ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​បារ៉ាក់ អូបាម៉ា ​សរសើរ​លោក​រ៉មនី​ដែល​ត្រូវ​បាន​តែង​តាំង​បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ


ប្រធានាធិបតី​ស.រ.អ​លោក​បារ៉ាក់​ អូបាម៉ា​Barack Obama​ បាន​ថ្លែង​សរសើរ​អតីត​អភិបាល​រដ្ឋ​ ម៉ាសាឈូសេត​Massachusetts​ លោក​មិត​ រមនី​ Mitt Romney​ ចំពោះ​ជ័យជំនះ​លើ​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ។​

អ្នក​នាំពាក្យ​ម្នាក់​របស់​យុទ្ធនាការ​លោក​អូបាម៉ា​ Obama​ និយាយ​ថា​ លោក​ប្រធានាធិបតី​ នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង​គូ​ប្រជែង​របស់​លោក​បាន​ពិភាក្សា​គ្នា​បន្តិច​បន្តួច​ ក្នុង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​រមនី​ Romney​ បាន​ឈ្នះ​ការ​តែង​តាំង​ដោយសារ​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះឆ្នោត​បថម​របស់​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ថ្ងៃ​អង្គារ​ នៅ​ក្នងុ​រដ្ឋ​ Texas។​ លោក​ Romney​ ទទួល​បាន​សម្លេង​គាំទ្រ​ពី​ប្រតិភូ​ចំនួន​ ៨៨​ នាក់​ ពី​ចំណោម​ប្រតិភូ​ជាង​ ១៥០​ នាក់​នៃ​រដ្ឋ​នេះ​ ឲ្យ​ឡើង​លើស​ពី​ចំនួន​១១៤៤​ ដែល​លោក​ត្រូវការ​ដើម្បី​ទទួល​ការ​តែង​តាំង​នៅ​ក្នុង​សន្និបាត​គណបក្ស​នៅ​រដូវ​ក្តៅ​នេះ។​

អ្នក​នាំ​ពាក្យ​លោក​អូបាម៉ា​Obama​ ថ្លែង​ថា​ លោក​ប្រធានាធិបតី​សំឡឹងមើល​ទៅ​«ការ​ពិភាក្សា​ដេញ​ដោល​គ្នា​ដ៏​សំខាន់​និងការ​ស្ថាបនា​អនាគត​នៃ​ប្រទេស​អាមេរិក»។​ យុទ្ធនាការ​លោក​ រមនី​Romney​ និយាយ​ថា​ ការ​សន្ទនា​តាម​ទូរស័ព្ទ​«មាន​រយៈពេល​ខ្លី​ប្រកប​ដោយ​ភាព​ស្និទ្ធិស្នាល»។​

ក្នុង​ប្រពៃណី​នយោបាយ​របស់​ស.រ.អ​ថ្មីៗ​នេះ​ បេក្ខជន​ទាំង​ពីរ​នឹង​ធ្វើ​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​បី​លើក​ ក្នុង​ខែ​តុលា​ហើយ​លោក​អនុ​ប្រធានាធិបតី​ចួ បៃដេន​Joe Biden​ នឹង​ធ្វើ​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​មួយ​លើក​ជា​មួយ​បេក្ខជន​អនុ​ប្រធានាធិបតី​ណា​ដែល​លោក​ រមនី​Romney​ តែង​តាំង៕​

ចិន៖ រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​ចិន​ លោក​ លាង គួង​លី​Liang​ Guanglie​ បាន​ធ្វើ​កិច្ច​ប្រជុំ​ប្តូរ​យោបល់​ដ៏​ខ្លី​មួយ​ កាល​ពី​យប់​ថ្ងៃ​អង្គារ​ជា​មួយ​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​របស់​សមាគម​ អាស៊ាន​ នៅ​ទី​ក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា។​

ភាគី​ចូល​រួម​បាន​ប្តូរ​ទស្សនៈ​គ្នា​អំពី​សន្តិសុខ​ក្នុង​តំបន់​ និង​សហប្រតិបត្តិការ​ដែល​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។​

លោក​លាង​Liang​ បាន​អញ្ជើញ​ទៅ​ដល់​ភ្នំពេញ​កាល​ពី​ថ្ងៃ​អាទិត្យ​សម្រាប់​ទស្សនកិច្ច​ ៤​ ថ្ងៃ​ តាម​សេចក្តី​អញ្ជើញ​របស់​លោក​ឧបនាយករដ្ឋមន្រ្តី​និង​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ ទា​ បាញ់​ នៃ​កម្ពុជា។​ ក្នុង​ពេល​ស្នាក់​នៅ​កម្ពុជា​លោក​ លាង​Liang​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​យោធា​មួយ​ជា​មួយ​លោក​ ទា​ បាញ់​ ហើយ​បាន​ជួប​សន្ទនា​រាក់​ទាក់​ជា​មួយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន។​

