បេក្ខជនប្រធានាធិបតី មីត រ៉មនី (Mitt Romney) បានយកជ័យជម្នះតាមសំឡេងតិចតួចក្នុងការបោះឆ្នោតបឋមនៅក្នុងរដ្ឋអូហៃយ៉ូ (Ohio) ដែលជាជ័យជម្នះដ៏ធំក្នុងចំណោមរដ្ឋ១០នៃការបោះឆ្នោតកាលពីថ្ងៃអង្គារ។
ដោយសន្លឹកឆ្នោតរាប់ជិតអស់នៅព្រឹកថ្ងៃពុធ លោក រ៉មនី ដឹកមុខគេដោយសំឡេង១២.០០០ គឺត្រឹមតែ១%ប៉ុណ្ណោះ លើសអតីតព្រឹទ្ធសមាជិករីក សន់ថូរ៉ុម (Rick Santorum)។ ជ័យជម្នះក្នុងរដ្ឋអូហៃយ៉ូ ជាជ័យជម្នះលើកទី៤ ក្រោយពីបានយកជ័យជម្នះក្នុងរដ្ឋវើម៉នថ៍ (Vermont) រដ្ឋ វីជីនៀ (Virginia) និងរដ្ឋ ម៉ាស្សាឈូស៊ែតថ៍ (Massachussetts) ដែលលោកធ្លាប់បម្រើជាអភិបាលរដ្ឋ។
ថ្លែងនៅក្នុងក្រុងបូស្ដិន (Boston) រដ្ឋម៉ាស្សាឈូស៊ែតថ៍ លោក រ៉មនី ទស្សន៍ទាយថា លោកនឹងបានទទួលការតែងតាំងជាបេក្ខជនរបស់គណបក្សសាធារណរដ្ឋជាមិនខាន។ លោកថ្លែងថា «យប់នេះ យើងកំពុងរាប់សន្លឹកឆ្នោត។ យើងរាប់ចំនួនប្រតិភូដែលទៅបោះឆ្នោត។ យើងមានសង្ឃឹម។ យើងរាប់ថ្ងៃរហូតដល់ខែវិច្ឆិកា ហើយយើងសង្ឃឹមច្រើនដែរ។ យើងនឹងទទួលជ័យជម្នះ យកសេតវិមានជាមិនខាន»។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ថៃ-ជប៉ុន៖ នៅក្នុងទស្សនកិច្ចជាផ្លូវការកាលពីថ្ងៃអង្គារនៅក្នុងប្រទេសជប៉ុននាយករដ្ឋមន្ដ្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានចាប់ផ្ដើមយុទ្ធនាការដើម្បីធ្វើឲ្យមានការទុកចិត្ដគ្នាទៅវិញទៅមកជាមួយក្រុមអ្នកវិនិយោគជប៉ុន នៅក្រោយពីមានការបំផ្លិចបំផ្លាញដោយទឹកជំនន់កាលពីឆ្នាំមុន។
ស៊ីរី៖ ប្រធានអង្គការមនុស្សធម៌របស់អ.ស.ប. នឹងធ្វើដំណើរទៅកាន់ប្រទេសស៊ីរីនៅថ្ងៃពុធនេះ ដើម្បីជួយជំរុញឲ្យមានការអនុញ្ញាតបើកផ្លូវដល់អង្គការជួយសង្រ្គោះយកជំនួយទៅឲ្យជនរងគ្រោះ និងដឹកអ្នករបួសចេញ។
កូរ៉េខាងជើង៖ ប្រេសិតពិសេសពីរនាក់ពីអាមេរិកកំពុងស្ថិតនៅក្នុងទីក្រុងប៉េកាំង ដើម្បីបើកការចរចាជាមួយកូរ៉េខាងជើងមកលើសេចក្ដីពិស្ដារនៃផែនការមួយដែលនឹងផ្ដល់ជំនួយអាហារស.រ.អ.ចំនួន២៤០.០០០តោន ទៅឲ្យប្រទេសកុម្មុយនិស្តនោះ។
