ស៊ីរី៖ សកម្មជនក្នុងប្រទេសស៊ីរីនិយាយថា ទាហានរដ្ឋាភិបាលបានសម្លាប់ជនស៊ីវិលជាច្រើននាក់នៅក្រុងហូម (Homs) ដោយជាច្រើនខែមកហើយបន្តវាយបង្រ្កាបមកលើក្រុងហូម ដែលជាតំបន់ប្រជុំនៃការប្រឆាំងប្រធានាធិបតី បាស្សា អាល់ អាសាដ (Bashar Al Assad)។
អង្គការអង្កេតសិទ្ធិមនុស្សរបស់ស៊ីរីនៅក្នុងប្រទេសអង់គ្លេសនិយាយថា ការបាញ់ផ្លោងនៅថ្ងៃពុធបានបំផ្លាញអគារ២០ខ្នងនៅក្នុងមណ្ឌល បាបា អាម (Baba amr)។
ការរាយការណ៍ឯករាជ្យទាំងឡាយអំពីចំនួនជនរងគ្រោះត្រូវបានរារំាងដោយរដ្ឋាភិបាលស៊ីរី។
រដ្ឋមន្ដ្រីការបរទេសរុស្សី លោក សឺហ្គេ ឡាវរ៉ូវ (Sergei lavrov) ថ្លែងនៅថ្ងៃពុធថា ដំណោះស្រាយចំពោះវិបត្ដិនេះអាចធ្វើឡើងបានតាមរយៈការចរចាឧបតោភាគីរវាងជនជាតិស៊ីរីខ្លួនឯង ហើយមិនមែនតាមរយៈសហគមន៍អន្ដរជាតិដែលត្រូវសម្រេចទេ។
ក្នុងកិច្ចប្រជុំក្រុងដាម៉ាស (Damascus) លោក អាសាដ ថ្លែងថាលោកចង់ឲ្យអនុប្រធានាធិបតី ហ្វារ៉ូក ស្សារ៉ា (Farouk Sharaa) ដឹកនាំការចរចាជាមួយក្រុមប្រឆាំង។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ចិន៖ បណ្ដាញព័ត៌មានចិននិយាយថា អ្នកប្រើប្រាស់បណ្ដាញអ៊ិនធឺណិតនៅក្នុងទីក្រុងប៉េកាំងមិនអាចផ្សព្វផ្សាយសេចក្តីអត្ថាធិប្បាយរបស់ខ្លួនដោយមិនចេញឈ្មោះក្នុងបណ្ដាញប្លកខ្នាតតូច (microblogs) បានទេ ចាប់តាំងពីពាក់កណ្ដាលខែមិនានេះទៅ។
ចិន៖ អាជ្ញាធរចិនកំពុងដោះស្រាយបញ្ហាបរិស្ថានកខ្វក់ក្នុងទឹក ដែលនាំឲ្យមានការភ័យខ្លាចជាលើកទីពីរ មួយខែក្រោយពីអាជ្ញាធរនៅតំបន់ភាគខាងកើតប្រទេសចិននិយាយថា ជាតិអាស៊ីដបានធ្វើឲ្យពល់ដល់ប្រភពផ្គត់ផ្គង់ទឹកក្នុងតំបន់។
ហ្វីលីពីន៖ កាលពីថ្ងៃអង្គារអ្នករស់រានមានជីវិតពីការរញ្ជួយផែនដីនៅក្នុងប្រទេសហ្វីលីពីនបានអង្វរសុំឲ្យក្រុមជួយសង្រ្គោះ បន្ដការរុករកជនបាត់ខ្លួនជាង១២នាក់ ដែលកប់នៅក្នុងដីបាក់។ តែមន្ដ្រីហ្វីលីពីននិយាយថា សេចក្ដីសង្ឃឹមនៃការរកឃើញមានតិចណាស់។
ស.រ.អ.៖ យុទ្ធនាការរបស់បេក្ខជនគណបក្សសាធារណរដ្ឋ លោក រីកសង់តូរ៉ូម (Rick Santorum) បានទទួលការគាំទ្រខ្លាំង ដែលធ្វើឲ្យលោកទទួលជោគជ័យក្នុងការប្រកួតតាំងតែងដោយគណបក្ស នៅរដ្ឋមីនីសូតា (Minnesota) មីសួរី (Missouri) និងកូឡូរ៉ាដូ (Colorado)។
បាគីស្ថាន៖ មន្ដ្រីបាគីស្ថាននិយាយថា ការវាយប្រហារតាមអាកាសដែលសង្ស័យថាជាសកម្មភាពស.រ.អ.បានសម្លាប់មនុស្ស១០នាក់ នៅក្នុងតំបន់កុលសម្ព័ន្ធភាគពាយ័ព្យ ជិតព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។
កោះម៉ាល់ឌីវ៖ ប្រធានាធិបតីថ្មីនៃ កោះម៉ាល់ឌីវ (Maldives) បានអំពាវនាវឲ្យមានការបង្កើតរដ្ឋាភិបាលរួបរួមជាតិ។
អេហ្ស៊ីប៖ ព្រឹទ្ធសមាជិកស.រ.អ.បីនាក់កំពុងដាស់តឿនអំពីការបែកបាក់ទំនាក់ទំនងជាមួយប្រទេសអេហ្ស៊ីប បើសិនករណីជនជាតិអាមេរិកំាង១៩នាក់ ដែលត្រូវចោទប្រកាន់ពីបទផ្ដល់ថវិកាខុសច្បាប់ឲ្យក្រុមនិយមលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសអេហ្ស៊ីប មិនបានដោះស្រាយរួចទេ។
ចិន៖ លោក អៃ វ៉ៃវៃ (Ai Weiwei) ជនប្រឆាំងដែលជាសិល្បករចិន បានប្រើប្រព័ន្ធ ស្កែប (Skype) ដើម្បីជួយតាក់តែងវិមានអគារអូឡាំពិក (Olympics) នៅក្នុងទីក្រុងឡុង ឆ្នាំ២០១២។
ស៊ូដង់៖ អ.ស.ប. និយាយថា សង្រ្គាមមិនឈប់ឈរ ព្រមទាំងការប្រមូលផលកសិកម្មបានតិចតួច នៅតំបន់ភាគខាងត្បូងប្រទេសស៊ូដង់ បានបណ្ដាលឲ្យមនុស្សច្រើនលាននាក់ ខិតចូលជិតទៅរកភាពអត់ឃ្លានធ្ងន់ធ្ងរ។