ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះ​ខ្មែរ​ក្រោម​ថា​សាលា​ក្តី​មើល​រំលង​វាល​ពិឃាត​នៅ​ខេត្ត​ពោធិ៍សាត់


Protesters gather on Tunis 'main avenue after a Tunisian opposition leader critical of the Islamist-led government was gunned down as he left home, Feb.6, 2013.
Protesters gather on Tunis 'main avenue after a Tunisian opposition leader critical of the Islamist-led government was gunned down as he left home, Feb.6, 2013.

ក្រុម​មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ចៅក្រម​បាន​ខកខាន​ក្នុង​ការ​បង្ហាញ​តំបន់​ស៊ើបអង្កេត​សំខាន់​មួយ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ដែល​នៅ​ទីនោះ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​សម្លាប់​ចោល​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

កាល​ពី​ថ្ងៃ​ច័ន្ទ​សហ​ចៅក្រម​ស៊ើបអង្កេត​លោកយូ​ ប៊ុនឡេង​ និង​លោក​ ស៊ិកហ្វ្រិត ​ប៊្លុង ​របស់​សាលាក្ដី​ខ្មែរ​ក្រហមបាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​ស្ដី​ពី​ការស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៤​ដោយ​បង្ហាញ​ទី​តាំង​ស៊ើបអង្កេត​ក្នុង​ខេត្ត​ចំនួន​ប្រាំមួយ​ដូចជា​ខេត្ត​បាត់ដំបង​ ពោធិ៍សាត់​ បន្ទាយមានជ័យ​កំពង់ចាម​ តាកែវ​ និង​ខេត្ត​កំពង់ធំ។ ​មន្ទីរ​សន្ដិសុខ និង​ទីតាំងសម្លាប់​មនុស្ស​សរុប​ចំនួន​ ៣០​កន្លែង​ បាន​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​នេះ។

ក៏​ប៉ុន្ដែ​ក្រុម​មេធាវី​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រុម​ចៅក្រម​មិន​បាន​បង្ហាញ​ការ​ស៊ើបអង្កេត​នៅ​ក្នុង​ស្រុក​បាកាន​នៃ​ខេត្ត​ពោធិ៍សាត់​ទេ។ យោងតាម​ឯកសារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ប្រជាពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចម្លោះ​ពី​៥០០ទៅ​៧០០នាក់​ត្រូវ​បាន​សម្លាប់​ដោយខ្មែរ​ក្រហម​នៅ​ក្នុង​ស្រុក​បាកាន​ ជា​ពិសេស​ក្នុង​ឃុំ​រំលេច។

លោក​ សំ​ សុខគង់​ មេធាវី​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ដែល​មាន​កូន​ក្ដី​ជា​ប្រជាពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ​១០០​នាក់​ បាន​ថ្លែង​នៅ​ថ្ងៃនេះថា​ ពួក​ខ្មែរ​ក្រហម​បាន​សម្លាប់​ស្ទើរ​តែ​ផុត​ពូជ​នូវ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុង​ស្រុក​បាកាន​នេះ។ លោក​ថ្លែង​ដុច្នេះ​ថា៖

«ក្នុង​ស្រុក​បាកាន​នេះ​ ឃើញ​ថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ស្លាប់​ច្រើន​នាក់​ ហើយ​ឃើញ​ថា​អ្នក​ដែល​រស់រាន​មាន​ជីវិត​ គឺ​មាន​ប្រហែល​ជា​៣​គ្រួសារ​តែ​ប៉ុណ្ណោះ​ ក្រោយ​ពី​សម័យ​ខ្មែរ​ក្រហម​បាន​ដួល​រលំ។ អញ្ចឹង​ហើយ​ខាង​ពួក​ខ្ញុំ​សុំ​ថា ឲ្យ​ចៅក្រម​យោគយល់​ ធ្វើ​បំពេញ​បញ្ជាក់​ទៅ​លើ​រឿង​របស់​គាត់​ហ្នឹង​ព្រោះ​អី​គាត់​ចង់​ឡើង​ធ្វើ​សក្ខីកម្ម​ ក៏​ដូចជា​គាត់​ចង់​បាន​យុត្តិធម៌​មួយ​ដែល​ខាង​ខ្មែរក្រហម ​មេដឹកនាំ​ទាំង​បួនហ្នឹង​ដែល​បាន​ធ្វើ​ទៅ​លើ​ខ្មែរ​ក្រោមនៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ហ្នឹង» ។

