សហរដ្ឋអាមេរិក៖ ក្រុមអ្នកកាន់ការប្រជុំគណបក្សសាធារណរដ្ឋក្នុងរដ្ឋអៃយូវ៉ា (Iowa) នឹងបើកកិច្ចប្រជុំពិសេសហៅ កូកិស (Caucus) នៅថ្ងៃអង្គារនេះ ដែលជាវិធានការលើកដំបូងដើម្បីជ្រើសរើសយកបេក្ខជនដែលអាចតទល់នឹងប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។
ប៉ាឡេស្ទីន អ៊ីស្រាអែល៖ ក្រុមអ្នកចរចាប៉ាឡេស្ទីននិងអ៊ីស្រាអែលត្រូវកំណត់នឹងជួបប្រជុំគ្នានៅក្នុងប្រទេសហ្ស៊កដានី (Jordan) ក្នុងគោលបំណងចាប់ផ្តើមឡើងវិញនូវកិច្ចចរចាសន្ដិភាពដែលបានជាប់គាំងកាលពីលើកមុន។
ស៊ីរី៖ ប្រទេសបារំាងបានបញ្ចេញការព្រួយបារម្ភរបស់ខ្លួនចំពោះស្ថានការណ៍ក្រុមអ្នកតាមឃ្លាំមើលរបស់សម្ព័ន្ធអារ៉ាប់ (Arab League) ដែលកំពុងអនុវត្ដបេសកកម្មនៅក្នុងប្រទេសស៊ីរី។
អេហ្ស៊ីប៖ ពលរដ្ឋអេហ្ស៊ីបបានចាប់ផ្ដើមបោះឆ្នោតជាចុងក្រោយបង្អស់ ដើម្បីជ្រើសតាំងសមាជិកតំណាងរាស្រ្ដក្នុងរដ្ឋសភាថ្នាក់ក្រោម។
សហរដ្ឋអាមេរិក៖ លោកខឺត ខែមប៊ែល (Kurt Campbell) ឧបការីរដ្ឋមន្ដ្រីការបរទេស ស.រ.អ. បានធ្វើដំណើរមកដល់ទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ ហើយនេះជាទស្សនកិច្ចលើកទីមួយរបស់មន្ដ្រីជាន់ខ្ពស់អាមេរិកាំងចាប់តាំងពីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល បានទទួលមរណភាពមក។
អាហ្វហ្គានីស្ថាន៖ ការដាក់គ្រាប់បែកផ្ទុះដោយអត្ដឃាតជននៅក្នុងខេត្ដភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់មនុស្សយ៉ាងតិច៤នាក់ រួមមានកុមារនិងមន្ដ្រីប៉ូលិស។
ឥណ្ឌា៖ មន្ដ្រីថ្នាក់ខ្ពស់ឥណ្ឌានៃរដ្ឋកាស្មៀរ (Kashmir) នៅថ្ងៃអង្គារនេះបានរិះគន់កងកម្លាំងសន្ដិសុខ ដែលបានបាញ់សម្លាប់និស្សិតជំទង់ម្នាក់នៅពេលមានការតវ៉ាប្រឆាំងនឹងការផ្តាច់ភ្លើងនៅរដូវរងារខ្លាំង។
ភូមា៖ នៅថ្ងៃអង្គារនេះ ប្រទេសភូមាបានចាប់ផ្ដើមដោះលែងអ្នកទោសដែលជាផ្នែកមួយនៃកម្មវិធីលើកលែងទោសតាមបញ្ជារបស់រដ្ឋាភិបាល។ ក៏ប៉ុន្តែមានសកម្មជនខ្លះនិយាយថា អ្នកទោសនយោបាយខ្លះ មិនទាន់ត្រូវបានដោះលែងនៅឡើយទេ។
អ៊ីរ៉ង៖ ប្រទេសអ៊ីរ៉ង និយាយថា នាវាផ្ទុកយន្ដហោះរបស់ស.រ.អ.មិនគួរវិលត្រឡប់មករកតំបន់ឈូងសមុទ្រពែកស៍ (Persian Gulf) វិញទេ ក្នុងថ្ងៃដែលរដ្ឋាភិបាលទីក្រុង តេហេរ៉ង់បានបញ្ចប់សមយុទ្ធលើទឹកជិតតំបន់យុទ្ធសាស្រ្ដនៅច្រកសមុទ្រហរម៊ូស (Strait of Hormuz)។
ម៉ាឡេស៊ី៖ ប៉ូលីសនៃប្រទេសម៉ាឡេស៊ីបានចេញសេចក្ដីព្រមានដល់សកម្មជនមិនឲ្យទៅចូលរួមក្នុងការប្រមូលផ្ដុំគ្នានៅពេលខាងមុខថ្មីៗនេះដើម្បីគាំទ្រមេដឹកនាំគណបក្សជំទាស់លោកអង់វារ អ៊ីប្រាហ៊ិម (Anwar Ibrahim)។
នីហ្សេរីយ៉ា៖ ក្រុមបាតុករនៅក្នុងប្រទេសនីហ្សេរីយ៉ា បាននាំគ្នាដើរលើផ្លូវដើម្បីធ្វើការប្រឆាំងនឹងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលដែលបញ្ចប់កម្មវិធីជំនួយប្រេងដល់អតិថិជន បណ្ដាលឲ្យតម្លៃប្រេងសាំងឡើងខ្ពស់ដល់យ៉ាងខ្លាំងក្នុងប្រទេសសម្បូរទៅដោយប្រេងកាតមួយនេះ។