ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kim Jong Un ព្រមាន​ថា លោក​ប្រហែលជា​ឈប់​គោរព​តាម​ការ​ផ្អាក​មួយ​រយៈ​នូវ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​ចម្ងាយ​ឆ្ងាយ


បុរសម្នាក់មើលកញ្ចក់ទូរទស្សន៍បង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីអាមេរិកលោក Donald Trump នៅស្ថានីយរថភ្លើងមួយនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
បុរសម្នាក់មើលកញ្ចក់ទូរទស្សន៍បង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីអាមេរិកលោក Donald Trump នៅស្ថានីយរថភ្លើងមួយនៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ព្រមាន​ថា លោក​ប្រហែលជា​ឈប់​គោរព​តាម​ការ​ផ្អាក​មួយ​រយៈ​ដែល​ខ្លួន​លោក​បាន​ធ្វើ​កន្លង​មក​ទាក់ទិន​នឹង​ការ​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ និង​នុយក្លេអ៊ែរ ដោយ​លោក​បាន​គំរាម​ថា​នឹង​ចាត់​វិធានការ «ដ៏​ភ្ញាក់ផ្អើល» មួយ ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិន​ព្រម​បន្ធូរបន្ថយ​គោល​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ការ​ចរចា​នុយក្លេអ៊ែរ។

លោក Kim Jong Un បាន​និយាយ​ថា គ្មាន​ហេតុ​ផល​ណា​មួយ​ដែល​លោក​ត្រូវ​ផ្អាក​ការ​សាកល្បង​អាវុធ​ទាំង​នេះ​ទេ ប្រសិនបើ​សហរដ្ឋ​អាមេរិក​នៅ​បន្ត​ធ្វើ​សមយុទ្ធ​យោធា និង​លក់​អាវុធ​ទំនើប​ជាមួយ និង​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​លោក​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

កូរ៉េ​ខាង​ជើង​មិន​បាន​សាកល្បង​នុយក្លេអ៊ែរ ឬ​ក៏​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​អស់​រយៈពេល​ជាង ២ ឆ្នាំ​មក​ហើយ។ កាល​ពី​ខែ​មេសា ឆ្នាំ ២០១៨ លោក Kim Jong Un បាន​ប្រកាស​ថា ប្រទេស​របស់​លោក «មិន​ត្រូវការ» ការ​សាកល្បង​ដូច​នេះ​ទៀត​ទេ។ ការ​ប្រកាស​ដូច​នេះ​បាន​បើក​ផ្លូវ​ឲ្យ​មាន​ការ​ចរចា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ជិត​ពីរ​ឆ្នាំ ដែល​ឥឡូវ​នេះ​ការ​ចរចា​នេះ​បាន​ជាប់​គាំង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​លោក Kim Jong Un ៣ ដង​រួច​មក​ហើយ បាន​និយាយ​ថា លោក Kim Jong Un បាន​សន្យា​ដោយ​ខ្លួន​លោក​ផ្ទាល់​ថា​នឹង​មិន​ធ្វើ​ការ​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប ឬ​ក៏​នុយក្លេអ៊ែរ​ឡើង​វិញ​ទេ ទោះបីជា​មេដឹកនាំ​ទាំង​ពីរ​មិន​ដែល​សម្រេច​នូវ​ការ​ព្រមព្រៀង​នេះ​ជា​ផ្លូវការ​ក៏​ដោយ។

ដោយ​ថ្លែង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Trump ហាក់​ដូចជា​មិន​សូវ​ខ្វាយ​ខ្វល់​ខ្លាំង​អំពី​ការ​គំរាម​របស់​លោក Kim Jong Un នេះ ដោយ​លោក​បាន​បញ្ជាក់​ថា ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​លោក Kim Jong Un នៅតែ «ល្អ​ខ្លាំង» ដដែល។

លោក Trump និយាយ​ដូច្នេះ​ថា៖ «លោក Kim Jong Un តំណាង​ឲ្យ​ប្រទេស​របស់​លោក។ ខ្ញុំ​តំណាង​ឲ្យ​ប្រទេស​របស់​ខ្ញុំ។ យើង​ត្រូវ​ធ្វើ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ។ ប៉ុន្តែ​លោក Kim Jong Un បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ ដែល​បញ្ជាក់​អំពី​ការ​លុប​បំបាត់​នុយក្លេអ៊ែរ»។

លោក Trump បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា លោក Kim Jong Un គោរព​តាម​ពាក្យ​សម្ដី​របស់​លោក។ ដូច្នេះ យើង​នឹង​អាច​រក​ដំណោះស្រាយ​បាន»៕

XS
SM
MD
LG