ខ្យល់ព្យុះយ៉ាងខ្លាំងមួយឈុតដែលបោកបក់ទៅលើឧបទ្វីបកូរ៉េ បានបង្កើនសេចក្ដីព្រួយបារម្ភថា កង្វះស្បៀងអាហារយ៉ាងយូរនៃប្រទេសកូរ៉េខាងជើង មានសភាពកាន់តែធ្ងន់ធ្ងរ។ ក៏ប៉ុន្ដែ ទោះបី មានការលំបាកក្នុងការបញ្ជូនស្បៀងអាហារទៅតំបន់ជាច្រើននៃភាគខាងជើងក៏ដោយ ក៏មានម្ហូបតាមបែបកូរ៉េខាងជើងជាច្រើននៅប្រទេសកូរ៉េខាងត្បូងដែរ គឺមួយផ្នែកដោយសារតែអ្នករត់គេចចេញពីកូរ៉េខាងជើងមានកាន់តែច្រើនឡើង ដែលបានបើកភោជនីយដ្ឋាន ហើយថែមទាំងមានសាលាបង្រៀនវិជ្ជាធ្វើម្ហូបអាហារនៅក្នុងប្រទេសថ្មីរបស់គេ។
រីយូឃីយ៉ុងអុក (Ryu Kyung-Ok) ជាភោជនីយដ្ឋានតូចមួយ ដែលមានអតិថិជនជាច្រើនចូលទទួលទានអាហារថ្ងៃត្រង់។ តារាងរាយមុខម្ហូបនាំលោកអ្នកទៅធ្វើទស្សនកិច្ចខាងម្ហូបអាហារនៃប្រទេសកូរ៉េខាងជើង។
មានស៊ុបម្សៅលុញញាត់សាច់ មកពីទីក្រុង កែស៊ីយ៉ុង (Kaeseong) បាយសាច់គោ មកពីទីក្រុង ព្យុងយ៉ាំង (Pyongyang) និងទីក្រុងហាំហ៊ឹង (Hamheung) មានគុយទាវត្រជាក់មួយចានក្រឡូមឈ្មោះនែងម្យ៉ុង (naengmyeon) ។ ម្ហូបមួយមុខចុងក្រោយនេះ គឺជាអ្វីដែលអតិថិជនចូលចិត្ដបរិភោគនៅទីនេះ។
អតិថិជន អាយុ២០ឆ្នាំ ម្នាក់ឈ្មោះ រ៉ូស៊ូអា (Rho Soo-ah) និយាយថា នែងម្យ៉ុង ជាម្ហូបដែលលោកអ្នកត្រូវការនៅថ្ងៃដែលមានសីតុណ្ហភាពក្ដៅ។ កាលណាអាកាសធាតុក្ដៅខ្លាំង វាធ្វើឲ្យយើងត្រជាក់ ហើយមានរសជាតិឆ្ងាញ់។វាហាក់ដូចជាជួយបញ្ចុះកំដៅក្នុងខ្លួនអ្នកទាំងមូល។
រ៉ូហៅ នែងម្យ៉ុង មួយចានក្រឡូមដាក់ក្នុងទឹកស៊ុបគោត្រជាក់ ហើយម្ហូបមួយមុខទៀតធ្វើពីត្រីឆៅលាយទឹកម្ទេស។
បុគ្គលឹកទាំងអស់នៅភោជនីយដ្ឋាន រីយូឃីយ៉ុងសុទ្ធតែជាជានជាតិកូរ៉េខាងជើងដែលរត់គេចចេញ រួមទាំងម្ចាស់ភោជនីយដ្ឋាន គឺលោក ស្រី អាន់មីអុក (Anh Mi-ok) ផងដែរ។
លោកស្រីនិយាយថា ម្ហូបអាហារកូរ៉េខាងជើងពិតជាសាមញ្ញ បើប្រៀបធៀបនឹងម្ហូបកូរ៉េខាងត្បូង។ កូរ៉េខាងជើងប្រើវិធីធ្វើម្ហូបអាហារតាមបែបប្រពៃណី ហើយមិនថែមគ្រឿងមិនចាំបាច់ទេ។ លោកស្រីនិយាយថា ជនជាតិកូរ៉េខាងត្បូងប្រើគ្រឿងមិនមែនពីធម្មជាតិ ឬបន្ថែមទឹកជ្រលក់ប្រភេទផ្សេងទៀត។ ម្ហូបកូរ៉េខាងជើងធ្វើតាមប្រពៃណី។
នែងម្យ៉ុង មានប្រជាប្រិយភាពនៅកូរ៉េខាងត្បូងជាច្រើនទសវត្សរ៍មកហើយ។ លោកស្រី អាន់សង្ឃឹមថា ម្ហូបកូរ៉េខាងជើងដទៃទៀតនឹងមានប្រជាប្រិយភាពក្នុងពេលឆាប់ៗនេះ។
លោកស្រី លីអែរ៉ាន (Lee Aeran) អាយុ៧០ឆ្នាំ ក៏សង្ឃឹមដូចគ្នាដែរ។ លោកស្រី លី ជាអតីតអ្នកត្រួតពិនិត្យម្ហូបអាហារ មកពីទីក្រុងព្យុងយ៉ាង ។ ឥឡូវនេះ លោកស្រី ជានាយិកានៃវិទ្យាស្ថានស្បៀងអាហារកូរ៉េខាងជើងនៅទីក្រុងសេអូល។
លោកស្រីនិយាយថា ការចំអិនអាហារជាវិធីដ៏ល្អមួយសម្រាប់ឲ្យជនជាតិកូរ៉េមកពីភាគីទាំងពីរនៃឧបទ្វីប ដោះស្រាយការខ្វែងគំនិតគ្នា។
លោកស្រី លី និយាយថា បញ្ហាគឺថា ជនជាតិកូរ៉េខាងត្បូងហើយនឹងកូរ៉េខាងជើង មិនដែលមានការទាក់ទងគ្នាទេចាប់តាំងពីពួកគេត្រូវបានបែងចែកមក។ ក៏ប៉ុន្ដែការចូលចិត្ដទទួលទានម្ហូបអាហារជារឿងសកល។ លោកស្រីនិយាយថា ការធ្វើម្ហូបអាហារផ្ដល់ទីកន្លែងមួយឲ្យមនុស្សប្រមូលផ្ដុំគ្នា ហើយជជែកគ្នាពេលកំពុងធ្វើម្ហូប ឬកំពុងទទួលទាន ហើយនិយាយគ្នាអំពីម្ហូបអាហារ។
កាលពីពេលថ្មីៗនេះសាលាបង្រៀនវិជ្ជាធ្វើម្ហូបរបស់លោកស្រី លីចាប់ផ្ដើមបង្រៀនជាភាសាអង់គ្លេស ដើម្បីឲ្យអ្នកមិននិយាយភាសាកូរ៉េអាចនិយាយអំពីម្ហូបអាហារកូរ៉េខាងជើងបានផង៕
ប្រែសម្រួលដោយ កង ស៊ីវន