កងរក្សាសន្តិភាពអ.ស.បមកពីប្រទេសកម្ពុជាបានមកដល់តំបន់ឯករាជ្យថ្មីៗរបស់ប្រទេស ស៊ូដង់ខាងត្បូងហើយ។ មន្ត្រីកម្ពុជានិយាយថា កងកម្លាំងរក្សាសន្តិសុខទាំងនោះ រាប់បញ្ជូលទាំងយោធា ប៉ូលីល និងពេទ្យផងដែរ។
កងកម្លាំងរក្សាសន្តិភាពកម្ពុជានឹងចាប់ផ្តើមផ្តល់សេវាកម្មសុខាភិបាលដល់ពលរដ្ឋក្នុងប្រទេសស៊ូដង់ខាងត្បូងនៅក្នុងសប្តាហ៍នេះ។
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានបង្កើតបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសស៊ូដង់ខាងត្បូងកាលពីឆ្នាំទៅ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ស៊ីរី៖ លោកអគ្គលេខាធិការអ.ស.ប បាន គី ម៊ូន (Ban Ki-moon) ថ្លែងថា ប្រទេសស៊ីរីមិនទាន់អនុវត្តពេញលេញទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាទាំងស្រុងទេ ប៉ុន្តែលោកបានអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ឱ្យអនុញ្ញាតឲ្យមានបេសកកម្មអ្នកសង្កេតការណ៍៣ខែ។
ចិន/ហ្វីលីពីន៖ ភាពតានតឹងរយៈពេល៩ថ្ងៃផ្នែកកងទ័ពជើងទឹកចិននិងហ្វីលីពីនមិនបានបង្ហាញសញ្ញានៃការធូរស្រាលជាងមុនទេនៅថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលក្រុងប៉េកាំងបញ្ជូនកងនាវាចម្បាំងដ៏មានឥទ្ធិពលទៅកាន់ទីប្រជុំកោះនៃសមុទ្រចិនខាងត្បូងដែលមានជម្លោះនោះ។
អ៊ីរ៉ាក់៖ អាជ្ញាធរអ៊ីរ៉ាក់និយាយថា ការវាយប្រហារដ៏ខ្លាំងមួយបានសម្លាប់មនុស្ស យ៉ាងតិច៣៥នាក់ និង ធ្វើឲ្យរបួសជាង១០០នាក់។ ព្រឹត្តិការណ៍នេះកើតឡើងនៅក្នុងរដ្ឋធានីនិងទីក្រុងនានាស្ថិតនៅភាគខាងជើងប្រទេស។
កូរ៉េ៖ កូរ៉េខាងត្បូងនិយាយថា ខ្លួននឹងដាក់ពង្រាយកាំជ្រួចផ្លោងថ្មីតាមសមុទ្រដែលអាចវាយប្រហារកូរ៉េខាងជើងនិងទីតាំងកាំជ្រួចរបស់កូរ៉េខាងជើងបាន។
ឥណ្ឌា៖ ឥណ្ឌានិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានសាកល្បងកាំជ្រួចប្រកបដោយជោគជ័យដែលកាំជ្រួចនោះអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានចម្ងាយរហូតដល់ក្រុងប៉េកាំង។ ឥណ្ឌាបានប្រកាសថាខ្លួនជាប្រទេសមានឥទ្ធិពលខាងកាំជ្រួចមីស៊ីលដ៏ខ្លាំងក្លាមួយ។
បាគីស្ថាន/ឥណ្ឌា៖ អគ្គមេបញ្ជាការទ័ពបាគីស្ថាន លោកឧត្តមសេនីយ៍ អាហ្វាក ប៉ាវ៉េ កាយានី (Ashfaq Parvez Kayani) អំពាវនាវឲ្យមានការដកកងទ័ពក្នុងតំបន់ភ្នំទឹកក ស៊ីអាចិន (Siachen) ដែលមានកងទ័ពបាគីស្ថាន និងកងទ័ពឥណ្ឌារាប់ពាន់នាក់ ដែលឈរបោះទីតាំងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក។
ភូមា៖ ស.រ.អា អង់គ្លេស អូស្រ្តាលី និងបណ្តាប្រទេសអឺរ៉ុបដទៃទៀតបានឆ្លើយតបទៅនឹងកំណែទម្រង់នយោបាយនិងការបោះឆ្នោតថ្មីៗក្នុងប្រទេសភូមា ដោយបានលើកលែងការដាក់កម្រិតទិដ្ឋាការ និងការរឹតត្បិតផ្នែកហិរញ្ញវត្ថុខ្លះដែលត្រូវបានដោយសារតែការរំលោភសិទ្ធិមនុស្ស។