ព័ត៌មានចុងក្រោយបំផុត៖
ស៊ីរី៖ ការប៉ះទង្គិចគ្នាមួយរវាងពួកទាហានរបស់រដ្ឋាភិបាលនិងពួកទាហានរត់ចោលជួរនាភាគខាងជើងនៃប្រទេសស៊ីរី (Syria) បានបណ្តាលឱ្យមានមនុស្សយ៉ាងតិចណាស់១៥នាក់ស្លាប់។ អង្គការអង្កេតការស៊ីរីដើម្បីសិទ្ធិមនុស្ស (Syrian Observatory for Human Rights) ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបាននិយាយថា ការប្រយុទ្ធគ្នានៅមុនពេលថ្ងៃរះនាថ្ងៃសៅរ៍នេះក្នុងក្រុងIdlib នៅជិតព្រំដែនជាមួយប្រទេសតួកគីបានបណ្តាលឱ្យទាហានរដ្ឋាភិបាល៧នាក់ ទាហានរត់ចោលជួរ៥នាក់ និងជនស៊ីវិល៣នាក់បានស្លាប់។
វ៉េណេស៊ុយអេឡា៖ លោកប្រធានាធិបតី ហ៊ុយហ្គោ ឆាវេស (Hugo Chavez) នៃប្រទេស វ៉េណេស៊ុយអេឡា (Venezuela) បានបើកសន្និសីទកំពូលនៃក្រុមមេដឹកនាំអាមេរិកទ្បាទីនចំនួន២ថ្ងៃ ដើម្បីសម្ពោធប្លុកតំបន់ថ្មីមួយដែលគ្មានវត្តមាន ស.រ.អ. និងប្រទេសកាណាដា។
បាគីស្ថាន៖ អគ្គមេបញ្ជាការនៃក្រុមយោធាបាគីស្ថាន (Pakistan) បានបញ្ជាដល់កងយោធារបស់ប្រទេសលោកឱ្យឆ្លើយតបជាបន្ទាន់ដល់ការឈ្លានពានណាមួយក្នុងពេលអនាគតនៅតាមព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថានដោយមិនចាំបាច់រង់ចាំបទបញ្ជាពីទីបញ្ជាការជាន់ខ្ពស់របស់ប្រទេសខ្លួនឡើយ។
អេហ្ស៊ីប៖ គណៈកម្មការរៀបចំការបោះឆ្នោតនៅក្នុងប្រទេសអេហ្ស៊ីប (Egypt) បាននិយាយថាមានមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មាន បានទៅបោះឆ្នោតនៅក្នុងសប្ដាហ៍នេះ ក្នុងការបោះឆ្នោតបឋម ដើម្បីជ្រើសរើសតំណាងរាស្រ្ដរបស់ខ្លួន ក្រោយពីមានបដិវត្ដន៍ក្នុងប្រទេសនោះមក។
អាមេរិក-អ៊ីស្រាអែល៖ លោករដ្ឋមន្ត្រីការពារជាតិជាន់ខ្ពស់របស់ស.រ.អ. លោក ឡេអូន ផានេតា (Neon Panetta) បានព្រមានប្រទេសអ៊ីស្រាអែល (Israel) ថាខ្លួន (អ៊ីស្រាអែល) មិនអាចនៅដាច់ឯកោពីបណ្តាលប្រទេសអារ៉ាប់ដែលនៅជិតខាងខ្លួនក្នុងភូមិភាគមជ្ឈឹមបូព៌ាថែមទៀតបានទេ។
អាមេរិក-ចិន៖ ក្រុមអ្នកជំនាញខាងត្រួតពិនិត្យអាវុធមានចម្ងល់មកលើការរកឃើញមួយដែលធ្វើឡើងដោយសាស្រ្ដាចារ្យនិងនិស្សិតនៅក្នុងស.រ.អ.ដែលបាននិយាយថាចំនួនឃ្លាំងអាវុធបរមាណូរបស់ប្រទេសចិនមានចំនួនច្រើនលើសពីការប៉ាន់ស្មានរបស់មន្ដ្រីផ្លូវការអាមេរិកំាង។
អាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានអំពាវនាវទៅកាន់សាធារណជនឲ្យជួយនិយាយពន្យល់ពួកអ្នកតំណាងរាស្រ្ដក្នុងរដ្ឋសភា សុំឲ្យមានការពន្យារពេលដល់ការកាត់ពន្ធលើប្រាក់ខែ ដើម្បីឲ្យពលរដ្ឋអាមេរិកំាងថ្នាក់មធ្យមម្នាក់ៗអាចសន្សំបានប្រាក់ប្រមាណ ១.០០០ ដុល្លារ ក្នុងមូយឆ្នាំ។ ការកាត់បន្ថយប្រាក់ពន្្ធដារត្រូវបានកំណត់ថានឹងអស់សុពលភាពនៅថ្ងៃទី៣១ ខែធ្នូនេះហើយ។
វិទ្យាសាស្ត្រ៖ ភពមួយដែលនៅដ៏សែនឆ្ងាយពីផែនដី បានត្រូវគេរកឃើញនៅក្នុងកញ្ចុំផ្កាយ របស់យើង តែវាអាចនឹងមើលមិនឃើញ បើគ្មានកិច្ចប្រឹងប្រែងរួមមួយរវាងទីកន្លែងសង្កេតមើលផ្កាយផ្សេងៗពីលើដីនិងលំហអាកាសជុំវិញពិភពលោក។
ព័ត៌មាននៅពេលមុននេះ៖
អឺរ៉ុប៖ អធិការបតីអាល្លឺម៉ង់អេងជេឡា មើកែលកំពុងអំពាវនាវឲ្យបង្កើតសហភាពសារពើពន្ធអឺរ៉ុបមួយ ដោយរឹតបន្តឹងការចំណាយដ៏ច្រើនដើម្បីដោះស្រាយវិបត្តិបំណុលរបស់ទ្វីបនោះ និងជួយសង្គ្រោះរូបីយប័ណ្ណយូរ៉ូរួម។
សហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ហ៊ីលឡារី គ្លីនតុន បានបញ្ចប់ដំណើរបំពេញទស្សនៈកិច្ចរយៈពេល៣ថ្ងៃនៅភូមា បន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំប្រជាធិបតេយ្យ លោកស្រីអូងសាន ស៊ូជី ហើយបានសន្យាថាសហរដ្ឋអាមេរិកនឹងប្រុងប្រៀបដើម្បីគាំទ្របន្ថែមទៀតដល់ការធ្វើកំណែទម្រង់តាមបែបប្រជាធិបតេយ្យ។
អេហ្ស៊ីប៖ មន្រ្តីអេហ្ស៊ីបនិយាយថាលទ្ធផលបោះឆ្នោតសភាជុំទីមួយនឹងត្រូវប្រកាសឲ្យដឹងនៅថ្ងៃសុក្រពេលល្ងាចម៉ោងនៅក្នុងស្រុក បន្ទាប់ពីការពន្យារពេលនៃការប្រកាសចំនួន២ដងនៅសប្តាហ៍នេះ។
ស៊ីរី៖ អង្គការសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិបានបោះឆ្នោតថ្កោលទោសស៊ីរីចំពោះការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរក្នុងអំឡុងពេលនៃការបង្ក្រាបរបស់ខ្លួនលើការប្រឆាំងតវ៉ា។
តួកគី៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន កំពុងដាក់សម្ពាធប្រទេសតួកគីឲ្យដាក់ទ័ណ្ឌកម្មថ្មីប្រឆាំងប្រទេសអ៊ីរ៉ង់ នៅខណៈនោះដែរ លោកបានថ្លែងសរសើររដ្ឋាភិបាលតួកគីចំពោះការដាក់សម្ពាធលើស៊ីរីឲ្យបញ្ឈប់ការបង្ក្រាប់ដ៏សាហាវលើពួកបាតុករ។
ប៉ាគីស្ថាន៖ មេដឹកនាំយោធាប៉ាគីស្ថានបានបញ្ជាឲ្យកងទ័ពប្រទេសរបស់លោកធ្វើការឆ្លើយតបភ្លាមៗដល់ការឈ្លានពានណាមួយនាពេលអនាគតនៅតាមបណ្តោយព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថានដោយមិនចាំបាច់រង់ចាំបញ្ជារពីទីបញ្ជាការជាន់ខ្ពស់ទេ។