ពេលដែលក្រុមមន្ត្រីធនាគារពិភពលោកបន្តការស្វែងរកមន្ត្រីម្នាក់ឱ្យជំនួសលោកនាយក រ៉ីបឺត ហ្សូលីក Robert Zoellick ប្រធានចេញពីតំណែងនាយកប្រតិបត្តិម្នាក់នៃអង្គភាពផ្តល់ប្រាក់កម្ចីជាសាកលមួយនេះសន្យាថាដំណើរការជ្រើសរើសនឹងមានតម្លាភាពនិងផ្អែកលើសមត្ថភាព។
លោកហេគីនុស មាណាវ នាយកប្រតិបត្តិនៃធនាគារពិភពលោកបានទទួលស្គាល់ថាមានមនុស្សច្រើននាក់មិនពេញចិត្តអំពីទម្លាប់របស់ធនាគារនេះ ដែលតែងតែជ្រើសរើសជនជាតិអាមេរិកាំងម្នាក់ជាប្រធានរបស់ខ្លួន។ តែលោកបាននិយាយប្រាប់ផ្នែកផ្សាយជាភាសាឥណ្ឌូណេស៊ីនៃវីអូអេក្នុងបទសម្ភាសន៍មួយថាធនាគារពិភពលោកប្តេជ្ញានឹងជ្រើសរើសបេក្ខជនដែលមានគុណវឌ្ឍបំផុត។
ភូមា៖ កាលពីថ្ងៃអង្គារ លោកស្រីអោង សានស៊ូជី មេដឹកនាំប្រជាធិបតេយ្យភូមាបានព្យាយាមធានាដល់ក្រុមយោធាដ៏មានឥទ្ធិពលថា គណបក្សប្រឆាំងរបស់លោកស្រីមិនចង់ឱ្យមានការប្រឈមមុខជាមួយពួកគេទេ នៅពេលដែលលោកស្រីធ្វើការឃោសនាបោះឆ្នោតនៅមុនការបោះឆ្នោតក្នុងខែមេសាក្នុងរដ្ឋធានី។
ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះបានមានប្រសាសន៍ខាងលើពីរដងទៅកាន់ក្រុមអ្នកគាំទ្រលោកស្រីរាប់ពាន់នាក់ដែលបានអបអរសាទរទទួលលោកស្រីនៅក្នុងជំរុំពួកយោធានៅក្រុងណាយពីតាវ Naypyitaw។ ក្នុងសារមួយទៅកាន់ស្ថាប័នយោធា លោកស្រីអោង សានស៊ូជីបានមានប្រសាសន៍ថាគណក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD របស់លោកស្រីដែលបានរងការធ្វើទុក្ខបុកម្នេញដោយអតីតក្រុមប្រឹក្សាយោធានៃប្រទេសភូមាយូរមកហើយ ពេលនេះស្វាគមន៍ការគាំទ្រដោយក្រុមយោធា។
លោកស្រីអោង សានស៊ូជី បានមានប្រសាសន៍ថា «មានពួកទាហានជាច្រើននៅក្នុងមណ្ឌលនេះ។ ខ្ញុំសូមស្វាគមន៍ក្រុមយោធា ហើយខ្ញុំចង់និយាយថាគណបក្ស NLD របស់យើងមិនមែនជាអង្គការមួយដែលនឹងប្រឈមមុខនឹងពួកយោធាទេ។ យើងចង់មានមោទនភាពនឹងពួកយោធា គឺក្រុមយោធាដែលប្រជារាស្ត្រទទួលយក។យើងចង់ឱ្យក្រុមយោធារបស់យើងទទូលបានការគោរពនៅក្នុងពិភពលោក ហើយយើងចង់ឱ្យពួកយោធាយើងជាក្រុមយោធាទំនើបផងដែរ។»
អ៊ីរ៉ង់៖ ប្រទេសជាមហាអំណាចទាំង៦ក្នុងពិភពលោកបានស្នើធ្វើការចរចាជាថ្មីជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីដោះស្រាយការសង្ស័យអំពីទំហំយោធានៃកម្មវិធីបរមាណូរបស់ប្រទេសអ៊ីរ៉ង់។
សហរដ្ឋអាមេរិក៖ ក្រុមអ្នកបោះឆ្នោតនៅក្នុង១០រដ្ឋនៃស.រ.អ.បានទៅស្ថានីយ៍បោះឆ្នោតដើម្បីបោះឆ្នោតនៅ«ថ្ងៃអង្គារដ៏ពិសេស»ដែលជាថ្ងៃបោះឆ្នោតសំខាន់បំផុតដើម្បីជ្រើសតាំងបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
ស៊ីរី៖ ឧត្តមស្នងការទទួលបន្ទុកកិច្ចការជនភៀសខ្លួននៃអង្គការសហប្រជាជាតិបាននិយាយថាមានប្រជារាស្ត្រស៊ីរីយ៉ាងហោចណាស់៩ពាន់នាក់បានរត់គេចខ្លួនចូលទៅលីបង់ ចាប់តាំងពីពេលដែលរដ្ឋាភិបាលស៊ីរីបានចាប់ផ្តើមធ្វើការបង្ក្រាបប្រកបដោយការបង្ហូរឈាមលើក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំទៅ។