ប្រទេសចិនបានចូលរួមជាមួយមហាអំណាចផ្សេងៗទៀតរបស់ពិភពលោកនៅក្នុងការព្រមានប្រទេសកូរ៉េខាងជើងថា ពួកគេនឹងមិនអត់ទ្រាំដល់សកម្មភាពបង្កហេតុផ្សេងទៀត បន្ទាប់ពីប្រទេសឯកកោនេះបានបាញ់បង្ហោះកាំជ្រួចរ៉ុក្កែតមិនបានទទួលជោគជ័យកាលពីសប្តាហ៍មុន។
លោកស្រីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទម្សិលមិញក្នុងទីក្រុង Brasilia ប្រទេសប្រេស៊ីលថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមមានចិនផង បានព្រមព្រៀងគ្នាថានឹងមានផលវិបាកកាន់តែខ្លាំងឡើងថែមទៀតនៅក្នុងសកម្មភាពបង្កហេតុមួយផ្សេងទៀតរបស់កូរ៉េខាងជើង។ រូបថតផ្កាយរណបកាលពីពេលថ្មីៗនេះបង្ហាញថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងអាចប្រុងប្រៀបរៀបចំការធ្វើតេស្តនុយក្លេអ៊ែរនៅក្រោមដី។
បណ្តាញផ្សាយព័ត៌មានដែលរដ្ឋត្រួតត្រារបស់ចិនក៏កំពុងបង្ហាញការរកាំចិត្តដល់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដែរ ដោយកត់សម្គាល់ថា ចិនបានប្រកាន់ជំហរថ្កោលទោសយ៉ាងច្បាស់ដល់សម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់ខ្លួននៅពេលដែលខ្លួនគាំទ្រសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានរិះគន់ការបាញ់បង្ហោះរ៉ុក្កែតនេះ។
ព័ត៌មានថ្មី៖ រូបភាពនៃការដឹកយានអវកាស Discovery ហោះទៅកាន់សារមន្ទីរជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន
ព័ត៌មានអន្តរជាតិដទៃសំខាន់ៗដទៃទៀត៖
អ៊ីរ៉ង់-អាមេរិក៖ លោកស្រីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានច្រានចោលសំណើរបស់អ៊ីរ៉ង់ដើម្បីដោះស្រាយក្តីព្រួយកង្វល់របស់អន្តរជាតិអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប្រសិនបើប្រទេសលោកខាងលិចលុបចោលការដាក់ទណ្ឌកម្ម ដោយលោកស្រីមានប្រសាសន៍ថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ (Tehran) ត្រូវតែបញ្ឈប់សកម្មភាពនុយក្លេអ៊ែរជាមុនសិន។
អាមេរិក៖ ពួកខាងគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកបានរាំងខ្ទប់សេចក្តីព្រាងច្បាប់មួយដែលនឹងអនុញ្ញាតិឲ្យយកពន្ធថ្មីក្នុងចំនួនអប្បបរមាដល់ពួកមហាសេដ្ឋីជាផែនការមួយដែលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានជំរុញឲ្យមាននៅពេលដែលគណបក្សទាំង២បានបង្ហាញសំណើស្តីពីពន្ធដារនិងសេដ្ឋកិច្ចនៅឆ្នាំបោះឆ្នោត។
ម៉ាឡេស៊ី៖ សភានៃប្រទេសម៉ាឡេស៊ីបានអនុម័តសេចក្តីព្រាងច្បាប់មួយដែលមានបំណងរារាំងមិនឲ្យប៉ូលីសឃុំខ្លួនជនសង្ស័យគ្មានពេលកំណត់ឬក៏ចាប់ខ្លួនពួកគេដោយសារតែជំនឿខាងនយោបាយ។
ទីម័រខាងកើត៖ លោក Taur Matan Ruak អតីតមេដឹកនាំឯករាជ្យបានឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៃប្រទេសទីម័រខាងកើត។
ឥណ្ឌា៖ លោកនាយករដ្ឋមន្រ្តី Manmohan Singh នៃប្រទេសឥណ្ឌា បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា ពួកឧទ្ទាមម៉ៅនិយមបន្តធ្វើការគំរាមកំហែងយ៉ាងធំដល់សន្តិសុខក្នុងប្រទេស។
ស៊ូដង់៖ សភានៃប្រទេសស៊ូដង់បានប្រកាសថា ស៊ូដង់ខាងត្បូងដែលជាសត្រូវបានពង្រីកអំពើហឹង្សានៅតាមបណ្តាយព្រំដែនរវាងប្រទេសទាំងពីរ។