ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុងភ្នំពេញ​ចេញ​ដិកា​កោះហៅ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ជា​លើក​ទីពីរ


លោក​ជុំ មៃ អតីត​អ្នកទោស​គុកទួលស្លែង​ថ្លែង​ទៅកាន់​អ្នកចួលរួម​បាតុកម្ម​​របស់លោក​ប្រឆាំង​លោក​កឹម សុខា។
លោក​ជុំ មៃ អតីត​អ្នកទោស​គុកទួលស្លែង​ថ្លែង​ទៅកាន់​អ្នកចួលរួម​បាតុកម្ម​​របស់លោក​ប្រឆាំង​លោក​កឹម សុខា។
តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​ដិកា​កោះហៅ​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​កឹម សុខា​ឲ្យ​មក​ចូល​បំភ្លឺ​ជាលើក​ទីពីរ​នៅ​ថ្ងៃទី​៥​ខាងមុខ​នេះ​ពាក់​ព័ន្ធ​នឹង​បណ្តឹង​របស់​លោក​ជុំ ម៉ី​ អ្នក​រស់​រាន​មាន​ជីវិត​ពី​គុកទួល​ស្លែង។​

លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​នៅ​ថ្ងៃអង្គារ​នេះ​ថា​ លោក​បាន​ដឹង​ដិកា​កោះ​របស់​តុលាការ​ជា​លើក​ទីពីរ​នេះ​ហើយ​ តែលោក​នៅ​តែ​ប្រកាន់​ជំហរ​ថា ​មិន​ចូល​បំភ្លឺ​តាម​ដិ​កា​កោះ​របស់​តុលាការ​ទេ។​

លោក​បាន​និយាយ​ថា​ មូលហេតុ​ដែល​លោក​មិន​ចូល​បំភ្លឺ​គឺដោយ​សារ​តែ​លោក​ជាប់​រវល់​ឃោសនា​រក​សំឡេង​ឆ្នោត​ ហើយ​លោក​បាន​ហៅ​ការ​ចេញ​ដិកា​កោះ​ផ្ទួនៗ​គ្នា​របស់​តុលាការ​ក្រុង​នេះ​ ថា​មាន​ចេតនា​រារាំង​សកម្មភាព​របស់​លោក​ក្នុង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​និង​ពាក់ព័ន្ធ​នឹង​ហេតុ​ផល​នយោបាយ។​

លោក​និយាយ​ថា៖ ​«រឿង​អ្វី​ក៏ហៅ​ផ្ទួនៗ​ រឿង​អ្វី​ក៏ហៅ​បង្ខំ​នៅ​ក្នុង​ពេល​វេលា​នេះ​គឺ​មាន​ន័យ​ថា​ ជារឿង​នយោបាយ​ហើយ​បានជា​បង្ខំអញ្ចឹង​ ពីព្រោះ​រឿង​នេះ​ ធម្មតា​រឿង​ក្តី​ក្តាំ​ច្រើន​ណាស់​ដែល​គេ​ពន្យារ​ទុក​រាប់​ខែ​ រាប់​ឆ្នាំ​បាន​តែ​រឿង​នេះ​ហៅ​មួយ​ហើយ​ យើង​ទៅពន្យារ​មិន​បាន​មួយ​អាទិត្យ​ផង​ ហៅមួយទៀត។​ ដូច្នេះ​ហើយ​ប្រាកដ​ជា​មាន​រឿង​នយោបាយ​អ្វី​បង្ខំ​ឲ្យ​រំខាន​ខ្ញុំ​ហើយ»។​

តុលាការ​ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៧​ខែ​មិថុនា​ បាន​ចេញដិកា​កោះ​ហៅ​លោក​កឹម សុខា​មក​បំភ្លឺលើក​ទីមួយ​ចំថ្ងៃ​ដែល​គណបក្ស​នយោបាយ​បើក​ឆាក​ឃោសនា​រក​សំឡេង​ឆ្នោត​ថ្ងៃ​ដំបូង ​តែត្រូវ​បាន​មេធាវី​ការពារ​ក្តី​ស្នើ​សុំ​ពន្យារ​ពេល។​

