នាយករដ្ឋមន្ត្រីថៃនិងម៉ាឡេស៊ីបានសន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីប្រឆាំងនឹងការបះបោរកម្រិតទាបមួយនៅតំបន់ព្រំដែន ដែលមានអ្នកស្រុកភាគច្រើនសាសនិកអ៊ីស្លាម ដែលបែងចែកប្រទេសទាំងពីរនេះក្នុងទ្វីបអាស៊ីអាគ្នេយ៍។
ការសន្យានេះបានធ្វើទ្បើងកាលពីថ្ងៃច័ន្ទ នៅក្នុងជំនួបមួយខាងក្រៅក្រុងកួឡា ឡាំពួរ រវាងលោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់ និងលោកណាជីប រ៉ាហ្សាក់ ដែលជាសមភាគីម៉ាឡេស៊ីរបស់លោកស្រី។ ប្រទេសទាំងពីរស្ថិតនៅក្នុងសមាគមសន្តិសុខតំបន់មួយឈ្មោះថា អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដែលបានជំរុញក្រុមកាន់សាសនាអ៊ីស្លាមចង់បំបែករដ្ឋឱ្យបោះបង់អំពើហិង្សានិងភាពនិយមជ្រុលខាងនយោបាយនៅភាគខាងត្បូងនៃប្រទេសថៃ។
«លោកស្រីនាយករដ្ឋមន្ត្រីយីងឡាក់ បានសុំដល់ម៉ាឡេស៊ីឲ្យផ្តល់ប្រព័ន្ធនិងកិច្ចសហប្រតិបត្តិការដែលយើងអាចជួយថៃក្នុងដំណើរការឆ្ពោះទៅកាន់ដំណោះស្រាយសម្រាប់រយៈពេលវែងនៅភាគខាងត្បូងប្រទេសថៃ។ យើងទាំងពីរនាក់បានយល់ស្របគ្នាថានេះជាបញ្ហាផ្ទៃក្នុងមួយរបស់ប្រទេសថៃហើយប្រជារាស្ត្រក្នុងប៉ែកខាងត្បូងនៃប្រទេសថៃមិនត្រូវស្វះស្វែងឱ្យមានរដ្ឋមួយដាច់ដោយទ្បែកទេពួកគេត្រូវតែច្រានចោលអំពើហិង្សានិងភាពនិយមជ្រុល។»
នៅក្នុងដំណើរទស្សនកិច្ចលើកទីមួយរបស់លោកស្រីក្នុងឋានៈជានាយករដ្ឋមន្ត្រីទៅកាន់ម៉ាឡេស៊ី ដែលមានអ្នកស្រុកភាគច្រើនជាអ្នកគោរពសាសនាអ៊ីស្លាម លោកស្រីយីងឡាក់បានសរសើរដល់ការជួយគ្នាទៅវិញទៅមកថាមានសារៈសំខាន់ដល់សន្តិភាពតំបន់។
ទស្សនកិច្ចមួយថ្ងៃរបស់លោកស្រីយីងឡាក់បានធ្វើទ្បើងនៅពេលដែលអាជ្ញាធរថៃស៊ើបអង្កេតអំពីគម្រោងការបំផ្ទុះគ្រាប់បែកដែលមិនជោគជ័យមួយក្នុងក្រុងបាងកកមានទាក់ទិនជាមួយពួកជនជាប់សង្ស័យអ៊ីរ៉ង់និងពួកអ្នកការទូតអ៊ីស្រាអែលដែលជាទីដៅនៃការវាយប្រហារ។
កូរ៉េខាងត្បូង៖ ក្រុមយោធាកូរ៉េខាងត្បូងបានធ្វើសមយុទ្ធបាញ់គ្រាប់កាំភ្លើងពិតជារឿយៗនៅក្បែរព្រំដែនសមុទ្រមានជម្លោះជាមួយកូរ៉េខាងជើងកាលពីថ្ងៃច័ន្ទ ទោះណាជាមានការគំរាមកំហែងពីកូរ៉េខាងជើងលើការសងសឹក«គ្មានមេត្តា»ក៏ដោយ។
ភូមា៖ គណបក្សប្រឆាំងដែលលេចធ្លោជាងគេក្នុងប្រទេសភូមាបាននិយាយថារដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតត្បិតខ្លះលើការចាត់ចែងខាងនយោបាយ នៅក្រោយគណបក្សនេះបានត្អូញត្អែរថាភាពយុត្តិធ៌មនៃការបោះឆ្នោតក្នុងពេលខាងមុខនេះអាចរងការគំរាមកំហែង។
ជប៉ុន៖ ពួកអ្នកធ្វើការក្នុងរោងចក្របរមាណូហ្វូគូស៊ីម៉ា ដាអ៊ីជិ Fukushima-Daiichi នៃប្រទេសជប៉ុនដែលខូចខាតដោយសារការរញ្ជួយផែនដីនិងមហារលកសមុទ្រស៊ូណាមី បាននាំពួកអ្នកកាសែតដែលមានសម្លៀកបំពាក់ការពារចូលទៅក្នុងរោងចក្រនេះកាលពីថ្ងៃច័ន្ទ គឺតែប៉ុន្មានសប្តាហ៍មុនខួបឆ្នាំទីមួយនៃគ្រោះមហន្តរាយកាលពីថ្ងៃទី១១ មីនា ឆ្នាំ២០១១។
ចិន៖ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ICRC បាននិយាយថាខ្លួនកំពុងសម្របសម្រួលឱ្យមានការឈប់បាញ់គ្នាមួយនៅស៊ីរីនៅពេលដែលកងរថក្រោះនិងពួកទាហានរដ្ឋាភិបាលស៊ីរីបានប្រមូលផ្តុំនៅជុំវិញក្រុងហូម Homs ហើយមានកំណើនការព្រួយបារម្ភអំពីការវាយលុកជាថ្មីដ៏ធំមួយទៀតនៅក្នុងទីក្រុងនេះ។