ចិន៖ ជាលើកដំបូងបង្អស់ ក្រសួងយុត្តិធម៌ចិនបានបញ្ជាឲ្យមេធាវីធ្វើសច្ចាប្រណីធានសំដែងភក្តីភាពចំពោះគណបក្សកុម្មុយនីស្ត។ ចំណាត់ការនេះបានធ្វើឲ្យមេធាវីសិទ្ធិមនុស្សដែលការពារក្តីពួកអ្នករិះគន់រដ្ឋាភិបាលផ្តាច់ការនៅក្រុងប៉េកាំងមានកំហឹងជាខ្លាំង។ សច្ចាប្រណិធាននេះតម្រូវឲ្យមេធាវី «ធ្វើសេចក្តីប្តេជ្ញាថានឹងបំពេញបេសកកម្មពិសិដ្ឋជាអ្នកតំណាងច្បាប់ដោយស្មោះស្ម័គ្រចំពោះប្រព័ន្ធសង្គមនិយមតាមលក្ខណៈជាចិន» ឲ្យស្មោះត្រង់នឹងមាតុប្រទេស និងប្រជារាស្រ្ត លើកស្ទួយក្រុមមេដឹកនាំនៃគណបក្សកុម្មុយនិស្តចិន និងប្រព័ន្ធសង្គមនិយម។
មេធាវីពី ហ្ស៊ីជាង បានប្រាប់ក្រុមផ្សាយជាភាសាចិនកុកងឺរបស់វីអូអេថា ពាក្យបញ្ជារបស់គណកម្មាធិការគោលនយោបាយនិងច្បាប់របស់គណបក្សកុម្មុយនីស្តមានភាពច្របូកច្របល់តាំងពីយូរមកហើយ។
ភូមា៖ មន្រ្តីអាមេរិកាំងនិងអឺរ៉ុបនិយាយថា អស់លោកបានទទួលសេចក្តីអញ្ជើញឲ្យបញ្ជូនក្រុមអ្នកសង្កេតការណ៍ទៅមើលការបោះឆ្នោតកណ្តាលអាណត្តិនៅថ្ងៃទី១ខែមេសា។ ស្រីអ្នកនាំពាក្យស្ថានទូតអាមេរិក នៅក្រុងរ៉ង់ហ្គូន បានបញ្ជាក់ប្រាប់ វីអូអេ និងអង្គការផ្សាយព័ត៌មានដទៃទៀត អំពីសេចក្តីអញ្ជើញនេះ កាលពីថ្ងៃពុធ។ នៅពេលលោកស្រីអង់ឌ្រែន នុតស្មាន ថ្លែងថាសហរដ្ឋអាមេរិក មានការលើកទឹកចិត្តចំពោះសេចក្តីអញ្ជើញនេះ អាមេរិកក៏មានសេចក្តីព្រួយបារម្ភផងដែរចំពោះសេចក្តីរាយការណ៍ដែលថា មានភាពមិនប្រក្រតីជាច្រើននៅក្នុងការរៀបចំការបោះឆ្នោតនេះ។
ស៊ីរី៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តតាមសេចក្តីថ្លែងការណ៍មួយ ដើម្បីគាំទ្រផែនការរបស់លោក ខួហ្វី អាណាន់ ប្រេសិតរបស់អង្គការនេះ និងសមាគមប្រទេសអារ៉ាប់ ដែលមានគោលបំណងចង់បញ្ចប់ការបះបោរមួយឆ្នាំរបស់ប្រទេសស៊ីរី។
បារាំង៖ កងនគរបាលបារាំងកំពុងចរចាជាមួយបុរសជាប់សង្ស័យក្នុងការបាញ់សម្លាប់មនុស្ស៧នាក់ រួមមានកុមារជាតិជ្វីហ្វ៣នាក់ នៅក្នុងសាលារៀនមួយក្នុងទីក្រុងទូលូ នាភាគនិរតី។
សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោក មីតរ៉មនី បានពង្រីកការនាំមុខរបស់លោក ក្នុងការប្រកួតឲ្យបានការតែងតាំងរបស់គណបក្ស នៅពេលដែលគូប្រជែងកៀកបំផុតរបស់លោក កំពុងផ្តោតទៅលើការប្រកួតលើកក្រោយនៅភាគខាងត្បូង ដែលលោករ៉មនី មានការលំបាកក្នុងការប្រជែងយកអ្នកគាំទ្រ។
ម៉ាលី៖ បណ្តាញវិទ្យុនិងទូរទស្សន៍រដ្ឋបានបញ្ឈប់កម្មវិធីផ្សាយក្នុងរដ្ឋធានី នៅកន្លែងដែលក្រុមទាហានបានធ្វើបាតុកម្មមួយកាលពីថ្ងៃពុធ ដើម្បីតវ៉ាប្រឆាំងនឹងការដោះស្រាយរបស់រដ្ឋាភិបាលអំពីការបះបោរ។
ហ្គីណេប៊ីសូ៖ នឹងត្រូវធ្វើការបោះឆ្នោតផ្តាច់ព្រាត់មួយដើម្បីជ្រើសរើសប្រធានាធិបតី បន្ទាប់ពីគ្មានបេក្ខជនណាម្នាក់បានឈ្នះសម្លេងភាគច្រើន នៅក្នុងការបោះឆ្នោតលើកទីមួយ កាលពីថ្ងៃអាទិត្យ។