ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរ​ក្រហម​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ការ​គាំទ្រ​ពី​ភាគី​កម្ពុជា


សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។
សវនាការ​មួយ​របស់​តុលាការ​ខ្មែរ​ក្រហម។

ក្រុម​អ្នក​សង្កេតការណ៍​ដែល​តាមដាន​មើល​តុលាការ​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​ដែល​កំពុង​មាន​រឿង​ចម្រូងចម្រាស​និយាយ​ថា​ ជម្លោះ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​តែ​កើន​ឡើង​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​មិន​មាន​ការ​ចោទ​ប្រកាន់​បន្ថែម​ទៀត​ដល់​ជន​សង្ស័យ​ដែល​នៅ​សេសសល់​ទេ។

តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​កាត់ទោស​អតីតមេ​ខ្មែរ​ក្រហម​ម្នាក់​រួច​ហើយ​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ ហើយ​កំពុង​ដំណើរការ​កាត់​ទោស​សំណុំ​រឿង​ទី​ពីរប្រឆាំង​នឹង​មេដឹកនាំ​ខ្មែរ​ក្រហម​កំពូល​បី​នាក់​ដែល​កំពុង​រស់រាន​មាន​ជីវិត​នៅ​ឡើយ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

លោក​ស្រី Hillary Clinton រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ជួប​ជាមួយ​មេដឹកនាំ​ប្រធាធិបតេយ្យ​ភូមា​ Aung San Suu Kyi នៅ​ក្នុង​ដំណើរទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ស្រី​ទៅ​កាន់​ប្រទេស​ភូមា​កាល​ពីខែ​ធ្នូ​ឆ្នាំ​២០១១។
លោក​ស្រី Hillary Clinton រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ជួប​ជាមួយ​មេដឹកនាំ​ប្រធាធិបតេយ្យ​ភូមា​ Aung San Suu Kyi នៅ​ក្នុង​ដំណើរទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ស្រី​ទៅ​កាន់​ប្រទេស​ភូមា​កាល​ពីខែ​ធ្នូ​ឆ្នាំ​២០១១។

ភូមា-អាមេរិក៖ សហរដ្ឋ​អាមេរិក​កំពុង​តែ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ខ្លះ​ដែល​មាន​រយៈពេល​យូរ​មក​ហើយ​លើ​ប្រទេស​ភូមា​ ដោយ​ក្តី​សង្ឃឹម​ថា​នឹង​អាច​ជួយ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​កែទម្រង់​បន្ថែម​ទៀត ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ដ៏​ធំ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​គ្លីនតុន​ និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ រដ្ឋបាល​ទី​ក្រុង​វ៉ាស៊ីនតោន​នឹង​តែងតាំង​ឯកអគ្គរដ្ឋទូត​មួយ​រូប​ប្រចាំ​ប្រទេស​ភូមា។ សហរដ្ឋ​អាមេរិក​ក៏​នឹង​បង្កើត​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក (USAID) ប្រចាំ​ក្នុង​ប្រទេស​នេះ​ផង​ដែរ​ដើម្បី​គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP)។

ស៊ីរី៖ កងកម្លាំង​ការពារ​សន្តិភាព​មួយ​ក្រុម​របស់​អង្គការ​សហប្រជាជាតិ​កំពុងតែ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ីរី​ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​បេសកកម្ម​មួយ​ត្រួត​ពិនិត្យ​មើល​បទ​ឈប់​បាញ់​គ្នា ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា​ កងទ័ព​របស់​រដ្ឋាភិបាល​បាន​ប្រយុទ្ធ​គ្នា​ជាមួយ​ពួក​អ្នក​បះបោរ​នៅ​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស។

ស.រ.អា/កូរ៉េខាងជើង៖ អតីត​ប្រេសិត​សហរដ្ឋ​អាមេរិក​មួយ​រូប​សម្រាប់​ប្រទេស​កូរ៉េ​ខាងជើង​និយាយ​ថា​ ​រដ្ឋបាល​លោក​អូបាម៉ា​ត្រូវ​តែ​បន្ត​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង​ បើ​ទោះ​បី​ជា​ប្រទេស​នេះ​នៅ​តែ​ធ្វើ​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុក្កែត​នៅ​ខែ​នេះ​ក៏​ដោយ។

បាគីស្ថាន៖ អ្នកដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​និង​ក្រុម​ខ្មាន់​កាំភ្លើង​មួយ​ក្រុម​បាន​បើក​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​សំដៅ​លើក្រុម​ប៉ូលីស​ក្នុង​ទី​ក្រុង​ដ៏​ធំ​ជាង​គេ​មួយ​របស់​ប្រទេស​បាគីស្ថាន។​ ប៉ូលិស​និយាយ​ថា​ មាន​មនុស្ស​បី​នាក់​បាន​ស្លាប់​និង​មនុស្ស​១៣​នាក់​ទៀត​រង​របួស​នៅ​ពេល​ដែល​អ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ជិត​រថយន្ត​ដឹក​មេ​ប៉ូលិស​ស្រុក។

ចិន៖ ក្រុម​លួច​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កម្រិត​អន្តរជាតិ​ដែល​មាន​ឈ្មោះ​ហៅ​ថា​ «ក្រុម​អនាមិក»​ (Anonymous) និយាយ​ថា ​ក្រុម​ខ្លួន​បាន​វាយ​ប្រហារ​គេហទំព័រ​រាប់រយ​របស់​ប្រទេស​ចិន​ដោយ​រួម​ទាំង​គេហទំព័រ​រដ្ឋាភិបាល​ចិន​ជា​ច្រើន​ផងដែរ​ដើម្បី​ជា​ការតវ៉ា​នឹង​គោល​នយោបាយ​រឹតត្បិត​តឹងរ៉ឹងរបស់​ប្រទេស​ចិន​លើ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត។

ចិន៖ ប្រទេស​ចិន​និយាយ​ថា ​ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​ទេសចរ​ទៅ​ទស្សនាប្រជុំ​កោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​ជា​ចំណាត់​ការ​មួយ​ដែល​ទំនង​ជា​នឹង​ធ្វើ​ឱ្យ​មាន​ការ​តាន​តឹង​ថែម​ទៀត​នៅ​លើ​តំបន់​ដែន​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​នេះ។

សេណេហ្គាល់៖ ប្រធានាធិបតី​ទើប​នឹង​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​សេណេហ្គាល់​ លោក ម៉ាកឃី ស៉ល (Macky Sall) បាន​បង្ហាញ​ឈ្មោះ​គណៈរដ្ឋមន្រ្តី​ដំបូង​របស់​លោក​តែ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង។

XS
SM
MD
LG