ទីផ្សារភាគហ៊ុនក្នុងទ្វីបអាស៊ីភាគច្រើនបានធ្លាក់ចុះទាបជាងមុននៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានតួលេខការងារដ៏គួរឱ្យព្រួយបារម្ភនាទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិកបានធ្វើឱ្យធ្លាក់ចុះការជឿជាក់លើការងើបឡើងវិញនៃសេដ្ឋកិច្ច។
កង្វល់របស់ពួកវិនិយោគិនត្រូវបានកើតមានឡើងក្រោយពីមានសេចក្តីរាយការណ៍មួយដែលបានបង្ហាញថាក្រុមហ៊ុននៅសហរដ្ឋអាមេរិកបានបន្ថែមការងារតិចជាងមុនសម្រាប់ខែមេសា គឺមានត្រឹមតែចំនួន១១៩.០០០ការងារប៉ុណ្ណោះ បើប្រៀបធៀបនឹងខែមិនាដែលមានរហូតដល់២០១.០០០ការងារ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ចិន៖ មន្ត្រីសហរដ្ឋអាមេរិកនិយាយថាពួកគេទទួលការបញ្ជាក់ថាសកម្មជនពិការភ្នែក លោក ចេន គ្វាងចេង (Chen Guangcheng) ចង់ចាកចេញពីប្រទេសចិនជាមួយនឹងក្រុមគ្រួសាររបស់គាត់។ ការប្រកាសនេះកើតឡើងមួយថ្ងៃបន្ទាប់ពីសកម្មជនរូបនោះ បានចាកចេញពីស្ថានទូតសហរដ្ឋអាមេរិកក្រោយពីបានសុំសិទ្ធិជ្រកកោននៅទីនោះជិតមួយសប្តាហ៍ក្រោយពីបានរត់គេចចេញពីការឃុំខ្លួនក្នុងផ្ទះ។
អាស៊ី៖ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងប្រធានធនាគារមកពីបណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍រួមជាមួយនឹងប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូងបានយល់ព្រមគ្នានៅថ្ងៃព្រហស្បតិ៍នេះក្នុងការបង្កើនខ្ទង់ប្រាក់បម្រុងរបស់ពួកគេឱ្យបានពីរដងរហូតដល់ចំនួន២៤០.០០០លានដុល្លារដើម្បីទប់ស្កាត់វិបត្តិហិរញ្ញវត្ថុក្នុងតំបន់ដែលអាចនឹងកើតមានឡើងឱ្យបានទាន់ពេលវេលា។
រុស្ស៊ី/ស.រ.អា៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីនិយាយថា ការចរចាស្តីពីផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធការពារកាំជ្រួចរបស់អង្គការណាតូនៅអឺរ៉ុបបានជាប់គាំងហើយ។
អារ៉ាប់៖ ក្រុមសកម្មជនសិទ្ធិសេរីភាពសារព័ត៌មាននិងអង្គការសហប្រជាជាតិដែលបានរៀបចំទិវាសេរីភាពសារព័ត៌មាននិយាយថា បដិវត្តន៍រដូវផ្ការីកក្នុងពិភពអារ៉ាប់បានបន្ធូរបន្ថយគំនាបរដ្ឋាភិបាលក្នុងប្រទេសខ្លះមកលើប្រព័ន្ធសារព័ត៌មាន ប៉ុន្តែមានប្រទេសជាច្រើននៅតែប្រើប្រាស់ល្បិចធ្វើបាបអ្នកសារព័ត៌មានដដែល។
បារាំង៖ លោកប្រធានាធិបតីបារាំង នីកូឡា ហ្សាក់កូហ្ស៊ី (Nicolas Sarkozy) និងគូប្រជែងមកពីគណបក្សសង្គមនិយម លោក ហ្វ្រង់ស្វ័រ ហូឡង់ (Francois Hollande) បានប៉ះពាក្យសម្តីគ្នាម្តងហើយម្តងទៀតនៅក្នុងការជជែកដេញដោលគ្នាមុនពេលការបោះឆ្នោតស្ថាពរនៅថ្ងៃអាទិត្យ ដែលគេរំពឹងថាលោកហូឡង់នឹងឈ្នះឆ្នោត។
ស៊ីរី៖ សកម្មជនស៊ីរីនិយាយថា កងកម្លាំងរដ្ឋាភិបាលបានវាយឆ្មក់អន្តេវាសិកដ្ឋានរបស់មហាវិទ្យាល័យមួយហើយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏បួននាក់ដែរ បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅទីក្រុង អាឡេបប៉ូ (Aleppo) ស្របពេលដែលអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិបានខិតខំឡើងវិញដើម្បីវាយតម្លៃបទឈប់បាញ់គ្នាដែលមានភាពរកាំរកូស។
នេប៉ាល់៖ អ្នកនាំពាក្យរដ្ឋាភិបាលនេប៉ាល់ (Nepal) និយាយថា លោកនាយករដ្ឋមន្ត្រីនឹងរំលាយគណៈរដ្ឋមន្ត្រីរបស់លោក ហើយបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយក្នុងគោលបំណងដើម្បីបំបែកភាពទាល់ច្រកអស់រយៈពេលជាច្រើនឆ្នាំក្នុងការតាក់តែងរដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិ។