អ៊ីរ៉ាក់៖ ពួកមន្ត្រីអ៊ីរ៉ាក់បាននិយាយថា ការផ្ទុះគ្រាប់បែកក្នុងទ្បានមួយគ្រឿងបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២៨នាក់ស្លាប់ នៅក្នុងសង្កាត់មួយនៃរដ្ឋធានីប្រទេសអ៊ីរ៉ាក់ ដែលមានអ្នកស្រុកភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយសៀ (Shia) រស់នៅ។
ស.រ.អ.៖ បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដែលនៅសល់តែបួននាក់បានធ្វើការជជែកដេញដោលគ្នាចុងក្រោយបង្អស់ នៅមុនការបោះឆ្នោតបឋមដ៏សំខាន់ក្នុងរដ្ឋផ្ល័ររីដា (Florida) នៅសប្តាហ៍ក្រោយ។ នេះជាការជជែកគ្នាអំពីអន្តោប្រវេសន៍ ឯកសារពន្ធដារ និងសំណើមួយឱ្យមានការតាំងទីលំនៅលើឋានព្រះចន្ទ នៅក្នុងរដ្ឋមួយនេះដែលមានឧស្សាហកម្មអវកាសច្រើនជាងគេក្នុងប្រទេសជាតិ។
ស៊ីរី៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងពិភាក្សាអំពីវិបត្តិក្នុងប្រទេសស៊ីរីនៅថ្ងៃសុក្រនេះ នៅពេលដែលពួកប្រទេសអារ៉ាប់ និងពួកបស្ចឹមប្រទេសប្រុងប្រៀបរៀបចំផែនការរួមគ្នាមួយ ដែលមានគោលដៅបញ្ឈប់ការបង្ក្រាបដោយប្រធានាធិបតី បាស្សា អាល់ អាសាដ (Bashar al-Assad) លើក្រុមអ្នកប្រឆាំង។
អេហ្ស៊ីប៖ ក្រុមសកម្មជនអេហ្ស៊ីបបានប្រមូលផ្តុំគ្នាក្នុងទីលានតារៀ (Tahrir) នៃទីក្រុងគែរ (Le Caire) នៅថ្ងៃសុក្រនេះ នៅពេលដែលប្រទេសនេះបន្តប្រារព្ធខួបឆ្នាំទីមួយនៃការបះបោរ ដែលបានបណ្តេញលោកអតីតប្រធានាធិបតី ហូសនី ម៊ូបារ៉ាក់ (Hosni Mubarak) ឱ្យចេញពីតំណែង។