ភូមា៖ មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសភូមាលោក ស្រី អង់ សាន ស៊ូជី (Aung San Suu Kyi) បានក្លាយទៅជាបេក្ខនារីជាផ្លូវការដើម្បីឈរឈ្មោះប្រជែងយកអាសនៈនៅក្នុងរដ្ឋសភាភូមាក្នុងការបោះឆ្នោតខាងមុខនេះ។
រុស្សី៖ រុស្សីដែលជាប្រទេសសម្ព័ន្ធមិត្ដជាមួយស៊ីរីបាននិយាយថាខ្លួននឹងមិនអនុញ្ញាតឲ្យមានការដាក់ពង្រាយកងទ័ពបរទេសនៅក្នុងប្រទេសស៊ីរីទេ នៅខណៈពេលដែលក្រុមប្រឹក្សាសន្ដិសុខអ.ស.ប.ជជែកដេញដោលគ្នាអំពីមធ្យោបាយដើម្បីបញ្ឈប់ការបង្ហូរឈាម ពីការបះបោរប្រឆាំងនឹងប្រធានាធិបតី បាស្សា អាល អាសាដ (Bashar Al Assad) អស់រយៈពេល១០ខែកន្លងមកនេះ។
អ៊ីតាលី៖ ក្រុមបុគ្គលិកជួយសង្រ្គោះបានបញ្ឈប់ការរុករកជនបាត់ខ្លួនពីនាវា ខនស្តា ខនដូឌា (Costa Condordia)ហើយ ខណៈដែលនាវានោះផ្អៀងបន្តិច។
អ៊ីស្រាអែល៖ រដ្ឋមន្ដ្រីការពារប្រទេសអ៊ីស្រាអែល លោក អេហូដ បារាក់ (Ehud Barak) បានថ្លែងថា សេចក្ដីសម្រេចណាមួយដើម្បីវាយប្រហារមកលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺស្ថិតនៅឆ្ងាយណាស់។
ធនាគារពិភពលោក៖ ក្រុមអ្នកជំនាញនៃធនាគារពិភពលោកបានចេញការវាយតម្លៃដ៏មិនមានសុទិដ្ឋិនិយមមួយអំពីលទ្ធភាពនៃកំណើនសេដ្ឋកិច្ចសកល ហើយបាននិយាយថាប្រសិនបើជាការធ្លាក់ចុះនេះកាន់តែធ្ងន់ធ្ងរ វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់គ្រប់ប្រទេសនិងតំបន់ទាំងអស់។
ចិន៖ វិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសចិនបានធ្លាក់ចុះសម្រាប់ខែទីពីរជាប់គ្នា នៅក្នុងខែធ្នូនេះ ដោយសារតែភាពមិនចម្រើននៃសេដ្ឋកិច្ចសកលបានធ្វើឱ្យវិនិយោគិនមានការព្រួយបារម្ភ។
ជប៉ុន៖ ប្រទេសជប៉ុនបាននិយាយថា ខ្លួនអាចនឹងអនុញ្ញាតឱ្យម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្លះឱ្យបន្តដំណើរការរហូតដល់៦០ឆ្នាំ បន្ទាប់ពីពួកវាត្រូវបានសង់រួច។
ចិន៖ សកម្មជនល្បីឈ្មោះជើងចាស់ជាតិចិនម្នាក់ បានត្រូវចោទប្រកាន់ពីបទវិទ្ធង្សនាដោយបានផ្សព្វផ្សាយកំណាព្យមួយដែលជំរុញឱ្យប្រជាពលរដ្ឋចិនងើបឡើងតស៊ូនិងទាមទារសេរីភាពឱ្យកាន់តែប្រសើរជាងនេះ។