ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​បារម្ភ​ចំពោះ​ជំងឺ​ចម្លែក​នៅ​វៀតណាម


 ជំងឺ​លើ​ស្បែក​កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​វៀតណាម។
ជំងឺ​លើ​ស្បែក​កំពុង​ផ្ទុះ​ឡើង​ក្នុង​ប្រទេស​វៀតណាម។

អង្គការ​សុខភាព​ពិភពលោក​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ខ្លួន​មាន​ការ​ព្រួយ​បារម្ភ​ អំពី​ការ​ឆ្លង​ជំងឺ​ប្លែក​នៅ​លើ​ស្បែក​ជនជាតិ​វៀតណាម​រស់​នៅ​ក្នុង​តំបន់​កណ្ដាល​ប្រទេស​វៀត ណាម​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៩​នាក់​ ភាគ​ច្រើន​ជា​កុមារ។

មនុស្ស​ជាង​១៧០​នាក់​ធ្លាក់​ឈឺ ​ដោយសារ​ជំងឺ​មិន​ស្គាល់​មុខ​នេះ​ ដែល​ធ្វើ​ឲ្យ​រឹង​ដៃ​ជើង​ និង ​រលាក​ក្រពះ​ដល់​ជន​រងគ្រោះ​ ហើយ​វា​ហាក់​ដូច​ជា​មាន​ការ​រលាក​នៅ​ជើង។

ជំងឺ​នោះ​កើត​ឡើង​នៅ​ក្នុង​មណ្ឌល​ បា តូ (Ba To) នៃ​ខេត្ដ​ ក្វាង ងៃ (Quang Ngai) ហើយ​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ មិន​ធ្លាប់​ដឹង​ឮ​អំពី​ជំងឺ​ដូច្នោះ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

តំណាង​រាស្រ្ត​ភូមា​ ចូល​រួម​សម័យ​ប្រជុំ​សភា​នៅ​រដ្ឋ​ធានី​ Naypyitaw​ នៃ​ប្រទេស​ភូមា​ ថ្ងៃ​ទី​២៣ ខែ​មេសា​ ឆ្នាំ​២០១២។
តំណាង​រាស្រ្ត​ភូមា​ ចូល​រួម​សម័យ​ប្រជុំ​សភា​នៅ​រដ្ឋ​ធានី​ Naypyitaw​ នៃ​ប្រទេស​ភូមា​ ថ្ងៃ​ទី​២៣ ខែ​មេសា​ ឆ្នាំ​២០១២។
ភូមា៖ សភា​របស់​ប្រទេស​ភូមា​បាន​បើក​ទ្វារ​នៅ​ថ្ងៃ​ច័ន្ទ​ដោយ​មិន​មាន​វត្ដមាន​របស់​មេដឹកនាំ​គណបក្ស​ជំទាស់​លោកស្រី​ អ៊ុងសាន​ស៊ូជី​ និង​សមាជិក​៤២​នាក់​របស់​គណបក្ស​សម្ព័ន្ធភាព​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ ដែល​មិន​ព្រម​ចូលរួម​ដោយសារ​តែ​មាន​ជម្លោះ​អំពី​ការ​ប្រើ​ពាក្យ​នៅ​ក្នុង​សម្បថ​ឡើង​កាន់​តំណែង។

ភូមា៖ ប្រធានាធិបតី​ភូមា​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ការណ៍​ដែល​មេដឹកនាំ​គណបក្ស​ជំទាស់​លោក​ស្រី អ៊ុងសាន​ស៊ូជី ​សម្រេច​នឹង​មិន​មក​យក​កៅអី​របស់​លោកស្រី​នៅ​ក្នុង​រដ្ឋសភា​នោះ ​ជា​ការ​សម្រេច​របស់​លោកស្រី​ទេ។ នេះ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ព័ត៌មាន​ជប៉ុន​ នៅ​ពេល​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ពាក្យ​ប្រើ​នៅ​ក្នុង​សម្បថ​ចូល​កាន់​តំណែង។

បារាំង៖ អ្នក​សង្គម​និយម ​លោក Francois Hollande​ បាន​លេច​ធ្លោ​ជា​អ្នក​ដឹក​មុខ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បារាំង​ ដោយ​មាន​សំឡេង​លើស​បន្ដិច​ពី​ប្រធានាធិបតី ​Nicolas Sarkozy ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​មួយ។

