អាជ្ញាធរចិនបានបណ្តេញអ្នករាយការណ៍ជាភាសាអង់គ្លេសតែម្នាក់គត់នៅក្នុងក្រុងប៉េកាំងនៃទូរទស្សន៍ អាល់ ហ្សាស៊ីរ៉ាAl-Jazeera ហើយបានប្រកែកមិនព្រមឱ្យបណ្តាញទូរទស្សន៍ព័ត៌មានអារ៉ាប់នេះដាក់អ្នកធ្វើការថ្មីជំនួសអ្នកស្រីទេ។
បណ្តាញទូរទស្សន៍ដែលមានមូលដ្ឋាននៅក្នុងប្រទេសកាតា Qatarនេះបាននិយាយថាខ្លួន«គ្មានជម្រើសទេ»ក៏ប៉ុន្តែត្រូវបិទការិយាល័យភាសាអង់គ្លេសរបស់ខ្លួនក្នុងក្រុងប៉េកាំងក្រោយពីប្រទេសចិនបញ្ឈប់ការទទួលស្គាល់អ្នកស្រី មេលីសា ចានMelissa Chan ឬអនុញ្ញាតឱ្យមានអ្នកជំនួសអ្នកស្រី។
ក្លិបអ្នកកាសែតបរទេសនៃប្រទេសចិនបាននិយាយថាខ្លួន«ហួសចិត្ត»នឹងសេចក្តីសម្រេចចិត្តនេះ ដោយហៅការសម្រេចចិត្តនេះថាជាការប៉ុនប៉ងដើម្បី«ត្រួតពិនិត្យ
និងបំភិតបំភ័យ»ពួកអ្នកកាសែតបរទេសក្នុងប្រទេសចិន។អ្នកនាំពាក្យម្នាក់របស់ក្លិបនេះក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងថាមិនបានពន្យល់អំពីវិន័យឬបទបញ្ញត្តិពិសេសណាមួយដែលអ្នករាយការណ៍ព័ត៌មាននេះបានត្រូវចោទប្រកាន់់ថាបានរំលោភនោះ។
ឥណ្ឌា៖ លោកស្រីរដ្ឋមន្ត្រីការបរទេសស.រ.អ. ហ៊ីឡារី គ្លីនតុនHillary Clinton បានមានប្រសាសន៍ថាប្រទេសប៉ាគិស្ថានគួរធ្វើសកម្មភាពថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ហើយថាស.រ.អ.ប្តេជ្ញាដេញតាមពួកភេរវជនមានមូលដ្ឋានក្នុងប្រទេសប៉ាគិស្ថានដែលគំរាមកំហែងស.រ.អ.,ប្រទេសអាហ្វហ្កានិស្ថាននិងសម្ព័ន្ធមិត្តឯទៀត។
នៅក្រោយកិច្ចចរចាកាលពីថ្ងៃអង្គារក្នុងក្រុង ញូវ ដេលី New Delhi ជាមួយលោក គ្រឹស្នា S.M. Krishna សមភាគីឥណ្ឌារបស់លោកស្រី លោកស្រីបានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតថាស.រ.អ.និងប្រទេសឥណ្ឌាបាន«ស្គាល់អំពីសោកនាដកម្ម»នៃភេរវកម្មនៅលើដីរបស់ខ្លួនរួចហើយ។លោកស្រីក៏បានមានប្រសាសន៍ដែរថាពួកភេរវជននៅក្នុងប្រទេសប៉ាគិស្ថានក៏បានសម្លាប់ជនជាតិប៉ាគិស្ថាន៣ម៉ឺននាក់ដែរ។
«យើងចង់ឱ្យរដ្ឋាភិបាលនៃប្រទេសប៉ាគិស្ថានធ្វើសកម្មភាពថែមទៀត។ត្រូវធ្វើឱ្យប្រាកដថាដែនដីខ្លួនមិនបានត្រូវប្រើប្រាស់សម្រាប់ធ្វើជាកន្លែងចាប់ផ្តើមការវាយប្រហារភេរវកម្មក្នុងកន្លែងណាមួយទេ ដោយរួមទាំងនៅខាងក្នុងប្រទេសប៉ាគិស្ថានផងដែរ។"