លោក​ជួង ជូងី​ មេធាវី​ការពារ​ក្តីឲ្យ​លោក​កឹម សុខា​ បាននិយាយ​ថា ​លោក​នឹង​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​ចូល​ឆ្លើយ​បំភ្លឺ​សារជាថ្មី​ម្តង​ទៀត​ដោយ​សារ​កូន​ក្តី​របស់​លោក​ជាប់​រវល់។​

លោក​ឲ្យ​ដឹង​ថា៖​ «ពីព្រោះ​ឯកឧត្តម​កឹម សុខា​ជាប់​រវល់​ឃោសនា​បោះ​ឆ្នោត»។​

លោកមាស ច័ន្ទពិសិដ្ឋ​ ព្រះរាជ​អាជ្ញារង​នៃ​តុលាការ​ក្រុង​ភ្នំពេញបាន​ចេញ​ដិកា​កោះ​ហៅ​លោក​កឹម សុខា​ឲ្យ​មក​ចូល​ឆ្លើយ​បំភ្លឺ។ វីអូអេបានព្យាយាមទាក់ទង​លោក​ដើម្បី​សុំ​ការ​បំភ្លឺ ​តែមិន​អាចទាក់​ទង​បានទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​ទទួល​ការ​ហៅ​ចូល​ហើយ​ តែគ្មាន​អ្នក​ទទួល។​

លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ ត្រូវ​បាន​រាយ​ការណ៍​ថា​ លោក​បាន​និយាយ​ថា ​គុក​ទួលស្លែង​ជា​គុក​សិប្បនិមិ្មត ​និង​រៀបចំ​ដោយ​ប្រទេស​វៀតណាម។ ​ការ​លើកឡើង​នេះ​បាន​បង្ក​ឲ្យ​លោក​ជុំ ម៉ី​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ដ៏ធំ​មួយ​ទាមទារ​ឲ្យ​លោក​កឹម សុខា​សុំទោស​ជន​រងគ្រោះ​គុក​ទួលស្លែង​ កាលពី​ថ្ងៃទី​៩​ខែ​មិថុនា​ ហើយ​ចុងក្រោយ ​ទើបឈាន​ដាក់​ពាក្យ​ប្តឹង​មក​កាន់​តុលាការ។​

តុលាការ​បាន​កោះហៅ​លោក​ជុំ ម៉ី​ ដែលជា​ភាគី​ដើម​បណ្តឹង​មក​សាក​សួរ​កាលពី​ថ្ងៃទី​២៤​ខែ​មុន​នេះ។​ លោកជុំ ម៉ី​ អាយុ​៨៣​ឆ្នាំ​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​អគារ​តុលាការ​ថា ​លោក​ទាមទារ​ឱ្យ​លោក​កឹម សុខា​ផ្តល់​សំណង​ចំនួន​១.០០០​ដុល្លារ​ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម​ នៅ​គុក​ទួលស្លែង។

ថ្លែង​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ លោកជុំ ម៉ីបាន​និយាយ​ថា​ លោក​ចង់ឲ្យ​មាន​ការ​តទល់​គ្នា​ក្នុង​តុលាការ​ជាមួយ​លោក​កឹម សុខា។​

លោក​និយាយថា៖ ​«គាត់​មកនិយាយ​ក្នុង​តុលាការ​មក​ ឲ្យតុលាការ​រក ​ថាតើ​គាត់​និយាយ​ហ្នឹង ​និយាយ​មែន​ឬ​ក៏គាត់​មិន​បាន​និយាយ?»​

លោក​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​ប្រឆាំង ​បាន​ទទួល​រង​នូវ​ពាក្យ​បណ្តឹង​ផ្ទួនៗ​ក្នុង​ខណៈ​ពេល​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សម រង្ស៊ី​ ហើយ​គណបក្ស​ទាំង​ពីរ​បាន​រួម​បញ្ចូល​គ្នា​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ។​

គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ក្រុម​អ្នក​តាមដាន​នយោបាយ​មើល​ឃើញ​ថា​សក្តិសម​ជា​គណបក្ស​ដែល​មាន​សក្តានុពល​ប្រកួត​ប្រជែង​តែមួយ​គត់​ជាមួយ​នឹង​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​បាន​ត្រួតត្រា​ប្រទេសកម្ពុជា​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ៕
XS
SM
MD
LG