ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kim Jong Un ផ្អាក «សកម្មភាព​យោធា» ប្រឆាំង​កូរ៉េ​ខាង​ត្បូង


រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​កងយោធា​របស់​កូរ៉េខាងជើង កាល​ពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ២០១៩។
រូបឯកសារ៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​កងយោធា​របស់​កូរ៉េខាងជើង កាល​ពី​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ២០១៩។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ផ្អាក​សកម្មភាព​យោធា​ប្រឆាំង​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ពុធ​នេះ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​កាត់​បន្ថយ​ភាព​តានតឹង បន្ទាប់ពី​មាន​ការ​គំរាមកំហែង​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ។

នៅ​ក្នុង​ការ​ប្រជុំ​របស់​គណៈកម្មការ​យោធា​មជ្ឈិម​របស់​គណបក្ស​កាន់​អំណាច លោក Kim Jong Un «បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​ស្ថានការណ៍​ទូទៅ និង​បាន​ផ្អាក​ផែនការ​សកម្មភាព​យោធា​ប្រឆាំង​នឹង​កូរ៉េ​ខាង​ត្បូង»។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA របស់​កូរ៉េ​ខាង​ជើង។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​លោក Kim Jong Un នឹង​ផ្អាក​សកម្មភាព​អ្វី ហើយ​ថា​តើ​ករណី​នេះ​ចង់​មាន​ន័យ​ថា កូរ៉េ​ខាង​ជើង​ឥឡូវ​នេះ​នឹង​បញ្ចប់​យុទ្ធនាការ​បង្ក​ជម្លោះ​បន្ថែម​ប្រឆាំង​នឹង​កូរ៉េ​ខាង​ត្បូង ឬ​ក៏ យ៉ាង​ណា​នោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​តាមដាន​ស្ថានការណ៍ ហើយ​នឹង​បន្ត​គោរព​ទៅ​តាម​កិច្ចព្រមព្រៀង​រវាង​កូរ៉េ​ទាំង​ពីរ។

កូរ៉េ​ខាង​ជើង​ខក​ចិត្ត​នឹង​កូរ៉េ​ខាង​ត្បូង​ថា​មិន​បាន​បន្ត​ការ​ព្រមព្រៀង​មួយ​ចំនួន​កាល​ពី​ឆ្នាំ ២០១៨ ទាក់ទិន​នឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​តានតឹង​យោធា។ ទណ្ឌកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​បាន​រារាំង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​មិន​ឲ្យ​អនុវត្ត​បាន​ពេញលេញ​នូវ​ការ​ព្រមព្រៀង​ទាំង​នេះ៕

XS
SM
MD
LG