កាល​ពី​ខែ​មិថុនា​ សហព្រះរាជ​អជ្ញាអន្ដរជាតិ​ ​លោកអ៊ែនឌ្រូ ខេលី​ (Andrew​ Cayley) បាន​ស្នើ​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ធ្វើ​ការ​ស៊ើបអង្កេត​បន្ថែម​លើ​សំណុំ​រឿង​០០៤​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ក្នុង​ខេត្ត​ពោធិ៍សាត់​ និង​តាកែវ។​ ក្រុម​មេធាវី​ការពារ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​ជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​បាន​លើក​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា​ សហ​ចៅ​ក្រម​ស៊ើប​អង្កេត​មិន​បាន​និយាយ​យោង​ដល់​លក្ខខណ្ឌ​នៃ​សំណើ​របស់​សហ​ព្រះរាជ​អជ្ញា​បរទេស​នោះ​ទេ។

លោក​ ម៉ាស​ដេវ​ ម៉ូ​ហាន​ (Mahdev​ Mohan)​ មេធាវី​បរទេស​តំណាង​ឲ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា​ កូន​ក្ដី​របស់​លោក​ប្រថុយ​ដាក់​ភស្ដុតាង​នៃ​ឧក្រិដ្ឋកម្ម​ដែល​ពួក​គេ​បាន​ទទួល​រង​ ឥឡូវ​នេះ​ពួក​គេរង់​ចាំ​យ៉ាង​អន្ទះសារ​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​សហចៅ​ក្រម​ស៊ើប​អង្កេត​ទាំង​ពីរ​រូប​បាន​បង្ហាញ​ពី​ការ​ស៊ើប​អង្កេតលើ​គុក​លេខ​៨​ក្នុង​ឃុំ​ស្យា ស្រុក​កណ្ដៀង ​និង​ទី​តាំង​សម្លាប់​មនុស្សក្នុង​ស្រុក​កណ្ដៀង​ដដែល​នេះ។​ ក្រៅ​ពី​នោះ​មាន​ការ​ស៊ើប​អង្កេត​លើ​មន្ទីរ​សន្ដិសុខ​វត្ត​ប្រធាតុ ​ក្នុង​ស្រុក​គិរីវង់​ ខេត្ត​តាកែវ ដែល​តំណាងឲ្យ​ភូមិភាគ​និរតី​របស់​ពួកខ្មែរក្រមហម​ផងដែរ។

លោក​មេធាវី​ សំ​ សុខ​គង់​ មាន​ប្រសាសន៍​ថា​ វិសាលភាព​នៃ​ការស៊ើប​អង្កេត​ក្នុង​ខេត្ត​តាកែវ​បាន​ស៊ីគ្នា​ជាមួយ​នឹង​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម។ ក៏​ប៉ុន្ដែ​មាន​ការ​ខ្វះ​ចន្លោះ​ក្នុង​ការ​ស៊ើប​អង្កេត​ក្នុង​ខេត្ត​ពោធិ៍សាត់។​ មេធាវី​ដដែល​បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ពេល​នោះ​ ត្រូវ​បាន​ដាក់​ឲ្យ​រស់​នៅ​ដាច់​ដោយឡែក​ពី​ពលរដ្ឋ​ដទៃ​ ហើយ​ត្រូវ​សម្លាប់​ចោល​ទាំង​ពូជ។​ លោក​ថ្លែង​ថា៖

«ពួក​គាត់​ហ្នឹង​ត្រូវ​បាន​គេ​ចាត់​គាត់ ពួកគាត់​ឲ្យ​រស់​នៅ​ដាច់​ពី​ខ្មែរ​យើង​ធម្មតា។​ គឺ​គេ​ចោទ​គាត់ហ្នឹង​ថា​ជា​អ្នក​ចូល​ដៃ​ជា​មួយ​យួន​ ហើយ​មាន​អ្នក​ខ្លះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សម្លាប់​ទាំង​ខ្សែៗ​តែ​ម្តង។​ ខ្មែរ​ក្រហម​ហ្នឹង​គាត់​សម្លាប់​ទាំង​ពូជៗ​ តែ​ម្តង​ ទាំង​ប្រពន្ធ​ ទាំង​កូន​អត់​ឲ្យ​សល់»។

លោក​ ឡាស​ អលសិន​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្ដី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា​ វិសាលភាព​នៃ​ការ​ស៊ើប​អង្កេត​អាស្រ័យ​ទៅ​តាមសំណើរ​របស់​សហ​ព្រះរាជអជ្ញា​ ហើយ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​អាច​ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​យោង​ទៅ​តាម​អ្វី​ដែល​មាន​នៅ​ក្នុង​សំណើរ​របស់​សហព្រះ​រាជអជ្ញា​នោះ​ដែរ។

យោងតាម​គេហទំព័រ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (Khmer Kampuchea Krom Federation)​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ​១៥០.០០០​ នាក់​បាន​ស្លាប់​ក្នុង​របបខ្មែរ​ក្រហម៕

XS
SM
MD
LG