អ៊ឺរ៉ុប៖ ដោយមានការបន្តការភ័យខ្លាចអំពីវិបត្តិបំណុលអឺរ៉ុប អង្គការមូលនិធិរូបីយវត្ថុអន្តរជាតិប្រាប់ឲ្យដឹងថាខ្លួននឹងបញ្ចុះការព្យាករណ៍នៃការរីកលូតលាស់សេដ្ឋកិច្ចសកលលោកសម្រាប់ឆ្នាំ២០១២។
ស៊ីរី៖ ការផ្ទុះគ្រាប់បែកអត្តឃាតុនៅតំបន់ពាណិជ្ជកម្មដ៏មមាញឹកមួយក្នុងរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរីកាលពីថ្ងៃសុក្របានសម្លាប់មនុស្ស២៥នាក់ ហើយនិងធ្វើឲ្យមនុស្សយ៉ាងតិចណាស់៤៦នាក់ផ្សេងទៀតរងរបួស។
នីហ្សេរីយ៉ា៖ មានមនុស្សយ៉ាងហោចណាស់ក៏១៧នាក់ត្រូវបានគេបាញ់សម្លាប់ដោយពួកប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណនៅក្នុងស្រុក មូប៊ី នៃរដ្ឋ អាដាម៉ាវ៉ា នៅជិតព្រំដែនជាមួយកាមេរូន។
ហ្វាំងឡុង៖ បានអនុញ្ញាតិឲ្យនាវាអង់គ្លេស ថូរ ឡីប៊ឺធី ដែលផ្ទុកទៅដោយកាំជ្រួចផ្លោងមីស៊ីលផាទ្រីយ៉ូត៦៩ដើមចាកចេញពីកំពង់ផែបន្តដំណើររបស់ខ្លួនតាមការគ្រោងទុកពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសកូរ៉េខាងត្បូងបន្ទាប់ពីសម្រេចថាគ្មានអ្វីខុសដែលពាក់ព័ន្ធនឹងការដឹកជញ្ជូននេះទេ។
តួកគី៖ លោក អ៊ីលគឺ បាសបឹក អតីតប្រធានយោធារបស់ប្រទេសតួកបានត្រូវចាប់ខ្លួនកាលពីថ្ងៃសុក្រលើបទចោទប្រកាន់ពីការរៀបចំផែនការផ្តួលរំលំលោកនាយករដ្ឋមន្រ្តី រីស្សេប តៃយីផ អ៊ឺដូកាន(Recep Tayyip Erdogan) រដ្ឋាភិបាលនៃប្រទេសតួគី។
សហរដ្ឋអាមេរិក៖ អត្រាអត់ការងារធ្វើ បានធ្លាក់ដល់ត្រឹម8,5ភាគរយកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៩មក នៅខណៈពេលដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិក បានបង្កើនការងារចំនួន២សែននៅក្នុងខែធ្នូ។
សហរដ្ឋអាមេរិក៖ការស្ទង់មត្តិការបោះឆ្នោតថ្មីមួយបង្ហាញថាលោក មីត រ៉ូមនី អតីតអភិបាលរដ្ឋម៉ាស្សាជូសេត្តស៍ ដែលទទួលបានការគាំទ្រ៤០ភាគរយ កំពុងរក្សាការនាំមុខក្នុងចំណោមបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋដែលប្រកួតប្រជែងគ្នានៅក្នុងរដ្ឋ ញូវ ហេមសៀ។
ស៊ូដង់៖ បានចាប់ផ្តើមកិច្ចប្រតិបត្តិការណ៍ជំនួយមនុស្សធម៌ដ៏ធំមួយក្នុងរដ្ឋចងឡេ នៃប្រទេសស៊ូដង់ខាងត្បូង ដែលជាទីកន្លែងការប្រយុទ្ធរបស់កុលសម្ព័ន្ធបានសម្លាប់មនុស្សមួយចំនួនហើយនឹងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់គ្មានកន្លែងរស់នៅ។
សហរដ្ឋអាមេរិក៖ នាវាចំបាំងសហរដ្ឋអាមេរិកមួយគ្រឿង បានជួយសង្គ្រោះជនជាតិអ៊ីរ៉ង់១៣នាក់ដែលត្រូវពួកចោរសមុទ្រចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងសមុទ្រអារ៉ាប់។
ជប៉ុន៖ អ្នកមានជិវិត៣នាក់ពីទូកនេសាទដែលជួបគ្រោះថ្នាក់ត្រូវបានគេជួយសង្គ្រោះនៅផ្ទៃទឹកភាគខាងលិចឆ្នេរសមុទ្រជប៉ុន។