ឥណ្ឌា៖ មេដឹកនាំគណបក្សកាន់អំណាចនៅក្នុងប្រទេសឥណ្ឌា និយាយថា អ្នកកាន់សន្លឹកឆ្នោតមិនសប្បាយចិត្ដចំពោះបេក្ខជនរបស់គណបក្ស ដែលជាមូលហេតុមួយនៃការចាញ់សន្លឹកឆ្នោតក្នុងការបោះឆ្នោតនៅក្នុងរដ្ឋឧត្តរប្រទេស (Uttar Pradesh) ដែលមានប្រជាជនច្រើនជាងគេរបស់ឥណ្ឌាកាលពីពេលថ្មីៗនេះ។
ចិន-អាមេរិក៖ នៅថ្ងៃពុធ រដ្ឋាភិបាលចិនបានរិះគន់សភាស.រ.អ. ដែលបានអនុម័តច្បាប់មួយដែលអនុញាតឲ្យស.រ.អ.យកពន្ធដារមកលើទំនិញទិញចូលពីប្រទេសចិន និងពីប្រទេសដែលមានសេដ្ឋកិច្ចរដ្ឋកាន់កាប់។
អាមេរិក៖ ឯកសារកំណត់ហេតុមួយរបស់អតីតប្រធានាធិបតីអាមេរិក រីឆាត នីកសុន (Richard Nixon) ដែលទើបនឹងត្រូវផ្សព្វផ្សាយបង្ហាញឲ្យឃើញថា លោកមានចិត្ដព្រួយបារម្ភថា ការកាប់សម្លាប់នៅលើទីលាន ធានអានមេន (Tiananmen) ប្រទេសចិនកាលពីឆ្នាំ១៩៨៩ អាចបំផ្លាញទំនាក់ទំនងគ្នារវាងចិននិងសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍។
អ៊ីរ៉ង់៖ មេបញ្ជាការយោធាកណ្ដាលរបស់ស.រ.អ.និយាយថា ប្រទេសអ៊ីរ៉ង់ជាការគំរាមដ៏ធំបំផុតមកលើសន្ដិសុខនៃតំបន់មជ្ឈឹមបូព៌ា ហើយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ខិតខំខ្លាំងដើម្បីរក្សាអំណាចឲ្យប្រធានាធិបតី Bashar Al Assad។
ទីបេតិ៍៖ មន្ដ្រីចិនព្យាយាមបន្តុះបង្អាប់ដល់ជនជាតិទីបេតិ៍ដែលបានធ្វើអត្ដឃាតដោយដុតខ្លួនឯង ក្នុងការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងចិននៅតំបន់របស់ពួកគេ។
ភូមា៖ រដ្ឋមន្ដ្រីក្រសួងការបរទេសនៃប្រទេសនូវែលសេឡង់បានអំពាវនាវដល់ប្រទេសភូមាឲ្យបន្ដការកែទម្រង់តាមបែបប្រជាធិបតេយ្យនៅពេលលោកបញ្ចប់ទស្សនកិច្ចពីរថ្ងៃក្នុងប្រទេសភូមា។
កេនយ៉ា៖ អាចារ្យពុទ្ធសាសនាមកពីប្រទេសជប៉ុន បានរៀបចំពិធី សូត្រធម៌ផ្សះផ្សាគ្នាមួយក្នុងកិច្ចប្រឹងប្រែងដើម្បីជួយក្រុមអំបូរផ្សេងៗនៃប្រទេសកេនយ៉ាឲ្យឈប់ច្បាំងគ្នា។
អាហ្វហ្គានីស្ថាន៖ ទាហានជាតិអង់គ្លេស៦នាក់បានស្លាប់ក្រោយពីរថយន្ដពាសដែករបស់ខ្លួនបានបើកលើគ្រាប់មីនកប់តាមផ្លូវ។