អាមេរិក៖ លោក មីត រូមនី (Mitt Romney) អតីតអភិបាលរដ្ឋម៉ាស្សាឈូសេត (Massachussetts) បានឈ្នះក្នុងការបោះឆ្នោតបឋមនៃគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ ញូវហែមសឺរ (New Hampshire) ដែលជាការបោះជំហានដ៏សំខាន់មួយដើម្បីទទួលបានការតែងតាំងពីគណបក្សរបស់លោក ក្នុងការតទល់ជាមួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។
អ៊ីរ៉ង់៖ បណ្ដាញព័ត៌មានអ៊ីរ៉ង់បាននិយាយថា មានគ្រាប់បែកមួយគ្រាប់ផ្ទុះឡើង ក្នុងរដ្ឋធានីតេហេរ៉ង់ បានបណ្ដាលឲ្យស្លាប់សាស្រ្ដាចារ្យសាកលវិទ្យាល័យម្នាក់ដែលជាអ្នកដែលធ្វើការជាអ្នកវិទ្យាសាស្រ្ដក្នុងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ។ ទីភ្នាក់ងារព័ត៌មានហ្វាស់ (Fars) បានឱ្យដឹងថា មានមនុស្សម្នាក់ជិះលើម៉ូតូបានលួចដាក់គ្រាប់បែកនៅក្រោមរថយន្ដរបស់លោក មូស្តាហ្វា អាម៉ាឌី រូស្សាន (Mostafa Ahmadi Roshan) ហើយមន្ដ្រីអ៊ីរ៉ងបានដាក់កំហុសលើអ៊ីស្រាអែលសម្រាប់ការវាយប្រហារនោះ។
អាមេរិក៖ ស.រ.អបានថ្កោលទោសលើការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការចាប់ផ្ដើមចម្រាញ់សារជាតិអ៊ុយរ៉ាញ៉ូម នៅជិតក្រុងពិសិដ្ឋ គម (Qom) ដែលជារោងចក្រនុយក្លេអ៊ែរទីពីរ ជាកន្លែងដែលរូបធាតុនេះអាចត្រូវបានបង្កើនគុណភាពយ៉ាងឆាប់រហ័សសម្រាប់សក្តានុពលប្រើប្រាស់នៅក្នុងគ្រាប់បែកបរមាណូមួយ។
កម្ពុជា៖ ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហម បានថ្លែងថា ការខ្វែងគំនិតគ្នារវាងចៅក្រមពីរនាក់នៅឯតុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយនេះនឹងរំខានដល់ការបន្តសំណុំរឿងទាំងឡាយប្រឆាំងក្រុមអតីតមេដឹកនាំខ្មែរក្រហម។
អាមេរិក/ចិន៖ លោក ទីម៉ូធី ហ្គេតនឺ (Timothy Geithner) រដ្ឋលេខាធិការរតនាគារជាតិអាមេរិកបានជួបពិភាក្សាជាមួយក្រុមមន្ដ្រីចិននៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃពុធនេះសម្រាប់កិច្ចពិភាក្សានានាដែលគេរំពឹងថា នឹងផ្ដោតទៅលើការរឹតចំណងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ និងការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។
បាគីស្ថាន៖ ពួកមន្ដ្រីបាគីស្ថានបាននិយាយថា ការវាយប្រហារដោយយន្ដហោះដែលគ្មានមនុស្សបើករបស់អាមេរិកមួយបានបណ្ដាលឱ្យជនសង្ស័យជាជនសកម្មប្រយុទ្ធ៤នាក់ស្លាប់ នៅពេលវាបានបុកមកលើបរិវេនអគារមួយនៅតំបន់ពាយ័ព្យនៃប្រទេសនេះជិតព្រំដែនជាមួយអាហ្វហ្គានីស្ថាន។
កូរ៉េខាងជើង៖ ទីភ្នាក់ងារស្រាវជ្រាវរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងមួយបាននិយាយថា មេដឹកនាំថ្មីរបស់កូរ៉េខាងជើងនឹងអាចចេញបញ្ជាឱ្យធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរជាលើកទីបី ឬក៏ការបាញ់កាំជ្រួចមីស៊ីលចម្ងាយឆ្ងាយនៅចុងឆ្នាំនេះ។
កូរ៉េខាងជើង៖ បណ្ដាញព័ត៌មានរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបានឱ្យដឹងថា ស.រ.អបានស្នើជួយផ្ដល់ជំនួយអាហារនិងការដកជាបណ្ដោះអាសន្ននូវទណ្ឌកម្មមកលើរដ្ឋាភិបាលព្យុងយ៉ាង ប្រសិនបើរដ្ឋាភិបាលនេះពន្យារកម្មវិធីចម្រាញ់សារជាតិអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។