ស៊ីរី៖ ក្រុម​អ្នក​សេង្កេតការណ៍​ចំនួន​តូច​មួយ​របស់​អសប​នៅ​ក្នុង​ប្រទេស​ស៊ីរី ​បាន​ចូល​ទៅ​ពិនិត្យ​មើល​តំបន់​ជាយ​ក្រុង​ដាម៉ាស ​ហៅ​ Zabani​ ដោយ​សង្ឃឹម​ថា​នឹង​ពង្រឹង​បទ​ឈប់បាញ់​គ្នា​ដែល​មិន​បាន​ដំណើរការ​ជាង​១៣​ខែ​នៃ​ការ​បះបោរ។

ភូមា៖ សហភាព​អឺរ៉ុប​បាន​ផ្អាក​ការ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​ និង​បុគ្គល​ដ៏​ ទូលំទូលាយ​លើ​ប្រទេស​ភូមា​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ លើកលែង​តែ​ការ​បន្ត​ហាមឃាត់​មិន​ឲ្យ​លក់​អាវុធ។ នេះ​បើ​តាម​អ្នក​ការ​ទូត​និយាយ​ប្រាប់​បណ្ដាញ​ព័ត៌មាន​បារាំងអាអេហ្វប៉េ។

វៀតណាម៖ អតិផរណា​របស់​ប្រទេស​វៀតណាម​បាន​ចុះ​ថយ​ក្នុង​រយៈពេល​៨​ខែ​ជាប់ៗ​គ្នា​ក្នុង​ខែ​មេសា​នេះ​ តាម​អត្រា​ទាប​បំផុត​ក្នុង​មួយ​ឆ្នាំ។ តួ​លេខ​តាម​ផ្លូវការ​របស់​រដ្ឋាភិបាល​បង្ហាញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​នៅ​ពេល​ដែល​ក្រុម​អ្នក​ជំនាញ​ព្រមាន​អំពី​សញ្ញា​នៃ​ភាព​នឹងនរ​សេដ្ឋកិច្ច។

ម៉ាឡាវី៖ ប្រទេស​ម៉ាឡាវី ​កំពុង​រៀបចំ​ធ្វើបុណ្យ​បូជា​ប្រធានាធិបតី ​លោក ​Bingu Wa​ Mutharika ​ដែល​បាន​ទទួលមរណភាព ​ដោយសារ​គាំង​បេះដូង​កាល​ពី​ដើម​ខែ​នេះ។

ស៊ូដង់៖ សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​និង​មន្ដ្រី​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​ និយាយ​ថា​យន្ដហោះ​ស៊ូដង់​បាន​ទម្លាក់​គ្រាប់បែក​មក​លើ​តំបន់​ព្រំដែន​ស៊ូដង់​ខាងត្បូង​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ម្នាក់​ស្លាប់។

កូរ៉េ​ខាង​ជើង៖ កូរ៉េ​ខាង​ជើង​បាន​គំរាមថា​នឹង​ចាត់​វិធានការ​ពិសេស​មួយ​ប្រឆាំង​ កូរ៉េ​ខាងត្បូង​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និយាយ​ថា​ នឹង​វាយ​កម្ទេច​រដ្ឋាភិបាល​របស់​ប្រធានាធិបតី លី ម្យុង​ បាក​ ក្នុង​រយៈពេល​៤​នាទី។

ជប៉ុន៖ យុវជន​ជប៉ុន​ម្នាក់​អាយុ​១៦​ឆ្នាំ​នឹង​បាន​ត្រូវ​ជួបជុំ​ជាមួយ​បាល់ទាត់​ជា​ទី​គាប់​ចិត្ដ​របស់​គាត់​ ដោយ​គេ​បាន​រក​ឃើញ​បាល់​នោះ​ អណ្ដែត​ចូល​មក​ដល់​កោះ​មួយ​នៅ​រដ្ឋអាឡាស្កា ឆ្លង​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វីក​នៅ​ពេល​មាន​រលក​ស៊ូណាមិ ​កាល​ពី​ឆ្នាំ​មុន។

ចិន-អាមេរិក៖ ចំនួន​ទេសចរ​ជាតិ​ចិន​ដែល​ចូល​មក​ទស្សនា​ស.រ.អ. ​កាន់​តែ​ច្រើន​ឡើង​ ធ្វើ​ឲ្យ​ពាណិជ្ជករ​អាមេរិកាំង​មាន​ចិត្ដ​រីករាយ​ដ៏​ខ្លាំង។

XS
SM
MD
LG