ពួកអាជ្ញាធរស.រ.អ.មានការទុកចិត្តថាជនម្នាក់ដែលជាប់សង្ស័យថាជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ពួកអាល់ កៃដា al-Qaida លែងជាការគំរាមកំហែងមួយដល់ប្រជារាស្ត្រអាមេរិកាំងទៀតហើយ។
ស៊ីរី៖ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ICRCបាននិយាយថាចលនាពួកឧទ្ទាមនៃប្រទេសស៊ីរីបានបង្កើនការប្រើប្រាស់យុទ្ធវិធីវាយឆ្មក់នៅក្នុងការប្រឹងប្រែងរបស់ពួកគេដើម្បីបណ្តេញប្រធានាធិបតីផ្តាច់ការ បាសារ អាល់ អាសាដBashar al-Assad ឱ្យចេញពីតំណែង។
ប៉ាគីស្ថាន៖ ពួកមន្ត្រីយោធាប៉ាគិស្ថានបាននិយាយថាមានទាហាននិងជនស៊ីវិលយ៉ាងតិចណាស់២១នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងពួកជនសកម្មប្រយុទ្ធនិងពួកទាហាននៅក្នុងផ្នែកពាយ័ព្យប្រទេស។
ការប្រយុទ្ធគ្នានៅក្នុងតំបន់កុលសម្ព័ន្ធ វាហ្ស៊ីរីស្ថានWaziristanភាគខាងជើងបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យនៅពលដែលពួកជនសកម្មប្រយុទ្ធបានវាយប្រហារលើក្បួនកុងវ័រយោធាមួយនៅជិតក្រុង មីរ៉ាន ស្ហាMiran Shah ដែលជាក្រុងធំជាងគេនៅក្នុងតំបន់នោះ។
ពួកមន្ត្រីយោធាប៉ាគិស្ថានបាននិយាយថាមានទាហានយ៉ាងតិចណាស់១១នាក់បានបានស្លាប់ក្នុងការប៉ះទង្គិចគ្នា២ថ្ងៃនេះ។ពួកគេបាននិយាយថាពួកជនសកម្មប្រយុទ្ធ
«មួយចំនួនធំ»ក៏បានត្រូវសម្លាប់ដែរ។មានមនុស្សយ៉ាងហោចណាស់៦៥នាក់បានរងរបួសក្នុងការប្រយុទ្ធ ដែលមិនសូវមានទេនៅក្នុងតំបន់កុលសម្ព័ន្ធនោះដែលគេរាយការណ៍ថាពួកជនសកម្មប្រយុទ្ធនិងពួកយោធាបានចុះការយោគយល់គ្នាឈប់វាយប្រហារគ្នារៀងខ្លួន។
ភូមា៖ អាជ្ញាធរភូមាបានចេញលិខិតឆ្លងដែនមួយច្បាប់ជូនលោកស្រី អោង សានស៊ូជីAung San Suu Kyi សកម្មជនលទ្ធិប្រជាធិបតេយ្យនិងជាមេដឹកនាំក្រុមប្រឆាំងដោយអនុញ្ញាតឱ្យលោកស្រីធ្វើដំណើរទៅប្រទេសក្រៅជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ។
ក្រិក៖ ប្រធានគណបក្សស៊ីរីហ្សា Syriza ដែលជាគណបក្សនិយមនយោបាយខាងឆ្វេងជ្រុលបានអំពាវនាវឱ្យមានការច្រានចោលវិធានការចំណាយត្បិតត្បៀតទាំងអស់ដែលបានត្រូវដាក់កំហិតតាមរយៈកិច្ចព្រមព្រៀងខ្ចីប្រាក់អន្តរជាតិមួយ នៅពេលដែលលោកខិតខំព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ។