ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប. បានថ្កោលទោសអ្វីដែលអង្គការនេះហៅថា ការរំលោភបំពានសិទ្ធិមនុស្សដ៏ធំធេងនិងមានលក្ខណៈជាប្រព័ន្ធ ដែលបង្កឡើងដោយរដ្ឋាភិបាលស៊ីរី ហើយអង្គការនេះបានអះអាងជាថ្មីថាត្រូវមានដំណោះស្រាយដ៏បន្ទាន់មួយចំពោះស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសនេះ។
នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍នេះនៅក្រុងហ្សឺណែវ (Geneva) ក្រុមប្រឹក្សានេះបានអនុម័តសេចក្តីសម្រេចមួយដោយអំពាវនាវឲ្យរដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់ អាសាដ (Basher al-Assad) ទប់ស្កាត់ជាបន្ទាន់នូវការរំលោភសិទ្ធិមនុស្សទាំងអស់និងការវាយប្រហារលើជនស៊ីវិល។ សេចក្តីសម្រេចនេះឆ្លុះបញ្ចាំងអំពីការស្លាប់ថ្មីៗរបស់អ្នកកាសែតស៊ីរីនិងបរទេសហើយនិងការរារាំងមិនឲ្យប្រជាជនទទួលបានការថែទាំសុខភាព។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
កូរ៉េខាងជើង៖ ការសម្រេចចិត្តរបស់កូរ៉េខាងជើងក្នុងការផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងកាំជ្រួចប្រតិបត្តិការឆ្ងាយត្រូវបានស្វាគមន៍ដោយប្រុងប្រយ័ត្ននៅតំបន់អាស៊ី ជាកន្លែងដែលប្រជាជនជាច្រើននៅចាំប្រវត្តិសាស្ត្រនៃការបំភ្លេចពាក្យសន្យា។
វៀតណាម/ចិន៖ ប្រទេសវៀតណាមបានតវ៉ាប្រឆាំងនឹងប្រទេសចិន ចំពោះការរំលោភបំពានជាញឹកញាប់លើអ្នកនេសាទរបស់ខ្លួនក្នុងដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូង។
សេណេហ្គាល់៖ ប្រទេសសេណេហ្គាល់កំពុងរៀបចំការបោះឆ្នោតផ្តាច់ព្រ័ត្រជ្រើសរើសប្រធានាធិបតីរវាងគណបក្សកាន់អំណាចរបស់លោក អាប់ឌូឡាយេ វ៉ាឌី (Abdoulaye Wade) និងអតីតសម្ព័ន្ធមិត្ត លោក ម៉ាកឃី សល (Macky Sall) ក្រោយពីដឹងលទ្ធផលបឋមនៃការបោះឆ្នោតជុំទីមួយកាលពីថ្ងៃអាទិត្យ ដែលបង្ហាញថាគ្មានបេក្ខជនណាទទួលបានសំឡេងភាគច្រើននោះឡើយ។
ភូមា៖ លោក ថេន សេន (Thei Sein) ប្រធានាធិបតីប្រទេសភូមាកំពុងជំរុញឲ្យមានការអត់ធ្មត់ពេលរដ្ឋាភិបាលរបស់លោកកំពុងអនុវត្តកំណែទម្រង់ជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមកាលពីជិតមួយឆ្នាំមុននេះ។
អ.ស.ប/អាហ្វ្រិក៖ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.កំពុងជំរុញឲ្យបណ្តាប្រទេសអាហ្វ្រិកខាងលិចរៀបចំសន្និសីទកំពូល ដើម្បីប្រឈមមុខនឹងសកម្មភាពចោរប្លន់តាមសមុទ្រដែលកំពុងកើតឡើងនៅតំបន់ឈូងសមុទ្រហ្គីណេ (Guinea)។ គណៈកម្មាធិការដែលមានសមាជិក១៥នាក់ នៅថ្ងៃពុធនេះបានអនុម័តជាឯកច្ឆ័ន្ទ នូវការសម្រេចមួយដែលអំពាវនាវឲ្យប្រទេសនានា និងអង្គការក្នុងតំបន់ឱ្យធ្វើយុទ្ធសាស្ត្រប្រឆាំងនឹងចោរសមុទ្រឲ្យបានទូលំទូលាយ។
