VOA ថាតំណែងជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រឆាំង ធ្វើឲ្យលោកស្រីមានការបារម្ភពីសុវត្ថិភាព បន្ទាប់ពីស្វាមីរបស់លោកស្រី លោក ហុង សុខហួរ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារដោយសារការបង្ហោះឯកសារផែនទីលើបណ្តាញសង្គមហ្វេសប៊ុកនាពេលកន្លងទៅ។
លោកស្រី គុណ លំអង បញ្ជាក់ថា៖
«នៅក្នុងប្រទេសខ្មែរឃើញថាមានគ្រោះថ្នាក់មួយចំនួនដែលយើងស្មានមិនដល់ ដូច្នេះការបារម្ភគឺនៅតែបារម្ភ ប៉ុន្តែការងារដែលយើងត្រូវធ្វើ ក៏យើងត្រូវតែធ្វើ»។
លោកស្រីបន្ថែមថា លោកស្រីនឹងប្តេជ្ញាធ្វើការងារក្នុងតំណែងជាសមាជិកព្រឹទ្ធសភាដើម្បីអភិវឌ្ឍ និងបំពេញបន្ថែមនូវចំណុចខ្វះខាតក្នុងការអនុម័តច្បាប់ នៅពេលដែលលោកស្រីក្លាយជាសមាជិកព្រឹទ្ធសភាពេញលេញ។
លោក ទាវ វណ្ណុល សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី លើកឡើងថា លោកស្រី គុណ លំអង ត្រូវបានជ្រើសរើសជាបេក្ខភាពសមាជិកព្រឹទ្ធសភាជំនួសលោក ហុង សុខហួរ ហើយលោកស្រីត្រូវបានសម្រេចជ្រើសរើសជាសមាជិក ដោយសារបេក្ខភាព២រូបផ្សេងទៀត ត្រូវបានផ្លាស់ប្តូរទៅកន្លែងផ្សេង។ លោកបន្ថែមថា ការសម្រេចជ្រើសរើសលោកស្រី គុណ លំអង ជាបេក្ខភាពដើម្បីស្នើទៅព្រឹទ្ធសភា គឺយោងទៅលើសមត្ថភាពការងាររបស់បុគ្គល។
លោកបញ្ជាក់ថា៖
«គណបក្សបានសម្រេចដាក់គាត់នៅក្នុងបញ្ជីរបស់ព្រឹទ្ធសភា បានន័យថាគណបក្សបានពិនិត្យដឹងថាគាត់ថាមានសមត្ថភាពហើយ បានគណបក្សបានដាក់ឈ្មោះគាត់នៅក្នុងបញ្ជី»។
ការប្រកាសទទួលស្គាល់លោកស្រី គុណ លំអង ជាសមាជិកព្រឹទ្ធសភានេះ ធ្វើឡើងស្របពេលដែលសាលាឧទ្ធរណ៍បើកសវនាការលើបណ្តឹងមិនសុខចិត្តលើការសម្រេចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលកាត់ក្តីឲ្យលោក ហុង សុខហួរ ជាស្វាមីរបស់លោកស្រី ឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ចំពោះការបង្ហោះឯកសារក្នុងទំព័រហ្វេសប៊ុក។ បន្ទាប់ពីសវនាការរយៈពេលជាង៣ម៉ោង ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោក សេង ស៊ីវុត្ថា បានប្រកាសច្រានចោលបណ្តឹងរបស់លោក ហុង សុខហួរ ដោយសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ។
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាពីគណបក្សសមរង្ស៊ី ត្រូវបានឃាត់ខ្លួន កាលពីខែសីហា ឆ្នាំ២០១៥។ នៅចុងឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទ «ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ» បន្ទាប់ពីលោកបង្ហោះឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅលើបណ្តាញសង្គមហ្វេសប៊ុក៕