ទីភ្នាក់ងារសារព័ត៌មានបារាំង AFP សរសេរនៅថ្ងៃនេះថា សមាគមអាស៊ានបានត្រូវគាំងដំណើរដោយសារតែការខ្វែងគំនិតគ្នា ថាតើត្រូវដោះស្រាយយ៉ាងដូចម្ដេចជាមួយប្រទេសមហាអំណាចចិន ដែលទាមទារយកកោះយុទ្ធសាស្រ្ដនៅក្នុងសមុទ្រចិនខាងត្បូង។ នេះ បើតាមអ្នកវិភាគនយោបាយ។
ការខ្វះការសម្របសម្រួលគ្នារវាងសមាជិកប្រទេស១០នៃសមាគមអំពីរបៀបនៃដំណើរការដើម្បីចរចាជាមួយចិនអំពីក្រមសីលធម៌នៅលើសមុទ្រ ជាចំណុចដ៏លំបាករបស់សន្និសីទកំពូលពីរថ្ងៃនៅក្នុងរាជធានីភ្នំពេញក្នុងសប្ដាហ៍នេះ។
រដ្ឋមន្ដ្រីការបរទេសហ្វីលីពីន លោក Albert Del Rosario ថ្លែងថា មាន«ការខ្វែងគំនិតគ្នាដ៏ធំធេង» កាលពីថ្ងៃអង្គារអំពីរឿងនេះ ខណៈដែលនាយករដ្ឋមន្ដ្រីខ្មែរ លោកហ៊ុន សែន បានវាយតម្លៃទាបដោយមិនសប្បាយចិត្ត នូវសេចក្ដីរាយការណ៍របស់បណ្ដាញព័ត៌មាន អំពីការខ្វែងគំនិតគ្នានោះ។
នៅទីបញ្ចប់មេដឹកនាំអាស៊ានបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃពុធ បង្ហាញសាមគ្គីភាព តែស្រទាប់លើ និងសន្យាថា នឹងបង្កើនកិច្ចប្រឹងប្រែងឆ្ពោះទៅរកការអនុវត្ដ កិច្ចព្រមព្រៀង ដើម្បីលើកស្ទួយសន្ដិភាព ដែលបានត្រូវចុះហត្ថលេខាកាលពី១០ឆ្នាំមុន។
លោក ហោ ណាំហុងនឹងធ្វើដំណើរទៅកូរ៉េខាងជើង
សេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ និយាយថា រដ្ឋមន្ដ្រីការបរទេសខ្មែរ លោក ហោ ណាំហុង នឹងទៅទស្សនាប្រទេសកូរ៉េខាងជើង ក្នុងឆ្នាំនេះ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ប្រទេសសមាគមអាស៊ាន ដើម្បីកាត់បន្ថយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។
អគ្គលេខាធិការរបស់អង្គការអាស៊ាន លោក សុរិន្ទ ពិតសុវណ្ណ ថ្លែងថា លោក ហោណាំហុង នឹងធ្វើដំណើរមុនកិច្ចប្រជុំវេទិកាសន្ដិសុខអាស៊ីមួយ ដែលនឹងប្រព្រឹត្ដធ្វើនៅខែកក្កដា និងរៀបចំដោយសមាគមប្រទេសអាស៊ាន ។
ប្រទេសកម្ពុជាដែលមានវេនជាប្រធានរបស់សមាគមអាស៊ានមានការជិតស្និតជាមួយកូរ៉េខាងជើង។ លោក សុរិន្ទ ថ្លែងដូច្នេះប្រាប់ក្រុមអ្នកកាសែតនៅក្នុងរាជធានីភ្នំពេញនៅពេលបញ្ចប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សមាគមអាស៊ាន។ តាមប្រសាសន៍របស់លោក សុរិន្ទថា «ខ្ញុំសង្ឃឹមថា កម្ពុជានឹងដើរតួនាទីតែមួយគត់ម្ដងទៀត ហើយខ្ញុំយល់ថាលោករដ្ឋមន្ដ្រីការបរទេសខ្មែរ បានប្រុងប្រៀបខ្លួនស្រាច់ហើយ ដើម្បីធ្វើទស្សនកិច្ចនៅពេលមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីរបស់វេទិកាតំបន់អាស៊ានក្នុងខែកក្កដា។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងៗទៀត៖
សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក មិត រ៉មនី (Mitt Romney) មានសន្ទុះកាន់តែខិតជិតទៅមកដល់ការតែងតាំងលោកជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស ដែលលោកនឹងប្រយុទ្ធតទល់នឹងប្រធានាធិបតី បារ៉ាក់ អូបាម៉ា។
ព័ត៌មានចុងក្រោយពីការដំណើរការបោះឆ្នោតនៅអាមេរិក៖
ឥណ្ឌូនេស៊ី៖ មណ្ឌលមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានផ្ដល់ជាប្រាក់សុទ្ធឲ្យប្រជាពលរដ្ឋណាដែលស្ម័គ្រចិត្ដឲ្យពេទ្យកាត់បំពុងទឹកកាមចេញ។ តែគំនិតនោះបានធ្វើឲ្យស្រ្ដីជាភរិយាមានការភ័យខ្លាចថា ប្ដីរបស់នាងនឹងអាចមានសហាយស្មន់។
អាស៊ាន៖ មេដឹកនាំសមាគមអាស៊ានបានអំពាវនាវតាមផ្លូវការ ដើម្បីឲ្យបស្ចិមប្រទេស ដកចេញនូវការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសភូមា។ សេចក្ដីអំពាវនាវដូច្នោះ ធ្វើឡើងនៅពេលបញ្ចប់សន្និសីទកំពូលពីរថ្ងៃដោយបានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃពុធ។
អូស្ត្រាលី៖ កងទ័ពម៉ារីនអាមេរិកាំងជំនាន់ទី១ បានមកដល់តំបន់ភាគខាងជើងប្រទេស អូស្រាលី ដោយកត់សម្គាល់ការចាប់ផ្ដើមនៃវត្ដមានធំធេងរបស់កងយោធាស.រ.អ.នៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក។
អាហ្វហ្គានីស្ថាន៖ មន្ដ្រីនៃតំបន់ភាគខាងជើងប្រទេសអាហ្វហ្គានិស្ថាននិយាយថា អត្ដឃាតជនម្នាក់បានបំផ្ទុះគ្រាប់បែក ហើយបានសម្លាប់មនុស្សយ៉ាងតិច៥នាក់និង ធ្វើឲ្យរបួស២៦នាក់។
កូរ៉េខាងជើង៖ អង្គការស្រាវជ្រាវមួយនៅក្នុងទីក្រុងសេអ៊ូល និយាយថា មានសេចក្ដីសង្ឃឹមថានឹងមានការយកចិត្ដទុកដាក់ប្រសើរដល់អ្នករត់ចោលប្រទេសកូរ៉េខាងជើងនៅក្នុងប្រទេសចិន ក្រោយពីឃើញមានសញ្ញាដែលចិននឹងបញ្ជូនជនភៀសខ្លួនទាំងនោះទៅឲ្យកូរ៉េខាងជើងវិញ។
ស៊ីរី៖ កងកម្លាំងស៊ីរីបានបើកការវាយប្រហារថ្មីថ្មោង ប៉ុន្មានម៉ោងបុណ្ណោះ ក្រោយពីរដ្ឋាភិបាលស៊ីរីនិយាយថាខ្លួនបានចាប់ផ្ដើមដកកងទ័ពចេញពីទីក្រុងខ្លះដើម្បីអនុវត្ដតាមផែនការអន្ដរជាតិឈប់បាញ់គ្នា។
ហិរញ្ញវត្ថុពិភពលោក៖ នាយករបស់អង្គការមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF ព្រមានដល់មេដឹកនាំប្រទេសក្នុងពិភពលោកអំពីការយល់ខុសអំពីសុវត្ថិភាពខណៈដែលសេដ្ឋកិច្ចសាកលកំពុងងើបខ្លួនចេញពីរដូវត្រជាក់ធ្ងន់ធ្ងរមិនធ្លាប់មានជាយូរមកហើយ។
ម៉ាឡេស៊ី៖ សកម្មជននៅក្នុងប្រទេសម៉ាឡេស៊ីបានអំពាវនាវឲ្យធ្វើបាតុកម្មធំធេងនៅចុងខែនេះ ដើម្បីទាមទារឲ្យមានការកែទម្រង់ក្នុងប្រព័ន្ធបោះឆ្នោត មុនការបោះឆ្នោតជាតិកំណត់ធ្វើនៅឆ្នាំក្រោយ។