លោក​ លាង​Liang​ បាន​ជួប​ជា​មួយ​បាន​ជួប​ជា​មួយ​រដ្ឋមន្រ្តី​ការពារ​ប្រទេស​ សឹង្ហបូរី​ លោក​ ង អេង ​ហេនNg Eng Hen​ កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្រុង​ភ្នំពេញ​ហើយ​បាន​ប្តូរ​យោបល់​គ្នា​អំពី​បញ្ហា​នៃ​ផល​ប្រយោជន៍​រួម៕

ពិភពលោក៖ អង្គការ​សហប្រជាជាតិ​សម្រាប់​ស្បៀង​អាហារ​និង​កសិកម្ម FAO​ប្រាប់​ឲ្យ​ដឹង​ថា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តភាព​មិន​អាច​កើត​មាន​ឡើង​បាន​ទេ​ ប្រសិន​បើ​ភាព​អត់​ឃ្លាន​និង​ការ​ខ្វះ​ខាត​អាហារ​រូបត្ថម្ភ​មិន​អាច​លប់​បំបាត់​ចោលអស់​ទេ​នោះ។​

នៅ​ក្នុង​សេចក្តី​រាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ ម្សិល​ម៉ិញ​ លោក​ចូស ក្រាហ្ស៊ីយ៉ាណូ ដា ស៊ីលវ៉ា​Jose Graziano​ da Silva ប្រធាន​អង្គការ​ FAO​ មាន​ប្រសាសន៍​ថា​ កាអភិវឌ្ឍ​ មិន​អាច​ចាត់​ថា​មាន​និរន្តភាព​បាន​ទេ​ ខណៈ​ពេល​ដែល​មនុស្ស​ប្រហែល​ម្នាក់​ក្នុង​មនុស្ស​៧​នាក់​នៅ​ក្នុង​ពិភពលោក​ ត្រូវ​រងគ្រោះ​ដោយ​សា​ការ​ខ្វះ​អាហារ​រូបត្ថម្ភ​នោះ។​

លោក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើន​ផលិត​ផល​កសិកម្ម​ ហើយ​នៅ​ខណៈ​នោះ​ដែរ​ មាន​ការ​ថែ​រក្សា​បរិស្ថាន​ដើម្បី​ចិញ្ចឹម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​គេ​រំពឹង​នឹង​មាន​ដល់​ទៅ​៩​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២០៥០។​ ដើម្បី​ចិញ្ចឹម​ប្រជា​ពល​រដ្ឋ​អង្គការ​ FAO​បង្ហាញ​ឲ្យ​ដឹង​ថា​គេចាំ​បាច់​បង្កើន​ទិន្នផល​កសិកម្ម​យ៉ាង​ហោចណាស់​ក៏​៦០​ភាគរយ​ ដែរ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខ​នេះ។​

សេដ្ឋវិទូ​ជាន់​ខ្ពស់​ម្នាក់​របស់​អង្គការ​ FAO​ បាន​ប្រាប់​ VOA ​ថា​ទីភ្នាក់ងារ​ម្ហូប​អាហារ​របស់​អង្គការ​សហប្រជាជាតិ​ ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ការ​លប់​បំបាត់​ភាព​អត់​ឃ្លាន​នៅ​តែ​មាន​សារៈ​សំ​ខាន់​ជា​ទី​បំផុត៕

ចិន៖ ប្រទេស​ចិន​បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ជប៉ុន​ ដែល​ថ្លែង​ថា​ អ្នក​ការទូត​ចិន​ម្នាក់​បាន​ធ្វើ​ចារកម្ម​លើ​ពាណិជ្ជករ​និង​អ្នក​នយោបាយ​ក្នុង​ប្រទេស​ជប៉ុន។​

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លីវ វៃមិន​ Liu Weimin​ ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ពាក្យ​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​ការទូត​ ដែល​លោក​សំគាល់​ឈ្មោះ​ថា​លី ជុង​គួង​ Li Chunguang​ គឺ​គ្មាន​ហេតុផល​សោះ។​

