ឥណ្ឌា៖ ក្រុមហ៊ុនអ៊ីនធឺណិតធំៗពីរ គឺហ្គូហ្គល Google និង ហ្វេសប៊ុក Facebook បានប្រាប់តុលាការឥណ្ឌាថា ពួកគេមិនមានលទ្ធភាពនឹងរាំងខ្ទប់មាតិការឿងប្រមាថនិងមិនត្រឹមត្រូវដែលចុះផ្សាយក្នុងគេហទំព័រវ៉ិបសាយ ដែលករណីនេះមានការខ្លាចថានឹងការប៉ះពាល់ដល់សេរីភាពក្នុងការសម្ដែងមតិក្នុងប្រទេសប្រជាធិបតេយ្យមួយដ៏ធំនិងមានមនុស្សរស់នៅច្រើនជាងគេក្នុងពិភពលោកមួយនេះ។
ដើមទងនៃរឿងជម្លោះនោះគឺ ច្បាប់ឥណ្ឌាមូយត្រូវបានគេអនុម័តកាលពីឆ្នាំមុន ដែលបន្ទុកបណ្តាក់ឲ្យក្រុមហ៊ុន ឲ្យទទួលខុសត្រូវដល់អ្នកប្រើប្រាស់មាតិការឿងចុះនៅក្នុងគេហទំព័រដោយតម្រូវឲ្យអ្នកទាំងនោះលប់ចោលក្នុងរយៈពេល ៣៦ម៉ោង កាលណាមានការតវ៉ាប្រឆាំង។
ភូមា៖ ព្រឹទ្ធសមាជិកដ៏សំខាន់ម្នាក់និងជាអ្នកគាំទ្រចលនាលទ្ធិប្រជាធិបតេយ្យរបស់ ភូមា ថ្លែងថាលោកសូមកោតសរសើរចំពោះកំណែទម្រង់ផ្ដួចផ្ដើម ឡើងដោយប្រទេសភូមាថ្មីដែលជារដ្ឋាភិបាលស៊ីវិល តែលោកនិយាយថា មានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញ។
សហរដ្ឋអាមេរិក៖ អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក ចន ហានស៍មែន John Huntsman បានបោះបង់បេក្ខភាពរបស់លោកចេញពីការតែងតាំងជាបេក្ខជនប្រធានាធិបតី របស់គណបក្សសាធារណរដ្ឋ រួចលោកបានទៅគាំទ្រ អតីតអភិបាលរដ្ឋម៉ាសាឈូសេត Massachussetts គឺលោកមិត រមនី Mitt Romney វិញ។
ប៉ាគីស្ថាន៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនិយាយថា លោកមិនអាចបញ្ជាក់មកលើសេចក្ដីរាយការណ៍មួយថា មេដឹកនាំក្រុមតាលីបានប៉ាគីស្ថាន ហាគីមូឡា មេស៊ូឌ Hakimullah Mehsud បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយការវាយប្រហារតាមយន្ដហោះគ្មានអ្នកបើក របស់អាមេរិកនៅតំបន់កុលសម្ពន្ធ វ៉ាហ្ស៊ីរីស្ថាន ភាគខាងជើងនោះទេ។
នីហ្សេរីយ៉ា៖ សហជីពការងារនៅនីហ្សេរីយ៉ា បានបញ្ចប់កូតកម្មទូទាំងប្រទេស កាលពីថ្ងៃច័ន្ទ ក្រោយពីប្រធានាធិបតីបានប្រកាសថានឹងជួយកាត់បន្ថយតម្លៃប្រេងសាំងដែលកំពុងឡើងខ្ពស់។
អ៊ីតាលី៖ ម្ចាស់របស់នាវាកំសាន្ដអ៊ីតាលី កូស្តា ខនខតឌារ Costa Concordia ដែលបានបើកគឿងលើដីកាលពីថ្ងៃសុក្របណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ និយាយថា មេបញ្ជាការនាវាមានកំហុសក្នុងការបំពេញការងារ។
អឺរ៉ុប៖ ទីផ្សារហិរញ្ញវត្ថុអឺរ៉ុបហាក់ដូចជាព្រងើយកន្ដើយ នៅថ្ងៃច័ន្ទទៅលើការបញ្ចុះកំរិតតម្លៃឥណទានដល់ប្រទេសបារំាងនិងប្រទេសអឺរ៉ុប៨ទៀត ដោយសារតែ វិនិយោគិនបានដឹងខ្លួនមុនហើយថា អត្រាប្ដូរប្រាក់របស់ខ្លួននឹងបានត្រូវកាត់ចុះឲ្យទាប។
លីបេរីយ៉ា៖ ប្រធានាធិបតីលីបេរីយ៉ា លោកស្រី អេឡេន ចនសុន សឹលិហ្វ Ellen Johnson Sirleaf បានចាប់ផ្ដើមអាណត្ដិទីពីរ ក្នុងមុខនាទីជាប្រធានាធិបតី ដោយលោកស្រីសច្ចាថានឹងថែរក្សាសន្ដិភាពនិងបង្កើតការងារធ្វើ ក្នុងប្រទេសដែលបានត្រូវបំផ្លិចបំផ្លាញដោយសង្គ្រាមនេះ។
ស៊ីរី៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គី មូន បានអំពាវនាវទៅកាន់ក្រុមប្រឹក្សាសន្ដិសុខសុំឲ្យចាត់វិធានការយ៉ាងហ្មត់ចត់បំផុតលើ ស៊ីរី ដោយលោកថ្លែងថាការខាតបង់ជីវិតមនុស្ស ក្នុងរយៈពេល១០ខែនៃការបះបោរដោយក្រុមជំទាស់បានឡើងដល់កម្រិតដែលមិនអាចទទួលយកបានរួចទៅហើយ។