ទីបេ៖ អ្នកដឹកនាំរដ្ឋាភិបាលនិរទេសរបស់ដែនដីទីបេបានអំពាវនាវសុំឲ្យមានអន្តរាគមន៍ពីបរទេស ដើម្បីជៀសវាងមិនឲ្យមានការបង្ហូរឈាមច្រើនទៀត បន្ទាប់ពីមានសេចក្តីរាយការណ៍និយាយថា ភ្នាក់ងារប៉ូលីសបានសម្លាប់ក្រុមបាតុករជាតិ ទីបេ នៅក្នុងការប៉ះទង្គិចគ្នា ក្នុងរយៈពេល២ថ្ងៃនៅខេត្តស៊ីឈួននៃប្រទេសចិនភាគនីរតី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោកឡុបសាំង សាងហ្កាយ Lobsang Sangay នាយករដ្ឋមន្រ្តីនិរទេសទីបេ បានថ្លែងថា សហគមន៍អន្តរជាតិ ត្រូវប្រកាន់យក «ជំហរគុណធម៌»មួយ ហើយមិនអាចនៅស្ងៀមបានទេ ចំពោះអំពើហិង្សាបែបនេះ។
ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានធ្វើការទស្សន៍ទាយអំពីលក្ខខណ្ឌដ៏អាក្រក់បំផុតដែលអាចកើតមាន នៅពេលដែលវិបត្តិនុយក្លេអ៊ែររបស់ខ្លួនបានឡើងដល់កំរិតខ្ពស់បំផុត កាលពីឆ្នាំមុន ដោយបានព្រមានថាមនុស្សប្រហែលដប់លាននាក់ ដោយរួមទាំងអ្នកទីក្រុងតូក្យូផង ប្រហែលត្រូវជន្លៀសពីតំបន់រស់នៅ ដើម្បីជៀសវាងផលប៉ះពាល់នៃវិទ្យុសកម្ម។ ក៏ប៉ុន្តែ ដោយភ័យខ្លាចថាអាចមានការស្លន់ស្លោខ្លាំងពេក អាជ្ញាធរក៏បានរក្សាទុកការវិភាគនេះជាការសម្ងាត់។
សូម៉ាលី៖ ក្រសួងការពារសហរដ្ឋអាមេរិកនិយាយថាជនជាតិអាមេរិកាំង ជេស៊ីកា ប៊ូចាណាន Jessica Buchanan ដែលជាចំណាប់ខ្មាំងម្នាក់ក្នុងចំណោមមនុស្សពីរនាក់ត្រូវបានជួយសង្គ្រោះនៅសូម៉ាលី ដោយកងទ័ពប្រតិបត្តិការពិសេសអាមេរិកកំពុងទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យយោធាមួយ តែគេមិននិយាយថានៅទីណាទេ។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា បានចាប់ផ្តើមទស្សនកិច្ច៣ថ្ងៃទៅកាន់រដ្ឋចំនួន៥កាលពីថ្ងៃពុធ ដើម្បីយកផែនការសេដ្ឋកិច្ចដែលលោកបានលាតត្រដាងនៅក្នុងសន្ទរកថាប្រចាំឆ្នាំរបស់លោកនីរដ្ឋបាលរដ្ឋសហព័ន្ធ កាលពីយប់ថ្ងៃអង្គារទៅពន្យល់ជូនប្រជាពលរដ្ឋ។
អេហ្ស៊ីប៖ ជនជាតិអេហ្ស៊ីបជាច្រើនម៉ឺននាក់បានជួបប្រជុំគ្នានៅទីលានតារៀរ Tahrir នៅក្រុងគែរ Le Caire ដើម្បីរំលឹកឆ្នាំខួបទីមួយនៃការចាប់ផ្តើមការបះបោរដែលបានទម្លាក់លោកហូស្ន៊ី មូបារ៉ាក់ដែលជាប្រធានាធិបតីដែលនៅកាន់តំណែងយ៉ាងយូររបស់អេហ្ស៊ីប។
ស៊ីរី៖ រុស្ស៊ីនិយាយថាខ្លួនមិនគាំទ្រសកម្មភាពរបស់អង្គការសហប្រជាជាតិទៅលើ ស៊ីរី ដែលអាចមានទណ្ឌកម្មឬអន្តរាគមន៍យោធានោះទេ។ លោក ស៊ើជី ឡាវរ៉ូវ Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានថ្លែងកាលពីថ្ងៃពុធថា ចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ជាយូរមកហើយថាជា «អំពើមិនត្រឹមត្រូវនិងមានផលអវិជ្ជមាន»។
សហរដ្ឋអាមេរិក៖ លោកស្រី ហ្កាប្រ៊ីអែល ហ្គីហ្វត អ្នកតំណាងរាស្រ្ត រដ្ឋអារូហ្សូណា Arizona ដែលត្រូវរងរបួសជាទម្ងន់ នៅក្នុងឧបទ្ទវហេតុបាញ់កាំភ្លើងមួយ នៅក្នុងរដ្ឋរបស់លោកស្រីកាលពីឆ្នាំមុនបានទទួលការលាគ្នាមួយប្រកបទៅដោយការរំភើបចិត្តនៅក្នុងរដ្ឋសភា កាលពីថ្ងៃពុធនេះ នៅពេលដែលលោកស្រីបានសុំលាឈប់ពីតំណែង។