ប៉ាគីស្ថាន៖ វេជ្ជបណ្ឌិត​ប៉ាគិស្ថាន​ដែល​បាន​ជួយ​ស.រ.អ​តាម​ដាន​ អូសាម៉ា ប៊ីន ឡាដិន​Osama bin Laden​ បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​ មិន​មែន​ដោយ​សារ​ធ្វើការ​ជា​មួយ​ភ្នាក់ងារ​សេអ៊ីអា​ ទេ​ តែ​ចំពោះ​ការ​ទាក់​ទង​ជា​មួយ​ជន​សកម្ម​ប្រយុទ្ធ​ទៅ​វិញ។​ កាល​ពី​សប្តាហ៍​មុន​តុលាការ​កុល​សម្ព័ន្ធ​មួយ​បាន​កាត់​សេចក្តី​ឲ្យ​លោក​សាគី អាហ្រ្វ៊ីឌី​ Shakil​ Afridi​ មាន​ទោស​ជាប់​គុក​ ៣៣​ ឆ្នាំ​ ពី​បទ​ធ្វើ​យុទ្ធនាការ​ចាក់​ថ្នាំ​ក្លែង​ក្លាយ​មួយ​ដើម្បី​ជួយ​ទី​ភ្នាក់ងារ​សេអ៊ីអា​ ប្រមូល​យក​គំរូ​DNA​ ពី​មេ​ដឹកនាំ​អាល់កៃដា​al-Qaida​ និង​គ្រួសារ​សម្រាប់​បញ្ជាក់​វត្តមាន​របស់​ប៊ីន ឡាដិន​ bin Laden​ នៅ​ក្នុង​ផ្ទះ​មួយ​ក្នុង​ទី​ក្រុង​អាបុត្តាបាត​ Abbottabad​ ប្រទេស​ ប៉ាគិស្ថាន។​

អាហ្វហ្កានិស្ថាន៖ អ.ស.ប​និយាយ​ថា​ចំនួន​ជន​ស៊ីវិល​ស្លាប់​នៅ​ក្នុង​សង្គ្រាម​មួយ​ទសវត្យរ៍​របស់​អាហ្វហ្កានិស្ថាន​ បាន​ចុះ​ថយ​ជាង​២០%​ ក្នុង​ពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ បើ​ប្រៀប​ធៀប​ទៅ​និង​រយៈ​ពេល​ដដែល​កាល​ពិ​ឆ្នាំ​ ២០១១។​

ស៊ីរី៖ ជំនួយ​ការរបស់​ប្រេសិត​អន្តរជាតិលោក​ ខូហ្វ៊ី​ អាណាន់​Kofi​ Annan​ បាន​រាយការណ៍​ត្រួស​ៗជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ ដែល​មាន​សមាជិក​១៥​ប្រទេស​ ស្តី​អំពី​ទស្សនកិច្ច​របស់​លោក​អាណាន់​Annan​ ទៅ​កាន់​ប្រទេស​ស៊ីរី​ដែល​ធ្វើ​ឲ្យ​អ្នក​ការ​ទូត​ម្នាក់​ ហៅ​ស្ថានការណ៍​បច្ចុប្បន្ន​ថា​ជា​«ចំណុច​ដ៏​ទាប​បំផុត​នៅ​ក្នុង​ជម្លោះ»​ក្នុង​ប្រទេស​នេះ។​

លីប៊ីរី៖ តុលាការ​ពិសេស​មួយ​បាន​កាត់​សេចក្តី​ អតីត​ប្រធានាធិបតី​ ប្រទេស​ លីប៊ីរី​Liberia,​ លោក​ឆាល​ ថាយល័រ​Charles​ Taylor​ ឲ្យ​ជាប់​ពន្ធនាគារ​ ៥០​ ឆ្នាំ​អំពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។​

ទីបេ​៖ ក្រុម​និរទេស​ខ្លួន​និយាយ​ថា​ម្តាយ​ម្នាក់​ដែល​មាន​កូន​បី​នាក់​ នៅ​ក្នុង​តំបន់​មួយ​ក្នុង​ប្រទេស​ចិន​ភាគ​និរតី​ដែល​មាន​ជន​ជាតិ​ទីបេ​ រស់​នៅ​ច្រើន​ បាន​បាត់​បង់​ជីវិត​បន្ទាប់​ពី​គាត់​បាន​ដុត​ខ្លួន​ហាក់​ដូច​ជា​ក្នុង​គោល​បំណង​តវ៉ា​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​ចិន។​

XS
SM
MD
LG