សេតវិមាននិយាយថាលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាពិចារណាផ្តល់ជំនួយ «មិនមែនជាអាវុធ» ទៅឱ្យពួកឧទ្ទាមស៊ីរីនៅក្នុងការបះបោររបស់ពួកគេដែលមានរយៈពេលមួយឆ្នាំមកហើយ ដែលប្រឆាំងនឹងមេដឹកនាំផ្តាច់ការរបស់ប្រទេសឈ្មោះបាសារ អាល់ អាសាដ។
លោកអូបាម៉ាបានពិភាក្សាអំពីវិធីជួយពួកឧទ្ទាមជាមួយលោកនាយករដ្ឋមន្ត្រី រីស៊ីប តាយីប អេដូហ្កាន នៃប្រទេសតួកគីកាលពីថ្ងៃអាទិត្យក្នុងក្រុងសេអ៊ូល ដែលនៅទីនោះលោកទាំងពីរនាក់នឹងចូលរួមក្នុងសន្និសីទកំពូលសន្តិសុខបរមាណូ។ លោកបេន រ៉ូដស៍ ទីប្រឹក្សារងខាងសន្តិសុខជាតិអាមេរិក បាននិយាយថាមេដឹកនាំទាំងពីរនាក់នេះបានយល់ស្របគ្នាថានឹងលើកយកបញ្ហាផ្តល់ជំនួយមិនមែនជាអាវុធទៅនិយាយនៅក្នុងការប្រជុំមួយនៃ «ក្រុមប្រទេសជាមិត្តរបស់ស៊ីរី» នៅក្នុងប្រទេសតួកគីនៅថ្ងៃទីមួយខែមេសា។ លោក រ៉ូដស៍ បានថ្លែងថាជំនួយបែបនេះអាចមានរួមបញ្ចូលឧបករណ៍ពេទ្យនិងឧបករណ៍ទំនាក់ទំនង តែមិនមែនអាវុធទេ។
កូរ៉េខាងត្បូង៖ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ានិងលោកប្រធានាធិបតីកូរ៉េខាងត្បូង លីម្យុង បាក់ បានជួបគ្នានៅក្នុងក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យហើយបានបង្ហាញរណសិរ្សរួបរួមមួយប្រឆាំងនឹងលទ្ធភាពនៃការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។
នៅក្នុងសន្និសីទកាសែតរួមគ្នាមួយនៅក្រោយជំនួបរបស់លោកទាំងពីរ លោកអូបាម៉ាបានមានប្រសាសន៍ថាកូរ៉េខាងជើងនឹងមិនបានសម្រេចអ្វីទ្បើយដោយធ្វើការគំរាមកំហែង ហើយលោកបានមានប្រសាសន៍ទៀតថាកូរ៉េខាងជើងនឹងឋិតនៅឯកោដាច់ពីគេជាងមុនថែមទៀត បើខ្លួនបង្ហោះកាំជ្រួចផ្លោងតាមការប្រកាសនៅខែក្រោយ។
លោកលីយល់ស្របជាមួយលោកអូបាម៉ាដោយបានហៅការបង្ហោះកាំជ្រួចមានវង់ប្រតិបត្តិការឆ្ងាយដែលកូរ៉េខាងជើងគ្រោងនឹងអនុវត្ត ថាជាសកម្មភាពបង្ករឿងដែលគំរាមកំហែងដល់សន្តិភាពសាកលលោក ហើយជាការប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិនិងកិច្ចព្រមព្រៀងមួយជាមួយអាមេរិក។
លោកអូបាម៉ាក៏បានមានប្រសាសន៍ដែរថាប្រទេសចិន «ផ្តល់រង្វាន់ដល់ទង្វើអាក្រក់» ដោយ «ធ្វើមិនឃើញការបង្ករឿងដោយចេតនា» របស់កូរ៉េខាងជើង។ លោកប្រធានាធិបតីបានសុំដល់ចិនឱ្យប្រើឥទ្ធិពលរបស់ខ្លួនដើម្បីលើកទឹកចិត្តកូរ៉េខាងជើងឱ្យបញ្ឈប់អាកប្បកិរិយាបែបនេះ។
អាហ្វហ្គានីស្ថាន៖ អាជ្ញាធរអាហ្វហ្គានីស្ថាននិយាយថាអាមេរិកបានបង់ប្រាក់រាប់ម៉ឺនដុល្លារទៅឱ្យគ្រួសារនៃពួកជនរងគ្រោះដែលបានត្រូវបាញ់សម្លាប់ដោយទាហានអាមេរិកាំងម្នាក់។
អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីនៅអាហ្វហ្គានីស្ថាននិយាយថាការផ្ទុះគ្រាប់បែកមួយគ្រាប់បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៨នាក់ស្លាប់ ដោយមានរួមបញ្ចូលទាំងប៉ូលីសមួយចំនួនផងដែរ។ អាជ្ញាធរថ្លែងថាការផ្ទុះនេះបានកើតមានទ្បើងកាលពីថ្ងៃសៅរ៍នៅក្នុងក្រុងអាហ្កាដាប់ ក្នុងខេត្ត Kandahar នាប៉ែកខាងត្បូងប្រទេស។
សេណេហ្កាល់៖ ធ្វើការបោះឆ្នោតប្រធានាធិបតីជុំទីពីរកាលពីថ្ងៃអាទិត្យដែលជាការប្រកួតប្រជែងរវាងប្រធានាធិបតីអាយុ៨៥ឆ្នាំនិងគូប្រជែងម្នាក់ដែលមានការគាំទ្រពីពួកមេដឹកនាំក្រុមប្រឆាំង១២នាក់ទៀត។
មិចស៊ិក៖ សម្តេចប៉ាប បេណេឌិក Benedict បានប្រារព្ធពិធីសូត្រធម៌ម៉ាស Mass នៅមុខក្រុមអ្នកកាន់គ្រឹស្តសាសនានិកាយ កាតូលិក រាប់ម៉ឺននាក់ក្នុងក្រុងស៊ីឡាវ នាប៉ែកកណ្តាលនៃប្រទេសមិចស៊ិក។
អេហ្ស៊ីប៖ ពួកអ៊ីស្លាមនិយមអេហ្ស៊ីបបានទទួលកៅអីភាគច្រើន នៅក្នុងគណៈកម្មការមួយមានសមាជិក១០០នាក់ដែលបានត្រូវចាត់ឱ្យព្រាងរដ្ឋធម្មនុញ្ញថ្មីមួយដែលក្រុមមិនមានសាសនាជាធំនិងពួកអភិរក្សនិយមព្រួយបារម្ភថានឹងបង្កើនមុខនាទីរបស់សាសនាអ៊ីស្លាមក្នុងសង្គម។
បារាំង៖ ពួករដ្ឋអាជ្ញាបានដាក់ពាក្យចោទប្រកាន់ដំបូងប្រឆាំងនឹងបងប្រុសរបស់ជនប្រដាប់អាវុធអ៊ីស្លាមនិយមម្នាក់ដែលបានបាញ់សម្លាប់មនុស្ស៧នាក់ក្នុងការបាញ់កាំភ្លើងដូចកម្រោលចូលក្នុងប៉ែកនិរតីនៃប្រទេសបារាំងកាលពីពេលមុននេះក្នុងខែនេះ។