កម្ពុជា៖ តាមសេចក្តីរាយការណ៍ព័ត៌មានរបស់ AP ឲ្យដឹងថា បុគ្គលិកខ្មែរប្រហែល៣០០នាក់ នៃសាលាក្តីកាត់ទោសខ្មែរក្រហមគាំទ្រដោយអ.ស.ប.នឹងមិនបានទទួលប្រាក់ខែទេនៅខែនេះ ហើយបុគ្គលិកខ្លះបានធ្វើការអត់បានប្រាក់ខែតាំងពីខែតុលាមកម៉្លេះ។ អ្នកនាំពាក្យរបស់សាលាក្តីខ្មែរក្រហម ដែលបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះនិយាយថា បញ្ហានេះបណ្តាលមកពីមូលនិធិរបស់ប្រទេសផ្តល់ជំនួយបានអស់។
ស.រ.អ.៖ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីស.រ.អ.ចុះទស្សនកិច្ចនៅបណ្តុំកាស៊ីណូក្រុងឡាស វេហ្គាស (Las Vegas) នៅរដ្ឋនេវ៉ាដា (Nevada) និងនៅមូលដ្ឋានទ័ពអាកាសក្នុងភ្នំរ៉ក់គី (Rocky Mountain) នៃរដ្ឋខូឡូរ៉ាដូ (Colorado) នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជំរុញរបៀបវារៈនយោបាយថាមពលថ្មីរបស់លោកនៅក្នុងរដ្ឋទាំងពីរ ដែលជារដ្ឋសំខាន់សម្រាប់ការបោះឆ្នោតរបស់លោកធ្វើជាប្រធានាធិបតីអាណត្តិទី២ក្នុងឆ្នាំ២០១២។
ចិន៖ ប្រទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បម្រាមរបស់សហភាពអឺរ៉ុបដែលមិនឲ្យនាំប្រេងពីប្រទេសអ៊ីរ៉ង់ មិនមែនជាការឆ្លើយតបលក្ខណៈស្ថាបនាទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់តេហេរ៉ង់ (Tehran) ដែលគេសង្ស័យ នោះទេ។
អេហ្ស៊ីប៖ បាតុករអេហ្ស៊ីបបន្តនៅទីលានតារៀ (Tahrir) ក្រុងគែរ (Cairo) នៅឡើយ ក្រោយពីបានបោះជំរំមួយយប់នៅចំណុចសំខាន់នៃការតវ៉ាផ្តួលរំលំលោកហូសនី ម៊ូបារ៉ាក់ (Hosni Mibarak) ដែលកាន់អំណាចដ៏យូរនោះ។
ស៊ីរី៖ សម្ព័ន្ធអារ៉ាប់ (Arab League) និយាយថា ការដកអ្នកសង្កេតការណ៍ពីរដ្ឋនៅតំបន់ឈូងសមុទ្រអារ៉ាប់នឹងមិនប៉ះពាល់ដល់ការងាររបស់គេក្នុងប្រទេសស៊ីរីទេ នៅពេលប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់បានធ្វើការប្រឹងប្រែងរួមគ្នាជាមួយស.រ.អ.ដើម្បីបញ្ចប់ការកាន់អំណាចរបស់ប្រធានាធិបតី បាស្សារ៉ាល អាសសាដ (Bashar al-Assad)។
អាហ្វហ្គានីស្ថាន៖ មន្ត្រីអាហ្វហ្គានីស្ថាននិយាយថា គ្រាប់បែកអត្តឃាតបង្កប់ក្នុងឡានមួយបានសម្លាប់ជនស៊ីវិល៤នាក់ និងធ្វើឲ្យរបួស៣១នាក់ទៀត ក្នុងការវាយប្រហារលើក្រុមអ្នកសំណង់ក្នុងខេត្តដែលជាសាខារបស់អង្គការអូតង់នៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន។
ស៊ូដង់៖ ក្រុមបះបោរដ៏សំខាន់មួយនៅតំបន់ដាហ្វួរ (Darfur) ប្រទេសស៊ូដង់ (Sudan) បានប្រកាសតែងតាំងបងប្អូនប្រុសរបស់មេដឹកនាំដែលគេសម្លាប់ថ្មីៗនេះ ជាមេដឹកនាំថ្មីនៃចលនារបស់គេ។
ជប៉ុន៖ របាយការណ៍ព័ត៌មាននិយាយថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំបង់ប្រាក់សង្គ្រោះម្ចាស់រោងចក្រនុយក្លេអ៊ែរហ្វឹគឹស្ស៊ីម៉ា (Fukushima) ដែលខូចខាតនោះ ដោយបង់ទឹកប្រាក់ធានាចំនួន១៣ពាន់លានដុល្លារ។
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនិយាយថា ខ្លួននឹងរៀបចំកិច្ចពិភាក្សាជាមួយមន្ត្រីការពារជាតិ ស.រ.អ. និងជប៉ុននៅដើមសប្តាហ៍ក្រោយក្នុងក្រុងសេអ៊ូល។