ឥណ្ឌូនេស៊ី៖ និយាយថា អូម៉ា ផាទិក (Umar Patek) មនុស្សជាប់សង្ស័យអំពីភេរវកម្ម ដែលគេស្វែងរកចាប់ខ្លួនខ្លាំងបំផុតនៅទ្វីបអាស៊ី នឹងនាំឡើងតុលាការនៅថ្ងៃច័ន្ទ អំពីបទចោទថាគាត់មានមុខនាទីនៅក្នុងការបំផ្ទុះគ្រាប់បែកនៅកោះ បាលី (Bali) ក្នុងឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សជាង២០០នាក់ នឹងបទចោទប្រកាន់អំពីការវាយប្រហារទៅលើវិហារគ្រឹស្តសាសនាមួយនៅក្រុងហ្សាកាតារ (Jakarta) នៅមុនថ្ងៃបុណ្យណូអែលឆ្នាំ២០០០ដែរ។
ស៊ីរី៖ ស៊ីរីបន្តមានមនុស្សស្លាប់ ក្នុងពេលប្រទេសមហាអំណាចពិភពលោក មានការលំបាកក្នុងការបញ្ចប់ការបង្ក្រាបកាន់តែខ្លាំងឡើងប្រឆាំងនឹងការបះបោរ ១១ ខែ របស់ក្រុមប្រឆាំងស៊ីរី។ការវាយប្រហាររបស់រដ្ឋាភិបាលមិនបានចុះថយទេ។
ប៉ាគីស្ថាន៖ ប្រភពសម្ងាត់ប៉ាគីស្ថាននិយាយថា ការវាយប្រហារមួយដោយយន្តហោះឥតអ្នកបើកអាមេរិកាំងនៅក្នុងប៉ាគីស្ថានភាគពាយ័ព្យ បានសម្លាប់លោកបាដារ មែនសូរ (Badar Mansoor) ជនសកម្មប្រយុទ្ធថ្នាក់ខ្ពស់ម្នាក់ ដែលមានការទាក់ទងជាមួយ អាល កៃដា (al-Qaida)។
សូដង់៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International រាយការណ៍ថា ក្រុង មូស្គូ និងប៉េកាំង បន្តផ្តល់អាវុធនិងគ្រាប់រំសេវដ៏ច្រើនទៅឲ្យក្រុងខាទុំ (Khartoum) ទោះជាមាន«ភស្តុតាងយ៉ាងច្បាស់» ថាគេប្រើអាវុធទាំងនេះក្នុងការរំលោភទៅលើសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងជនស៊ីវិលនៅតំបន់ ដាហ្វឺ (Darfur) ក៏ដោយ។
អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីប្រទេស លោក ហាមីត កាហ្សាយ (Hamid karzai) បានផ្តន្ទាទោសនិងបញ្ជាឲ្យមានការស៊ើបអង្កេតលើកការវាយប្រហារមួយរបស់អង្គការ អូតង់លើសង្កាត់ នៃច្រាប់ (Nejrab) នៃខេត្ត ខាភីសា (Kapisa) ដែលលោកបាននិយាយបានសម្លាប់កុមារ ៨ នាក់ នៅក្នុងប្រទេសភាគខាងកើត។
ប៉ាគីស្ថាន៖ តុលាការកំពូលប៉ាគីស្ថាន និយាយថាការចោទប្រកាន់លោកនាយករដ្ឋមន្រ្តី យូសូហ្វ រ៉ាហ្សា គីឡានី (Yousuf Raza Gilani) អំពីបទមិនស្តាប់បង្គាប់តុលាការនៅត្រូវលប់ចោល បើសិនជាលោកបើកការចោទប្រកាន់ចាស់អំពីរឿងពុករលួយប្រឆាំងនឹងលោកប្រធានាធិបតី អាស៊ីហ្វ អាលី ហ្សាដារី (Asif Ali Zardari) ជាថ្មីឡើងវិញ ដែលលោក Gilani បានប្រកែកមិនព្រមធ្វើតាមពាក្យបញ្ជាតុលាការ ហើយនឹងត្រូវឡើងតុលាការនៅថ្ងៃច័ន្ទនេះ។
ក្រិក៖ ក្រុមអ្នកតែងច្បាប់ប្រទេសក្រិកនិយាយថា អស់លោកបានសម្រេចកិច្ចព្រមព្រៀងមួយលើនយោបាយត្បិតត្បៀត ដែលក្រុមអ្នកផ្តល់ប្រាក់កម្ចីបានតម្រូវឲ្យធ្វើ ដើម្បីធានាឲ្យប្រទេសនេះបានទទួលការជួយសង្គ្រោះមួយទៀត ហើយជៀសវាងការខកខានមិនអាចសងប្រាក់បំណុលរបស់ខ្លួនបាននៅខែក្រោយ។