តួកគី៖ មន្រ្តីតួកគីនិងបណ្តាញព័ត៌មាននិយាយថា គ្រាប់បែកមួយបានផ្ទុះនៅជិតការិយាល័យរបស់គណបក្សកាន់អំណាចក្នុងប្រទេសនេះ នៅក្រុងអ៊ីស្តានបុល (Istanbul)។ ប្រធានប៉ូលិសអ៊ីស្តានបុល ត្រូវគេស្រង់សម្តីថា មានមន្ត្រីប៉ូលិសជាច្រើនបានរងរបួសក្នុងការផ្ទុះគ្រាប់បែកនៅថ្ងៃព្រហស្បតិ៍នេះ។
អូតង់/អាហ្វហ្គានីស្ថាន៖ អង្គការអូតង់និយាយថា បុគ្គលិករបស់ខ្លួនពីរនាក់ត្រូវគេបាញ់ស្លាប់ក្នុងការវាយប្រហារមួយដែលបង្កដោយជនជាតិអាហ្វហ្គានីស្ថាន២នាក់ ដែលម្នាក់គេជឿថាជាទាហាន។
ឥណ្ឌា៖ ប៉ូលិសឥណ្ឌាបាននាំខ្លួនជនជាតិទីបេតិ៍និរទេសខ្លួនមួយក្រុម នៅពេលគេធ្វើបាតុកម្មនៅថ្ងៃព្រហស្បតិ៍នេះនៅក្រុងញូវដេលី នៅក្រៅកិច្ចប្រជុំរវាងលោក យ៉ាង ចេឈី (Yang Jiechi) រដ្ឋមន្ត្រីការបរទេសចិននិងសមភាគីរបស់លោកគឺរដ្ឋមន្ត្រីការបរទេសឥណ្ឌា។
អាហ្វ្រិកខាងត្បូង៖ គណបក្សកាន់អំណាចរបស់ប្រទេសអាហ្វ្រិកខាងត្បូងបានបណ្តេញលោក ជូលៀស ម៉ាលេម៉ា (Julius Malema) មេដឹកនាំយុវជនក្រោយពីមេដឹកនាំជាន់ខ្ពស់បានសម្រេចថា លោកមិនបានបង្ហាញការសោកស្តាយចំពោះការបែកបាក់ក្នុងសម្ព័ន្ធនេះ។
ចិន៖ អ្នកនិពន្ធជនជាតិទីបេតិ៍ដ៏ល្បីនិងរិះគន់ឥតសំចៃម្នាក់និយាយថា អាជ្ញាធរចិនបានទប់ស្កាត់មិនឲ្យអ្នកស្រីទទួលបានរង្វាន់មួយនៅផ្ទះរបស់ឯកអគ្គរដ្ឋទូតប្រទេសហូឡង់នៅក្រុងប៉េកាំងទេ។
ហ្វីលីពីន៖ ក្រុមម៉ូស្លីមបះបោរដ៏ធំបំផុតនៅប្រទេសហ្វីលីពីននិយាយថា ខ្លួនបានព្យួរការងាររបស់មេបញ្ជាការសំខាន់ៗចំនួន៣នាក់ ដែលទាក់ទងនឹងអំពើហិង្សាក្នុងខែតុលា ដែលបានសម្លាប់ទាហាន១៩នាក់ និងធ្វើឲ្យខូចកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារយៈពេលមួយឆ្នាំ។
ទីម័រខាងកើត៖ លោកប្រធានាធិបតី ចេសេ រ៉ាមូស ហរតា (Jose Ramos-Horta) នៃប្រទេសទីម័រខាងកើត បានព្យាយាមឈរឈ្មោះធ្វើជាប្រធានាធិបតីមួយអាណត្តិទៀត។ ការព្យាយាមរបស់លោកបានរងការរិះគន់នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលគណបក្សនយោបាយដ៏សំខាន់មួយនិយាយថា គេនឹងគាំទ្របេក្ខជនប្រឆាំងលោក។
កូរ៉េខាងត្បូង៖ សេចក្តីរាយការណ៍របស់រដ្ឋាភិបាលនិយាយថា ការនាំចេញធ្លាក់ចុះយ៉ាងខ្លាំងបានជំរុញឲ្យតុល្យភាពពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូងចុះទាបដូចកាលពីខែកុម្ភៈ ក្រោយពីមានឱនភាពក្នុងខែមុននេះ។
ថៃ៖ ប៉ូលិសនៅប្រទេសថៃនិយាយថា គេបានចាប់ខ្លួនពាណិជ្ជករន័រវែស ដែលសារភាពថា បានសម្លាប់មិត្តស្រីជនជាតិថៃរបស់ខ្លួន ហើយលាក់ខ្មោចនាងរលួយក្នុងវិឡាដ៏ទំនើបរបស់ខ្លួនរយៈពេល២ឆ្នាំកន្លះ។